អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ទាញ​អាមេរិក​ចេញពី​«​អង្គការ​យូណេស្កូ​»​ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល​
13, Oct 2017 , 2:11 pm        
រូបភាព
​បន្ទាប់ពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ TPP លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដក​សមាជិក​ភាព​ខ្លួន​ចេញពី​អង្គការ​យូណេស្កូ​នៅ​សប្តាហ៍​នេះ​។ អាមេរិក​អះអាងថា ការសម្រេចចិត្ត​បែបនេះ​គឺ​ដោយសារ​ខ្លួន​ចង់​ឲ្យ​អង្គការ​នេះ​កែទម្រង់ និង​បញ្ឈប់​ការរើសអើង​ប្រឆាំង​អ៊ីស្រាអែល​ផង​។ ចំណែក​សម្ព័ន្ធមិត្ត​អាមេរិក អ៊ីស្រាអែល​ក៏​ប្រកាស​ដកខ្លួន​ដូចគ្នា​ក្នុង​សប្តាហ៍​នេះ​។​



​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ តុលា សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ប្រកាសថា ខ្លួន​សម្រេច​ដកខ្លួន​ចេញពី​អង្គការ​យូណេស្កូ​ហើយ​។ ការសម្រេច​បែបនេះ​ទំនងជា​អាមេរិក​ចង់​កាត់បន្ថយ​ការចំណាយ លើ​អង្គការ​នេះ​ផង និង​បំពេញចិត្ត​អ៊ីស្រាអែល​ព្រោះ​កន្លងមក​អ៊ីស្រាអែល​ចោទថា អង្គការ​នេះ​លម្អៀង​និង​ជា​ឧបករណ៍​នយោបាយ​ផង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ព្រហស្បតិ៍​«​ការសម្រេចចិត្ត​នេះ​មិនមែន​ធ្វើឡើង​ស្រេច​តែ​ចិត្ត​គ្មាន​ការគិតគូរ​ទេ ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្តីបារម្ភ​របស់​ចំពោះ​ការកើនឡើង​នៃ​ការចំណាយ​លើ​វិភាគទាន​នៅ​អង្គការ​យូណេស្កូ រួមជាមួយ​តម្រូវការ​ក្នុងការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​អង្គការ​នេះ និង​ការបន្ត​លម្អៀង​និង​ប្រឆាំង​អ៊ីស្រាអែល​ផងដែរ​»​។​

​ស្របពេល​ប្រកាស​ដកខ្លួន​ចេញពី​អង្គការ​យូណេស្កូ​ដែរនោះ សម្ព័ន្ធមិត្ត​អ៊ីស្រាអែល បាន​កោតសរសើរ និង​គាំទ្រ​ការសម្រេចចិត្ត​របស់លោក ដូ​ណា​ល់ ត្រាំ ពេញទំហឹង​។ អ៊ីស្រាអែល​ក៏​ទិតៀន​អង្គការ​យូណេស្កូ​បន្ថែម​ផង​ដែល​កន្លងមក​បន្ត​ភាពលម្អៀង និង​ថ្កោលទោស​ខ្លួន​កន្លងមក​។

​ការសម្រេចចិត្ត​ដើរចេញ​ពី​អង្គការ​ដែលមាន​សមាជិក ១៩៥ របស់​ក្រុង​វ៉ាស៊ីនតោន​នេះ មិនមែនជា​លើកទីមួយ​ឡើយ​។ កន្លងមក​អតីត​ប្រធានាធិបតី Ronald Reagan ក៍​បានសម្រេច​ដកខ្លួន​ចេញពី​អង្គការ​នេះ​ម្តង​ដែរ​នៅ​ឆ្នាំ ១៩៨៤ ដោយ​លើកឡើង​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​មិនបាន​ល្អ និង មាន​គោលនយោបាយ​ប្រឆាំង​អាមេរិក​។ 

​ក្រោយមក ប្រធានាធិបតី George W Bush បានសម្រេច​ត្រឡប់​ចូលរួម​ក្នុង​អង្គការ UNESCO នេះ​វិញ​នៅ​ឆ្នាំ ២០០២​។ រហូតដល់ ២០១១ ទំនាក់ទំនង​រវាង​អាមេរិក និង អង្គការ​នេះ​ល្អក់កករ​ជាថ្មី​ក្រោម​អាណត្តិ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បន្ទាប់ពី​សមាជិក​អង្គការ​នេះ​បោះឆ្នោត​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​អង្គការ​ពេញសិទ្ធិ​ផង​។

