អន្តរជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ UN ថា អាមេរិក​នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ប្រសើរ​ជាង​មុន
16, Oct 2017 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា ខ្លួន​អាច​បន្ត​នៅ​ជា​សមាជិក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដើម្បី​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ប្រសើរ​ជាង​មុន​។ ការបញ្ជាក់​នេះ កើតឡើង​ក្រោយពេល​លោក ដូ​ណា​ល់ ត្រាំ បដិសេធ​ទទួលស្គាល់ថា អ៊ីរ៉ង់​បាន​អនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​បាន​ពេញលេញ​ឡើយ​។​



​ក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ជួប​ជាមួយ​អ្នកកាសែត រៀបចំឡើង​ដោយសារ​ព័ត៌មាន NBC ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​បញ្ជាក់ថា គេ​អាច​នឹង​ឃើញ​អាមេរិក​នៅ​បន្ត​វត្តមាន​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដដែល​។

​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ខាងលើ​បានលើកឡើង​ដូច្នេះ​៖ «​ខ្ញុំ​គិតថា អ្នកនឹង​ឃើញ យើង​បន្ត​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​។ អ្វីដែល​យើង​សង្ឃឹម​គឺថា យើង​នឹង​អាចធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ល្អប្រសើរ​។ វា​ជា​គោលដៅ​របស់​យើង​»​។​

«​ដូច្នេះហើយ ខ្ញុំ​គិតថា បច្ចុប្បន្ន យើង​បន្ត​នៅ​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​វា​កាន់តែ​ល្អ​ជាង​មុន​។ វា​មិនមែន យើង​កំពុង​ចាក​ចេញពី​កិច្ចព្រមព្រៀង​ទេ​។ វា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានការណ៍​ល្អប្រសើរ ហើយ​ប្រជាជន​អាមេរិក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន​»​។ លោកស្រី Haley បន្ត​ដូច្នេះ​។

​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ទទួលស្គាល់ថា អ៊ីរ៉ង់​បាន​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បាន​ពេញលេញ​។ លោក​បាន​ឆ្លៀតឱកាស​ទិតៀន និង​ចោទប្រកាន់​អ៊ីរ៉ង់​រឿង​រំលោភ​កិច្ចព្រមព្រៀង​។ លោក ថែមទាំង​គំរាម​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះដែរ ក្នុងករណី​ដែល​លោក និង​សភា​អាមេរិក រួមទាំង​សម្ព័ន្ធមិត្ត​មិនអាច​រក​ចំណុច​រួមគ្នា​ឃើញ​ដើម្បី​កែ​កិច្ចព្រមព្រៀង​និង​ដាក់​លក្ខខណ្ឌ​ថ្មី​ព្រោះ​លោក​មានអំណាច​ពេញលេញ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​នោះ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ លោកស្រី​បាន​ពន្យល់​អ្នកសារព័ត៌មាន​ថា លោក ត្រាំ ព្យាយាម​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ប្រសើរ​ជាង​មុន និង​អាច​បញ្ឈប់​អ៊ីរ៉ង់​ពី​ការបង្ក​បញ្ហា​នៅក្នុង​តំបន់​ប៉ុណ្ណោះ​។ សម្រាប់​លោកស្រី អ៊ីរ៉ង់ មិនទាន់បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​ដែលមាន​ឡើយ ហើយ​អាមេរិក​ចង់ឃើញ​អ៊ីរ៉ង់​ទទួលខុសត្រូវ​ខ្លាំង​ជា​នេះ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​។​

​លោកស្រី​បន្ត​ដូច្នេះ​៖ អ្វីដែល​យើង​ព្យាយាម​និយាយ​គឺថា កិច្ចព្រមព្រៀង​នេះ​ជាការ​លើកទឹកចិត្ត​។ កិច្ចព្រមព្រៀង​នេះ​គឺ​តម្រូវ​ឲ្យ​អ្នក​បញ្ឈប់​ធ្វើ​រឿងរ៉ាវ​ជាក់លាក់​មួយចំនួន​។ អ្នក​មិនបាន​បញ្ឈប់​សកម្មភាព​ទាំង​នោះឡើយ​។ ដូច្នេះហើយ តើ​យើង​ត្រូវធ្វើ​អ្វី​ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​មានការ​ទទួលខុសត្រូវ​ច្រើនជាង​មុន​នោះ​?»

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មានឈ្មោះ​ផ្លូវការ​ថា ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួម (JCPOA) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ៊ីរ៉ង់ និង​មហាអំណាច​ប្រាំ បូក​អាល្លឺម៉ង់​នា​ឆ្នាំ ២០១៥​។ វា ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​មួយ​ដែល​រួមចំណែក​ក្នុងការ​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ជួយ​ពង្រឹង​ការទប់ស្កាត់​ការរីក​សាយភាយ​នុយក្លេអ៊ែរ​នៅ​ទូទាំង​ពិភពលោក​ផង​។ នៅក្រោម​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​សម្រេចចិត្ត​ផ្អាក​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​នឹង​ការលើកលែង ឬ​លុបចោល​ទណ្ឌកម្ម​របស់​អន្តរជាតិ​៕


Tag:
 UN
  កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com