អន្តរជាតិ
ហ្វីលីពីន​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ឡើយ ដរាបណា​គ្មាន​អាមេរិក​
16, Oct 2017 , 7:39 pm        
រូបភាព
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្វីលីពីន​បានបញ្ជាក់​ពី​ជំហរ​របស់​ហ្វីលីពីន​ជាថ្មី​ម្តងទៀត​នៅ​សប្តាហ៍​មុន​ពាក់ព័ន្ធ​ការឈាន​ទៅ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស «​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​» (Trans Pacific Partnership)​។ ហ្វីលីពីន​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ជាដាច់ខាត បើ​គ្មាន​អាមេរិក​នោះ​។



​ក្នុង​វេទិកា​ពិភាក្សា​រៀបចំឡើង​ដោ​យម​ជ្ឈ​ម​ណ្ឌ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ (CSIS) នា​ក្រុង​វ៉ាស៊ីនតោន​ចុង​សប្តាហ៍​មុន  លោក Carlos Sonny Dominguez រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្វីលីពីន​បានប្រកាសថា ហ្វីលីពីន​នឹងមិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នោះឡើយ​។

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Manila Bulletin លោក Carlos បាន​ពន្យល់ថា ហ្វីលីពីន​មិនអាច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះឡើយ ព្រោះ​វា​គ្មាន​ន័យ​ឡើយ​បើ​គ្មាន​អាមេរិក​ចូលរួម​នោះ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​៖« យើង​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង TPP ឡើយ​។ គ្មាន​អាមេរិក ខ្ញុំ​គិតថា វា​គ្មាន​ន័យ​ថា​អ្វី​ទេ​។ ដូច្នេះ​យើង​ត្រូវធ្វើ​អ្វី​ផ្សេង​វិញ​»​។

​យ៉ាងណាក៏ដោយ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​រូបនេះ​ហាក់បីដូចជា​ខុសពី​សម្តី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Ramon Lopez ដែល​បានបង្ហាញ​ចំណាប់អារម្មណ៍​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស​នេះ​កាលពី​ថ្មីៗ​កន្លងទៅ​។ លោក​បាន​អធិប្បាយ​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​លោក Hiroshige Seiko ថា កិច្ចព្រមព្រៀង​នេះ​នឹង​បើកចំហ​ទីផ្សា​ថ្មី​កាន់តែ​ធំ​សម្រាប់​ការនាំចេញ​ផលិតផល​ពី​ហ្វីលីពីន​ផង​។​

​តាមពិតទៅ អាមេរិក​ជា​សមាជិក​ដើម​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ និង​បាន​ចូលរួម​ចរចា​រហូតដល់​សម្រេច​បានជា​ផ្លូវការ​នៅ​ខែតុលា​ឆ្នាំ ២០១៥ ក្រោម​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ប៉ុន្តែ ថ្ងៃ ២៤ ខែមករា លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ភាគី​ចូលរួម​សរុប ១១​ទាំង​អាមេរិក​នោះ ត្រូវបាន​លោក ត្រាំ ពិពណ៌នា​ថា​ជា​កិច្ចព្រមព្រៀង​អាក្រក់ និង​ធ្វើ​ឲ្យ​អាមេរិក​ខាត​ប្រយោជន៍​ផង​។​

​សូមបញ្ជាក់ថា សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ទាំង ១២​នោះ​មានដូចជា កាណាដា​, ព្រុយ​ណេ​, ម៉ាឡេស៊ី​, ស៊ី​លី​, ម៉ិ​ក​ស៊ិ​ក​, នូ​វែ​ល​សេ​ឡង់​. ប៉េ​រូ​, ជប៉ុន​, សិង្ហ​បុរី​, វៀតណាម អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។ ក្រោយ​អាមេរិក​ចាក​ចេញទៅ សមាជិក​នៅ​សេសសល់​បាន​សន្យា​បន្តដំណើរ​ទៅមុខ និង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ​ផងដែរ​៕


Tag:
 ហ្វីលីពីន​
  TPP
  អាមេរិក​
  Carlos Sonny Dominguez
© រក្សាសិទ្ធិដោយ thmeythmey.com