អន្តរជាតិ
យុវជន​រុស្ស៊ី​ម្នាក់​ឡើងលើ​វេទិកា​យុវជន​ពិភពលោក​ដើម្បី​សុំ​មិត្តស្រី​រៀបការ​
17, Oct 2017 , 10:38 am        
រូបភាព
ដោយ: ធីតា
​ស្នេហា​មិនអាច​មាន​អ្វី​មករា​រាំង​បានឡើយ​។ នា​ពិធី​បើក​ទិវា​យុវជន និង​និស្សិត​ពិភពលោក (World Festival of Youth and Students) លើក​ទី​១៩ នៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី យុវជន​ម្នាក់ បាន​រត់​ឡើងលើ​វេទិកា ហើយ​ប្រកាស​សុំ​មិត្តស្រី​របស់ខ្លួន​រៀបការ បន្ទាប់ពី​នាង​ធ្លាប់បាន​បដិសេធ​ពី​រលើ​កន្លងមក​។​



​យុវជន​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ឈុត​ពណ៌​ក្រហម បាន​រត់​ឡើងលើ​វេទិកា ហើយ​សំណូមពរ​ដល់​អ្នកសម្របសម្រួល​កម្មវិធី​បើក​ទិវា​យុវជន​ពិភពលោក ផ្តល់​ពេលវេលា​បន្តិចបន្តួច​ដល់​ខ្លួន​។ ដោយ​មិន​បង្អង់​យូរ យុវជន​រូបនោះ បានប្រកាស​តាម​ឧ​ឃោស​នស​ព្ទ​ថា​៖ «​ខ្ញុំ​ឈ្មោះ Vladikavkaz​។ មិត្តស្រី​របស់ខ្ញុំ គឺ Kristina ដែល​ខ្ញុំ​បាន​សុំ​រៀប​អាពាហ៍ពិពាហ៍​២​ដង​រួចទៅហើយ​»​។

Vladikavkaz បាន​បន្ត​ស្រែក​សួររក​មិត្តស្រី​របស់ខ្លួន ដោយ​ជឿជាក់ថា នាង​ស្ថិតនៅ​ផ្នែក​ណាមួយ​នៃ​សាល​រៀបចំ​ពិធី​។ យុវជន​ក្លាហាន​រូបនេះ និយាយថា​៖ «​ឃើញ​ទេ Kristina បង​នៅទីនេះ អូន​មើលឃើញ​ហើយ​ថា បងអាច​ធ្វើបាន​»​។​

​កាមេរ៉ា បាន​ស្វែងរក Kristina រហូតដល់​ឃើញ ហើយ​បុគ្គលិក​រៀបចំ​កម្មវិធី​ម្នាក់​បាន​ដឹក​ដៃ​នាង​ឡើង​ទៅលើ​ឆាក ខណៈ Vladikavkaz ស្រែកច្រៀង ដោយមាន​សំឡេង​អបអរសាទរ​។ បន្ទាប់ពី​ចាប់ដៃ​មិត្តស្រី​រួច Vladikavkaz បាន​លុតជង្គង់ ហើយ​បញ្ចេញ​ចិញ្ចៀន​ដើម្បី​សុំ​នាង​រៀបការ​ជា​លើក​ទី​៣​។ ទីបំផុត បុរស​ដ៏​ក្លាហាន​ទទួលបាន​ចម្លើយ​យល់ព្រម​ពី​ស្រី​ស្អាត​សំណព្វចិត្ត​របស់ខ្លួន ក្រោម​សំឡេង​ហ៊ោ​រក​ញ្ចៀ​វ​យ៉ាង​កងរំពង​។​

​រុស្ស៊ី ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ទិវា​យុវជន និង​និស្សិត​ពិភពលោក (World Festival of Youth and Students) លើក​ទី​១៩ នៅក្នុង​ទីក្រុង Sochi ដោយមាន​ការចូលរួម​បើក​កម្មវិធី​ពី​សំណាក់​លោក​ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃអាទិត្យ​។

​យោងតាម​ការផ្សាយ​រប​ស់ Sputnik កម្មវិធី​យុវជន ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់​លើក​ទី​បី​នេះ មាន​អ្នកចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់ មកពី​ជាង​១៨០​ប្រទេស​លើ​ពិភពលោក​។ កម្មវិធី​នេះ បញ្ចប់​នៅ​ថ្ងៃទី​២២ ខែតុលា​៕




Tag:
 យុវជន​
  រៀបការ
© រក្សាសិទ្ធិដោយ thmeythmey.com