អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក សរសើរ​ឥណ្ឌា តែ​ចោទថា​ចិន​កំរាម​កំហែង​សណ្តាប់ធ្នាប់​ពិភពលោក​
19, Oct 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​សង្ឃឹមថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាមេរិក​និង​ឥណ្ឌា​នឹង​កាន់តែ​រឹងមាំ​សករាជ​ថ្មី​នៅពេល​អនាគត​ខាងមុខ ទាំង​យោធា សេដ្ឋកិច្ច ការទូត​និង​នយោបាយ​។ ពេល​សរសើរ​ឥណ្ឌា ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បែរជា​ចោទថា មហា​យក្ស​ចិន​ព្យាយាម​បង្ក​ផលប៉ះពាល់​សណ្តាប់ធ្នាប់​ពិភពលោក​កន្លងមក​ដែរ​។



​ក្នុង​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង​អាមេរិក​និង​ឥណ្ឌា​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន បាន​ឆ្លៀតឱកាស​លើកសរសើរ​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ឥណ្ឌា​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​លោក ធី​ល័​រ​សិន បាន​សង្កត់ធ្ងន់​ក្នុង​សុន្ទរកថា​ខ្លួន​ថា អាមេរិក​និង​ឥណ្ឌា​នឹង​ឈានទៅ​ប​ង្កើ​សតវត្ស​ថ្មី​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​បន្ត​ពង្រឹង​សម្ព័ន្ធភាព​ទ្វេភាគី​លើ​វិស័យ​យោធា ការទូត នយោបាយ និង​សេដ្ឋកិច្ច​។ វា​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការរក្សាសន្តិសុខ សន្តិភាព និង​ធានា​ការលូតលាស់​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែរ​។

«​អាមេរិក និង​ឥណ្ឌា​កំពុង​ពង្រឹង​ភាពជា​ដៃគូ​លើ​ឆាក​អន្តរជាតិ ដោយមាន​ការកើនឡើង​នៃ​យុទ្ធសាស្ត្រ​រួមគ្នា​ផងដែរ​។ ទាំង​ឥណ្ឌា និង​អាមេរិក​មិន​ត្រឹមតែ​ចែករម្លែក​ប្រជាធិបតេយ្យ​ឡើយ យើង​ចែករម្លែក​ទស្សនវិស័យ​សម្រាប់​អនាគត ក្នុងពេល ១០០​ឆ្នាំ​ខាងមុខ​»​។

​លោក ធី​ល័​រ​សិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការទូត​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​នោះដែរ​។​

​យ៉ាងណាមិញ ក្រៅពី​សរសើរ និង​រំពឹង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ឥណ្ឌា ប្រមុខ​ការទូត​អាមេរិក​រូបនេះ​យក​វេទិកា​ខាងលើ​ទិតៀន និង​ចោទប្រកាន់​ចិន​ដែលជា​មហាអំណាច​ទើប​ត្រដែត​ថ្មី​ដែរ​។

​លោក ធី​ល័​រ​សិន ថ្លែង​ពេញមាត់​ថា ឥណ្ឌា​ល្អ​ជាង​ចិន ព្រោះ​ក្នុងនាម​ជា​មហាអំណាច ចិន​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ច្បាប់ និង​ទំនៀប​ទម្លាប់​អន្តរជាតិ រួមទាំង​គំរាមកំហែង​សណ្តាប់ធ្នាប់​ពិភពលោក​ផង​។​

«​ចំណែក ចិន​មិនសូវមាន​ការទទួលខុសត្រូវ​ប៉ុន្មាន​ឡើយ ផ្ទុយទៅវិញ​ប្រទេស​នេះ​បាន​ព្យាយាម​គំរាមកំហែង​សណ្តាប់ធ្នាប់​អន្តរជាតិ  ខណៈដែល​ខ្លួន​រះ​ត្រដែត​ឡើង​ជាមួយ​ឥណ្ឌា​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធី​ល័​រ​សិន​។

​លោក​បន្ថែមថា​៖«​សកម្មភាព​បង្ករឿង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ច្បាប់ និង​ទំនៀមទម្លាប់​អន្តរជាតិ ដែលជា​ចំណុច​មហាអំណាច​ទាំងពីរ​អាមេរិក និង​ឥណ្ឌា​ព្យាយាម​ការពារ​នោះ​»​។​

​ការលើកឡើង​ពី​អនាគត​នៃ​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ឥណ្ឌា ជា​សញ្ញា​អវិជ្ជមាន​មួយ​សម្រាប់​មហា​យក្ស​ចិន​ផង​។ ក្រៅពី​មាន​ជម្លោះព្រំដែន​ជាមួយ​ចិន​រាប់​ទសវត្ស​ន៍​មក​នោះ  ឥណ្ឌា​ក៏​បន្ត​គាំទ្រ​ជំហរ​អាមេរិក​ក្នុងការ​ពង្រឹង​តួនាទី​របស់ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ការពារ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​ផងដែរ​៕


Tag:
 ​រិច ធី​ល័​រ​សិន​
  ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com