កីឡាជាតិ
ជាតិ
យុវជនកម្ពុជា១៥រូបទទួលបានឱកាសទស្សនកិច្ច និងផ្លាស់ប្តូរជំនាញលេងបាល់ឱបនៅប្រទេសជប៉ុន
× ក្រុមយុវជនកម្ពុជាចំនួន១៥រូបទទួលបានឱកាសទៅចែករំលែកបទពិសោធ និងចំណេះដឹងពីការលេងបាល់ឱបជាមួយយុវជនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាននៅខេត្តស៊ីនហ្សឹអ៊ុកាប្រទេសជប៉ុន។ ក្រៅពីផ្លាស់ប្តូរចំណេះដឹងពីកីឡាបាល់ឱបដំណើរទស្សនកិច្ចក្រោមគម្រោង«ក្រុមយុវជនកីឡាបាល់ឱបបណ្តាប្រទេសអាស៊ាន-ជប៉ុន»យុវជនកម្ពុជានឹងទៅទស្សនាតំបន់ប្រវត្តិសាស្ត្រមួយចំនួននៅជប៉ុនផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថាទូតជប៉ុនកាលពីថ្ងៃទី៦ តុលា យុវជនកីឡាបាល់ឱបកម្ពុជាចំនួន១៥រូបទទួលបានឱកាសពីក្រសួងការបរទេសជប៉ុន ដើម្បីទៅចែករំលែកបទពិសោធទាក់ទងនឹងកីឡាបាល់ឱបជាមួយជប៉ុន និងយុវជនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើតនៅខេត្តស៊ីហ្សឹអ៊ុកាប្រទេសជប៉ុនចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
ក្រៅពីចែករំលែកបទពិសោធនិងផ្លាស់ប្តូរចំណេះដឹងពីកីឡាបាល់ឱបតាមរយៈកម្មវិធី«ក្រុមយុវជនកីឡាបាល់ឱបបណ្តាប្រទេសអាស៊ាន-ជប៉ុន»ដែលរៀបចំដោយក្រសួងការបរទេសជប៉ុន យុវជនកម្ពុជារួមទាំងយុវជនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់នឹងធ្វើដំណើរទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រមួយចំនួននៅប្រទេសជប៉ុនទៀតផង។
កម្មវិធី JENESYS 2017 នេះ ធ្វើឡើងដើម្បីជំរុញការយល់ដឹង និងសាងទំនាក់ទំនងរវាងប្រជាជនជប៉ុន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានរួមទាំងទីម័រខាងកើត។ ម្យ៉ាងទៀត ដើម្បីសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពឲ្យកាន់តែរឹងមាំទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា តាំងពីឆ្នាំ២០០៧មកដល់បច្ចុប្បន្នក្រសួងការបរទេសជប៉ុនបានផ្តល់ឱកាសឲ្យយុវជនកម្ពុជាប្រមាណជា២ពាន់នាក់ហើយ ដើម្បីទៅចែករំលែកបទពិសោធ និងចំណេះដឹងផ្សេងៗនៅប្រទេសជប៉ុនតាមរយៈកម្មវិធីខាងលើ៕
Tag:
បាល់ឱប
ជប៉ុន
យុវជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com