ជាតិ
ក្រុម​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ ចាយ​ជាង​១​លាន​ដុល្លារ​ទិញ​ឧបករណ៍​សំខាន់ៗ​បម្រើ​ឲ្យ​ការងារ​ជួសជុល​
17, Oct 2017 , 7:59 am        
រូបភាព
ដោយ:
​ក្រុមការងារ​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ ទើបតែ​បាន​នាំចូល​ឧបករណ៍​ពិសោធន៍​កម្រិត​រឹងមាំ​នៃ​ថ្ម Universal Testing Machine (UTM) ដើម្បី​បម្រើ​ដល់​ការងារ​ចាំបាច់​របស់ខ្លួន​។ ក្រៅពី​ឧបករណ៍​ពិសោធន៍​កម្រិត​រឹងមាំ​នៃ​ថ្ម (UTM)​នេះ ក្រុម​គម្រោង ក៏បាន​នាំចូល​ឧបករណ៍​សំខាន់​ជាច្រើន​មុខ ដូចជា​ម៉ាស៊ីន​កាត់​ថ្ម​, Microscope, និង​ឧបករណ៍​វាស់​កម្រិត​ទឹក​ក្រោម​ដី ដែលមាន​តម្លៃ​សរុប​ជាង​១​លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​សម្រាប់​ការងារ​ស្រាវជ្រាវ និង​ពិសោធន៍​សម្ភារ ដែល​ត្រូវ​ជួសជុល​ប្រាសាទ​។​



​ក្រុមការងារ​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ ដែលមាន​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​(KCHF) និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ​(KOICA) ទើបតែ​បាន​នាំចូល​ឧបករណ៍​ពិសោធន៍​កម្រិត​រឹងមាំ​នៃ​ថ្ម Universal Testing Machine (UTM) ដើម្បី​បម្រើ​ដល់​ការងារ​ចាំបាច់​របស់ខ្លួន​។ អ្នកគ្រប់គ្រង​គម្រោង​ជួសជុល​លោក Kim Jiseo បញ្ជាក់​នៅ​ថ្ងៃទី​១២ ខែតុលា​ថា ការ​នាំចូល​ឧបករណ៍​ពិសោធន៍​ថ្ម​មក​ក្នុង​គម្រោង​នេះ ដោយ​កម្ពុជា​មិនទាន់​ម៉ាស៊ីន​ប្រភេទ​នេះ ហើយ​កន្លងមក ក្រុម​គម្រោង​ផ្សេងៗ​តែង​យក​បំណែក​ថ្ម​ទៅ​ពិសោធន៍ នៅ​ប្រទេស​ផ្សេងៗ​ដូចជា ជប៉ុន ឬ​ថៃ​ជាដើម​។



​បើតាម លោក Kim Jiseo ការ​នាំចូល​ម៉ាស៊ីន​ប្រភេទ​នេះ​មក​កម្ពុជា នឹង​ជំរុញ​ឲ្យ​ការងារ​មានដំណើរ​ការ​លឿន និង​ងាយស្រួល ហើយ​ម៉ាស៊ីន​នេះ អាច​ឲ្យ​ក្រុមការងារ ដឹង​ពី​កម្រិត​រឹងមាំ​របស់​ថ្ម​ថា តើ​អាច​ប្រើប្រាស់​បានយូរ​ប៉ុណ្ណា​ទៀត​។ «​រាល់​ថ្ម​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​គម្រោង ទាំង​ថ្ម​ចាស់ និង​ថ្ម​ថ្មី​ដែល​ត្រូវ​ជំនួស គឺ​ត្រូវ​ឆ្លងកាត់​ពិសោធន៍​ពី​ម៉ា​ស៊ី​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកគ្រប់គ្រង​គម្រោង​ដដែល មុននឹង​បន្តថា​មកទល់នឹង​ពេលនេះ ក្រុម​គម្រោង​របស់ខ្លួន បាន​នាំចូល​ឧបករណ៍​សំខាន់​ជាច្រើន​មុខ ដូចជា ម៉ាស៊ីន​UTM, ម៉ាស៊ីន​កាត់​ថ្ម​, Microscope, និង​ឧបករណ៍​វាស់​កម្រិត​ទឹក​ក្រោម​ដី​ជាដើម ដែលមាន​តម្លៃ​សរុប​ជាង​១​លាន​ដុល្លារ ដែល​ឧបករណ៍​ទាំងនេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការងារ​ស្រាវជ្រាវ និង​ពិសោធន៍​សម្ភារ ដែល​ត្រូវ​ជួសជុល​ប្រាសាទ ដូចជា​ថ្មបាយក្រៀម ថ្មភក់ និង​លោហធាតុ​ផ្សេងៗ​។



​លោក​បញ្ជាក់​បន្ថែមថា មន្ត្រី​ជំនាញ​មកពី​ប្រទេស​កូរ៉េ នឹង​បណ្តុះបណ្តាល​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា នូវ​វិធី​ប្រើ​ម៉ា​ស៊ី​UTM​នេះ នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ ដើម្បី​ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួកគាត់​។​

​ការ​ក្រុម​ប្រាសាទព្រះពិធូរ បានចាប់ផ្តើម​ទៅលើ​រានហាល​នៃ​ប្រាសាទ​កោរសក់ ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា វិស្វកម្ម និង​ជំនាញ​ជួសជុល នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រា​៕










Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
 ​ ប្រាសាទ​ពិធូរ​
 ​ គីម ជី​ស៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com