ជាតិ
របាយការណ៍​៖«​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដប់​ទទួល​ជំនួយ​អភិវឌ្ឍន៍​ពី​ចិន​ច្រើនជាងគេ​»
16, Oct 2017 , 2:06 pm        
រូបភាព
ដោយ: ថ្មីៗ
​របាយការណ៍​ថ្មី​មួយ​ស្តីពី​ជំនួយ​អភិវឌ្ឍន៍​បាន​បង្ហាញថា មហា​យក្ស​ចិន​បានផ្តល់​ជំនួយ​អភិវឌ្ឍន៍​ក្នុង​ទំហំ ៣៥៤,៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១៥ ឆ្នាំ ទៅ​ប្រទេស​ជាង​១០០ លើ​ពិភពលោក​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដប់ ដែល​ទទួល​ជំនួយ​អភិវឌ្ឍន៍​ពី​ចិន​ច្រើន​គេ​ផងដែរ ដែល​ជំនួយ​នោះ​មាន​ទំហំ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​



​របាយការណ៍​ថ្មី​មួយ​នៃ​ស្ថាប័ន​ស្រាវជ្រាវ AidData ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បង្ហាញថា ប្រទេស​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​ប្រាំបី ក្នុងចំណោម​ប្រទេស​ចំនួន​ដប់ ដែល​ទទួលបាន​ជំនួយ​អភិវឌ្ឍន៍​ពី​ចិន​ច្រើនជាងគេ ខណៈ​គុយបា​ស្ថិតក្នុង​លេខ​រៀង​ទីមួយ​ឯណោះ​។ កម្ពុជា​ទទួលបាន​ជំនួយ​សរុប ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ចន្លោះ​ពី​ឆ្នាំ  ២០០០ ដល់​ឆ្នាំ ២០១៤​។​

​បើតាម​របាយការណ៍រ​បស់​ស្ថាប័ន​ស្រាវជ្រាវ​ដដែល រដ្ឋាភិបាល​ចិន​នេះ​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ៣៥៤,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ពី​ឆ្នាំ ២០០០ ដល់ ២០១៤ ទៅកាន់​ប្រទេស ១៤០ ទូទាំង​ពិភពលោក​។

​ប្រទេស​ទាំង​ដប់​ដែល​ទទួល​ជំនួយ​ពី​ចិន​ច្រើនជាងគេ​មាន​ដូចខាងក្រោម​៖
១.​គុយបា ទទួលបាន​ជំនួយ ៦,៧​ពាន់​លាន​ដុល្លារ​អាមេរិក​

២.​កូ​ឌី​វ័រ បានទទួល​ជំនួយ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​

៣.​អេ​ត្យូ​ពី បានទទួល​ជំនួយ ៣,៧ ពាន់​លាន​ដុល្លារ​អាមេរិក​

៤.​ស៊ីម​បា​វ៉េ បានទទួល​ជំនួយ ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​

៥.​កា​មេ​រ៉ូ​ន បានទទួល​ជំនួយ ៣,៤ ពាន់​លាន​ដុល្លារ​អាមេរិក​

៦.​នី​ហ្សេ​រី​យ៉ា បានទទួល​ជំនួយ ៣,១ ពាន់​លាន​ដុល្លារ​អាមេរិក​

៧.​តង់​សានី បានទទួល​ជំនួយ ៣ ពាន់​លាន​ដុល្លារ​អាមេរិក​

៨.​កម្ពុជា បានទទួល​ជំនួយ ៣ ពាន់​លាន​ដុល្លារ​អាមេរិក​

៩.​ស្រីលង្ការ បានទទួល​ជំនួយ ២,៨ ពាន់​លាន​ដុល្លារ​អាមេរិក​

១០.​ហ្កា​ណា បានទទួល​ជំនួយ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក​៕


Tag:
 AidDat
  ជំនួយ​អភិវឌ្ឍន៍​
  ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com