​ឆ្លើយតប​បញ្ហា​នេះ សហរដ្ឋអាមេរិក​សម្រេច​បញ្ឈប់​ការបង់​វិភាគទាន​ដល់​អង្គការ​នេះ ទាំង​ដែល​អាមេរិក    ផ្តល់​វិភាគទាន​រហូតដល់ ២០ ភាគរយ​នៃ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​អង្គការ​យូណេស្កូ​។ កន្លងមក សហរដ្ឋអាមេរិក​ជំទាស់​រាល់​ការទទួលស្គាល់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​ឯករាជ្យ ព្រោះ​មហាអំណាច​ជឿជាក់ថា វា​ចាំបាច់​ត្រូវមាន​ការចរចា​គ្នា​បញ្ចប់​ជម្លោះ​ជាមុនសិន​។ កន្លងមក រដ្ឋបាល​ដូ​ណា​ល់ ត្រាំ ធ្លាប់​សន្យា​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡិ​ម ថែមទៀត​ដើម្បី​បង្ហាញ​ពី​ការទទួលស្គាល់​របស់​អា​មេ​រិ​ក​ពី​ភាពស្របច្បាប់​នៃ​ការកាន់កាប់​ទឹកដី​ពិសិដ្ឋ​ហ្សេ​រ៊ុ​យ​ឡិ​ម​នេះ​។​

​បន្ត​មកដល់​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ទំនាក់ទំនង​រវាង​អាមេរិក និង​អង្គការ​យូណេស្កូ​ក៏​មិនល្អ​ប្រសើរ​ដែរ​។ ដូ​ណា​ល់ ត្រាំ បាន​ពិនិត្យឡើងវិញ​នូវ​សមាជិកភាព​អាមេរិក​ក្នុង​អង្គការ​អន្តរជាតិ​នានា ក៏ដូចជា​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែរ ដោយ​អនុវត្ត​គោលនយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ (America First Policy) ។ ណាមួយ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​កើតឡើង​នៅក្នុង​ខែកក្កដា ដោយសារ​មានការ​ចេញ​ដំណោះស្រាយ​មួយ​ប្រកាស​ដាក់​ទីក្រុង​បុរាណ Hebron នៅ​តំបន់ West Bank ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​រងគ្រោះថ្នាក់​។ 

​ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការសហប្រជាជាតិ ប្រមុខ​យូណេស្កូ និង​ប្រទេស​មហាអំណាច​ជា​សមាជិក​ដូចជា​បារាំង និង​រុស្ស៊ី​ផង​នោះបាន​បង្ហាញ​ការសោកស្តាយ​ខ្លាំង​ផងដែរ​។ ប៉ុន្តែ​ប្រមុខ​អង្គការ​យូណេស្កូ​ប្តេជ្ញាចិត្ត​ថា អង្គ​ការដែល​ផ្តោត​សំខាន់​លើ​ការអប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នេះ​នឹង​បន្ត​ភារកិច្ច​និង​កិច្ចការ​របស់ខ្លួន​ទៅមុខ ទោះ​គ្មាន​ការគាំទ្រ​ពី​អាមេរិក​ក្តី​។​

​ប្រធាន​អង្គការ​យូណេស្កូ Irina Bokova  បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន និង​ចាត់ទុកថា វា​ជាការ​បាត់បង់​យ៉ាង​ធំ​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​និយម​។​

«​នៅពេលដែល​ជម្លោះ​បន្ត​កើតឡើង​នឹង​បំផ្លិចបំផ្លាញ​ពិភពលោក វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​ដែល​សហរដ្ឋអាមេរិក​ដ​ក​ខ្លួន​ចេញពី​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដែល​ជួយ​លើកស្ទួយ​ការអប់រំ ដើម្បី​កសាង​សន្តិភាព និង​ការពារ​វប្បធម៌​ស្ថិតក្រោម​គ្រោះថ្នាក់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ស្ថាប័ន UNESCO៕


Tag:
 យូណេស្កូ​
  អ៊ីស្រាអែល​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com