អន្តរជាតិ
ក្រោយ​គេច​ពី​យោធា​មី​យ៉ាន់​ម៉ា ស្ត្រី​រ៉ូ​ហ៊ីង​យ៉ា​និង​កូនតូចៗ​បែរជា​ត្រូវ​សត្វ​ដំរីព្រៃ​សម្លាប់​នៅ​បង់​ក្លា​ដែ​ស
16, Oct 2017 , 6:09 pm        
រូបភាព
រូបតំណាង៖ ស្ត្រីរ៉ូហ៊ីងយ៉ា និងកូនស្ថិតនៅជំរំជនភៀសខ្លួនបង់ក្លាដែរ (រូបភាព៖ Xihua)
រូបតំណាង៖ ស្ត្រីរ៉ូហ៊ីងយ៉ា និងកូនស្ថិតនៅជំរំជនភៀសខ្លួនបង់ក្លាដែរ (រូបភាព៖ Xihua)
ដោយ:
​ស្ត្រី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​កូនៗ​បីនាក់ បាន​ស្លាប់​បាត់បង់​អាយុជីវិត ដោយ​វាយប្រហារ​ក្នុងពេល​ពួកគេ​កំពុង​សម្រាក​ក្នុង​ជំរំ​នៅ​បង់​ក្លា​ដែ​សនា​ថ្ងៃទី​១៤ តុលា​កន្លងទៅ​។  ពួកគេ​បានមក​ដល់​បង់​ក្លា​ដែ​ស​ក្រោយ​រត់គេចខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ Rakhine​។​



​លោក Mohammed Ali Kabir មន្ត្រី​ព្រៃឈើ​ស្រុក​នៃ​បង់​ក្លា​ដែ​ស នៅ​ថ្ងៃ​១៥ តុលា បាន​ឲ្យ​ដឹងថា មាន​ដំរីព្រៃ​មួយ​ហ្វូង បាន​ចូលទៅក្នុង​ជំរំ Balukhali នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយ​ហ្វូង​ដំរី​ទាំងនោះ បាន​បំផ្លាញ​ជំរំ​មួយចំនួន​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ថែមទាំង​វាយប្រហារ​ជនភៀសខ្លួន រហូតដល់​បាត់បង់​អាយុជីវិត​ទៀតផង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bangkok Post ។​

​ប្តី​ជនរងគ្រោះ​លោក Abu Bakar Siddique បាន​និយាយថា លោក​ប្រឈម​ការលំបាក​ណាស់​ទម្រាំ​តែ​បាន​រត់គេច​ផុតពី​មី​យ៉ាន់​ម៉ា​មកដល់​បង់​ក្លា​ដែ​ស និង​ស្វែងរក​ជំរំ​សម្រាប់​ស្នាក់នៅ ។ បុរស​នោះ​បន្តថា ចំណាយពេល​បួន​ថ្ងៃ​ឯណោះ​សម្រាប់​ការរត់​គេច​នេះ ។

​ជនភៀសខ្លួន​រូបនេះ​បាន​ពោល​ពី​ទុក្ខលំបាក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំ​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ដើម្បី​គេច​ពី​ការវាយប្រហារ​របស់​យោធា​។ ប៉ុន្តែ ដំរី បានសម្លាប់​ប្រពន្ធ និង​កូន​ខ្ញុំ​ហើយ​។ វា​ពិតជា​ឈឺចាប់​ណាស់​..»​។​

 បើតាម​របាយការណ៍​អង្គការសហប្រជាជាតិ ជនភៀសខ្លួន​មិនតិចជាង​៣០​ម៉ឺន​នាក់​ឡើយ ដែល​បាន​ចាកចេញ​ពីរ​ដ្ឋ Rakhine  ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​ការប៉ះទង្គិច​នៅ​ចុង​ខែសីហា​កន្លងទៅ ។ របាយការណ៍​ដដែល​ក៏បាន​អះអាង​ដែរ​ថា ជនភៀសខ្លួន​នៅតែ​បន្ត​ចាកចេញ បើទោះបីជា​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម បាន​ស្ងប់ស្ងាត់​ទៅហើយ​ក្តី ៕


Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com