អន្តរជាតិ
គីម ជុង​អ៊ុន​៖ គោលដៅ​របស់​កូរ៉េខាងជើង​គឺ​ពង្រឹង​អំណាច​យោធា​ឲ្យ​ស្មើ​អាមេរិក​
16, Sep 2017 , 8:59 pm        
រូបភាព
​កូរ៉េខាងជើង​បាន​បង្កើន​ល្បឿន​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ដោយ​មិន​ខ្វល់​ការដាក់ទណ្ឌកម្ម​របស់​អន្តរជាតិ និង​ក៏​ការព្រមាន​ធ្វើសង្គ្រាម​ពី​សំណាក់​អាមេរិក​ឡើយ​។ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និយាយថា គោលដៅ​ចុងក្រោយ​របស់​កូរ៉េខាងជើង គឺ​ការពង្រឹង​សមត្ថភាព​យោធា​ឲ្យ​ស្មើ​អាមេរិក ដែល​នេះ​ជា​ផ្លូវ​តែមួយគត់​ក្នុងការ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​អា​មេ​រិ​កបាន​។​



​ទន្ទឹមនឹង​ការ​ថ្កោលទោស រិះគន់ និង​ទណ្ឌកម្ម​របស់​អន្តរជាតិ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជាង​១០​ដង​ហើយ​ក្នុង​ឆ្នាំ​២០១៧ និង​ទើបតែ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កាលពីដើម​ខែកញ្ញា​នេះដែរ​។ ការប្រឹងប្រែង​អភិវឌ្ឍ​សព្វាវុធ​ឥតឈប់ឈរ​នេះ ត្រូវបាន​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន អះអាងថា ជា​គោលដៅ​ក្នុងការ​បង្កើន​ឥទ្ធិពល​កម្លាំង​ទ័ព​ឲ្យ​ស្មើ​កម្លាំង​ទ័ព​របស់​អាមេរិក ហើយ​ជា​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ផងដែរ​។​

​បើតាម​សារព័ត៌មាន RT មេដឹកនាំ​កូរ៉េខាងជើង​និយាយ​ដូចនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ការពារជាតិ​សំខាន់ៗ អំឡុងពេល​ការបាញ់​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ដែល​បាន​ហោះ​រំលង​ជប៉ុន​។ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា លោក គីម ជុង​អ៊ុន បញ្ជាក់ថា​៖ «​គោលដៅ​ចុងក្រោយ​របស់​យើង គឺ​ការកសាង​លំនឹង​យោធា​ពិតប្រាកដ​ជាមួយ​អាមេរិក និង​ធ្វើយ៉ាងណា​ឲ្យ​មេដឹកនាំ​អាមេរិក​មិន​ហ៊ាន​និយាយ​ពី​ជម្រើស​យោធា​ក្នុងការ​ដោះស្រាយ​បញ្ហា​»​។

​មេដឹកនាំ​វ័យក្មេង​រូបនេះ ក៏បាន​លើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​បង្កើនល្បឿន​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​ឲ្យ​ដល់​កម្រិត​ដែល​អាមេរិក​មិនអាច​តដៃ​បាន​។ លោក គីម ជុង​អ៊ុន សង្កត់ធ្ងន់ថា កូរ៉េខាងជើង​ត្រូវ​បង្ហាញ​អ្នកស្នេហាជាតិ​ជ្រុល​នៃ​មហាអំណាច​ទាំងនោះ​ពី​វិធីសាស្ត្រ​ដែល​កូរ៉េខាងជើង​ផលិត​នុយក្លេអ៊ែរ​បាន ទោះជា​ប្រទេស​ទាំងនោះ​ដាក់ទណ្ឌកម្ម និង​ការបិទ​ដង្ហើម​កូរ៉េខាងជើង​ឥតឈប់ឈរ​ក៏ដោយចុះ​។​

​ដោយសារតែ​ទង្វើ​គឃ្លើន​ម្ដង​ហើយ​ម្ដងទៀត​របស់​ក្រុង​ព្យុងយ៉ាង ក្រុង​វ៉ាស៊ីនតោន​បាន​គំរាម​ជាច្រើនលើក​ច្រើនសា​រហើយ ជាពិសេស​ថែមទាំង​ប្រកាស​ជម្រើស​យោធា​នៅតែ​ជា​មធ្យោបាយ​មួយ​ក្នុង​ការបញ្ចប់​វិបត្តិ​ឧបទ្វីប​កូរ៉េ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H.R. McMaster បាន​ព្រមាន​អ្នក​ដែល​គិតថា​ជម្រើស​យោធា​មិន​ស្ថិត​លើ​តុ​នោះ ដោយ​លោក​បាន​និយាយថា ជម្រើស​យោធា​មិនមែនជា​អ្វីដែល​អាមេរិក​ចង់បាន​ទេ តែ​អាមេរិក​អស់​ផ្លូវ​ទៅហើយ​។​

​យ៉ាងណាមិញ កូរ៉េខាងជើង​មិនដែល​ស្ដាប់​ពាក្យ​ព្រមាន​របស់​នរណា ហើយ​រឹតតែ​បន្តធ្វើ​សកម្មភាព​ផ្គើន​ដដែល​។ ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ផង​នោះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន​ដល់​ទៅ​ពីរដង ដែល​នាំ​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ចេញមុខ​ប្រកាសថា ជប៉ុន​លែង​អត់ទ្រាំ​ទង្វើ​ច្រំ​ដែល​របស់​កូរ៉េខាងជើង​ទៀតហើយ​។ ឯ​ក្រុមប្រឹក្សាសន្តិសុខ​វិញ​ក៏​ថ្កោលទោស​ខ្លាំងៗ និង​ចាត់ទុក​ការបាញ់​មី​ស៊ី​ល​នេះ​ជា​សកម្មភាព​បង្ករឿង​ធ្ងន់ធ្ងរ​ទៀតផង​៕ 


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com