អន្តរជាតិ
​កូរ៉េខាងជើង​ទទួលស្គាល់​ទឹកដី Crimea និង​កោះ Kuril ជា​របស់​រុស្ស៊ី​
14, Oct 2017 , 2:15 pm        
រូបភាព
​កូរ៉េខាងជើង​បញ្ចេញ​ផែនទី​ពិភពលោក​ថ្មី​មួយ​ដែលមាន​ការទទួលស្គាល់​ទឹកដី Crimea  និង​កោះ Kuril ជា​ទឹក​ស្របច្បាប់​របស់​រុស្ស៊ី​ផងដែរ​នៅ​សប្តាហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កូរ៉េខាងជើង​។



​ក្រសួងការបរទេស​កូរ៉េខាងជើង​បានបង្ហាញ​ជំហរ​មួយ​ជាក់លាក់​ដែល​ទទួលស្គាល់​ទឹកដី​ចម្រូងចម្រាស​មួយចំនួន​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ស្របច្បាប់​។ បើតាម​ស្ថានទូត​រុស្ស៊ី​ស្ថិតនៅ​ក្រុង​ព្យុងយ៉ាង ផែនទី​ថ្មី​របស់​កូរ៉េខាងជើង​មានកំណត់​ទឹកដី Crimea និង​កោះ Kuril ជា​ទឹកដី​ស្របច្បាប់​របស់​រុស្ស៊ី​ផងដែរ​។​

​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ស្រង់​សម្តី​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​ព្យុងយ៉ាង​ដូច្នេះ​ថា​៖« កូរ៉េខាងជើង​បាន​បញ្ចេ​ញ​ផែនទី​ពិភពលោក​ថ្មី​មួយ​។ យើង​កត់សម្គាល់ថា ទឹកដី​ឧបទ្វីប​កូរ៉េ​មាន​ពណ៌​ដូចគ្នា​ជាមួយ​ទឹកដី​រុស្ស៊ី​ដែរ​។ ដូចដែល​យើង​បាន​ពន្យល់​ក្នុង​ក្រសួងការបរទេស​កូរ៉េខាងជើង រដ្ឋាភិបាល​ប្រទេស​នេះ​គោរព​លទ្ធផល​ប្រជាមតិ​នៅ Crimea ដែល​ត្រឡប់មក​រួមរស់​ជាមួយ​រុស្ស៊ី​វិញ​»​។

«​កូរ៉េខាងជើង​ចាត់ទុក​វា​ជា​រឿង​ស្របច្បាប់ និង​ត្រឹមត្រូវ​តាមច្បាប់​អន្តរជាតិ និង​ទំនៀមទម្លាប់​អន្តរជាតិ​ផងដែរ​»​។​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កូរ៉េខាងជើង​។​

​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​នៅក្នុង​ឆ្នាំ ២០១៤ ក្រោយ​មាន​ប្រជាមតិ​មួយ​ដែល​ប្រជាជន​ក្នុង​តំបន់​ភាគច្រើន​ជ្រើស​រើសយក​ការ​ផ្តាច់ខ្លួន​ពី​អ៊ុយ​ក្រែ​ន​។ លោកខាងលិច​បាន​ថ្កោលទោស​រុស្ស៊ី និង​ចាត់ទុក​ប្រជាមតិ​នោះ​ជា​រឿង​មិន​ស្របច្បាប់ និង​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ​ផង​។ ឆ្លើយតប​បញ្ហា​នេះ រដ្ឋាភិបាល​លោកខាងលិច​អាមេរិក និង​អឺរ៉ុប​នាំគ្នា​ដាក់ទណ្ឌកម្ម​ច្រើន​ជំហាន​ប្រឆាំង​រុស្ស៊ី  និង​បន្ត​ចាត់ទុក​ទឹកដី Crimea ជា​ផ្នែក​មួយ​នៃ​អ៊ុយ​ក្រែ​ន​រហូតមក​៕


Tag:
 Crimea
  Kuril
  រុស្ស៊ី​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com