អន្តរជាតិ
ទោះ​មាន​សម្ពាធ​ពី​ចិន តៃវ៉ាន់​នៅ​ប្រឹង​រក្សា​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ខ្លួន​ដែល​នៅ​សេសសល់​
17, Oct 2017 , 9:08 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​នៅ​ចុងខែ​នេះ ។ ទស្សនកិច្ច​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ចំណង​ជាមួយនឹង​ប្រទេស ដែល​នៅតែ​បន្ត​ទទួលស្គាល់​តៃវ៉ាន់ ជា​រដ្ឋ ឬ​ប្រទេស​ឯករាជ្យ ខណៈ​សម្ព័ន្ធមិត្ត​មួយចំនួន​បន្ត​ប្រកាស​ផ្តាច់​ការទូត​ជាមួយ​តៃវ៉ាន់​ហើយ​រត់​មករក​ចិន​វិញ ។​



​បើ​មិនមាន​ការប្រែប្រួល​នោះទេ លោកស្រី Tsai Ing-wen នឹង​ផ្តើម​ទស្សនកិច្ច​ផ្លូវ​ការដែល​នឹង​ចាប់​ពីថ្ងៃ​២៨ តុលា ដល់​ថ្ងៃ​៤ វិច្ឆិកា​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​ប៉ាស៊ីហ្វិក​ចំនួន រួមមាន កោះ​សាធារណរដ្ឋ​ម៉ា​ហ្សា​ល់ កោះ​សូ​ឡូ​មុន និង​កោះ​ទូ​វ៉ា​លូ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នា​ក់​ព័ត៌មាន AFP ។

​អនុរដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ លោក Francois Wu បាន​ឲ្យ​ដឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្រោយ​នៃ​ការឡើង​កាន់តំណែង​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី​នេះ លោកស្រី​ប្រធានាធិបតី នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​មិត្តភាព និង​ការតាំង​ចិត្ត​ដ៏​មុតមាំ​របស់​តៃវ៉ាន់​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ថែមទៀត​។

​សូម​ជម្រាប​ផងដែរ​ថា ក្រោយ​នៃ​ការឡើង​កាន់តំណែង​រប​ស់លោក​ស្រី​ប្រធានាធិបតី​តៃវ៉ាន់ ដែលមាន​ទំនោរ​ទៅរក​ការប្រកាស​ឯករាជ្យ និង​បដិសេធ គោលនយោបាយ​ចិន​តែមួយ ចិន ត្រូវបាន​មាន​ឃើញថា មាន​សកម្មភាព​ច្រើន​ទាំង​ផ្នែក​យោធា និង​ការទូត​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​តៃវ៉ាន់ ។ ជាក់ស្តែង​នោះ មាន​ប្រទេស​មួយចំនួន បានប្រកាស​ផ្តាច់​ការទូត​ជាមួយនឹង​តៃវ៉ាន់ ដែល​បាន​បង្កើត​ជាច្រើន​ឆ្នាំ​ហើយ​នោះ ។

​មកទល់ពេលនេះ មាន​រដ្ឋ​ឬ​ប្រទេសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅតែ​បន្ត​ទទួលស្គាល់​តៃវ៉ាន់ ជា​រដ្ឋ​ឯករាជ្យ ដោយ​ក្នុងចំណោម​នោះ​ភាគច្រើន​ជា​ប្រទេស​តូចៗ​និង​កោះ​ប៉ាស៊ីហ្វិក​។


Tag:
 ចិន​
  តៃវ៉ាន់​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com