អន្តរជាតិ
តៃវ៉ាន់ សុំ​ឲ្យ​ថៃ​លើកលែង​ទិដ្ឋាការ​ដើម្បី​បង្កើន​ភ្ញៀវទេសចរ​និង​វិនិយោគ​ខ្លួន​នៅ​ថៃ​
16, Oct 2017 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​ខ្លួន ដូចដែល​តៃវ៉ាន់ បានធ្វើ​ចំពោះ​ថៃ​ដែរ ។ សំណើ​នេះ​ធ្វើឡើង​ដោយ​តៃវ៉ាន់ មើលឃើញថា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក ជាពិសេស​នៅក្នុង​វិស័យ​ទេសចរណ៍​តែម្តង ។



«​ការលើកលែង​ទិ​ដ្ឋ​ការ នឹង​អាចជួយ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ធំៗ​របស់​តៃវ៉ាន់​ទៅកាន់​ប្រទេស​ថៃ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​បញ្ចុះបញ្ចូល​ថៃ​ឲ្យ​លើកលែង​ទិ​ដ្ឋ​ការ​ដល់​ពលរដ្ឋ​តៃវ៉ាន់ របស់លោក Chen-Yuan តំណាង​ការិយាល័យ​សេដ្ឋកិច្ច និង​វប្បធម៌​ក្រុង​តៃប៉ិ​ប្រចាំ​ក្រុង​បាងកក ។

​អ្នកតំណាង​កោះ​តៃវ៉ាន់ ក៏បាន​លើកឡើងថា វា​មាន​ភ្ញៀវទេសចរ​ដែលជា​ពលរ​ដ្ឋ​តៃវ៉ាន់​ជាង​៣០​ម៉ឺន​នាក់ បានមក​លេង​នៅ​ប្រទេស​ថៃ​នៅ​អំឡុង​ខែមករា​ដល់​ខែសីហា​ឆ្នាំនេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ដែល​បាន​ដកស្រង់​សម្តី​លោក Chen-Yuan ដែល​អះអាង​ទៀតថា ចំនួន​ទេសចរ​របស់​ពលរដ្ឋ​ខ្លួន​ទៅកាន់​ថៃ បាន​ធា្ល​ក់​ចុះ​បន្តិច បើ​ប្រៀបធៀប​ជាមួយនឹង​តួលេខ​នៅ​ឆ្នាំមុន ។​

​យ៉ាងណាក៏ដោយ អ្នកតំណាង​កោះ​តៃវ៉ាន់ ជឿជាក់ថា កំណើន​អ្នកទេសចរ​តៃវ៉ាន់​ទៅកាន់​ថៃ នឹង​កើត​ឡើងវិញ ប្រសិនបើ​ថៃ ព្រម​លើកលែង​ទិដ្ឋាការ​ឲ្យ​តៃវ៉ាន់​នោះ​។​

​លើសពីនេះទៅទៀត​នោះ តំណាង​តៃវ៉ាន់ ក៏​រំពឹង​ដែរ​ថា ការផ្តល់​លក្ខខណ្ឌ​ទិ​ដ្ឋ​ការ​បែបនេះ ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​វិនិយោគិន​តៃវ៉ាន់​ទៅ​វិនិយោគ​នៅ​ថៃ​កាន់តែច្រើន​ផងដែរ ដ្បិត​អ្នកវិនិយោគ​តៃវ៉ាន់​ដែលមាន​សក្តានុពល​ផ្នែក​បច្ចេកវិទ្យា​ខ្ពស់​លើ​វិស័យ​រោងចក្រ​ជាដើម​នោះ ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ខ្ពស់​ទៅកាន់​ថៃ​ហើយ​នោះ ។

​បើតាម​ការិយាល័យ​សេដ្ឋកិច្ច និង​វប្បធម៌​ក្រុង​តៃប៉ិ មាន​ប្រទេស​អាស៊ាន​ដូចជា​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូណេស៊ី កន្លងមក​បានផ្តល់​ការលើកលែង​ទិ​ដ្ឋ​ការ​សម្រាប់​តៃវ៉ាន់ ៕


Tag:
 តៃវ៉ាន់​
  ថៃ​
  Chen Yuan
© រក្សាសិទ្ធិដោយ thmeythmey.com