អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​របប​សឹក​ថៃ ព្រមាន​ចាត់​វិធាន​តឹងរ៉ឹង​ប្រឆាំង​អ្នក​រិះគន់​រដ្ឋាភិបាល​តា​ម​អ៊ីនធឺណិត​គ្មាន​ហេតុផល​
23, Nov 2017 , 8:59 am        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពី​វិធានការ​តឹងរ៉ឹង​អនុវត្ត​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​តា​ម​ប្រព័ន្ធ​អន​ឡាញ​ដែល​ខុស​ការពិត ។ លោក​បាន​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ​តាមដាន​ពី​ការអត្ថាធិប្បាយ​នានា​របស់​អ្នក​រិះគន់​ដើម្បី​ចាត់​វិធាន និង​អនុវត្ត​ច្បាប់​ដែល​រួមមាន​ទាំង​ទោសពិន័យ និង​ពន្ធនាគារ ។

 


​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​២១ វិច្ឆិកា បាន​ព្រមាន​អ្នក​រិះគន់​រដ្ឋាភិបាល​តា​ម​បណ្តាញ​អ៊ីនធឺណិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្តិច នៅពេលដែល​ពួកគេ​និយាយ​ពី​ការអនុវត្ត​សកម្មភាព​នយោបាយ​រប​ស់​រដ្ឋាភិបាល ។ លោក​ក៏បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​តាមដាន​អ្នក​អត្ថាធិប្បាយ​ទាំងនោះ រួមទាំង​អនុវត្ត​ច្បាប់​ប្រឆាំង​ពួកគេ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation ។

​លោកនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សេចក្តីព្រាងច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​បានអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល ពិន័យ​ជន​ទាំងឡាយណា​ដែល​ផ្តល់ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ថែមទាំង​អាច​បិទ​គេហទំព័រ​ណា​ដែល​បំពាន​ច្បាប់​ទៀតផង ។ ជនល្មើស ក៏ត្រូវ​ប្រឈម​ការពិន័យ​ជា​ទឹកប្រាក់​ពី ២​ម៉ឺន​បាត​ដល់​២០​ម៉ឺន​បាត ឬ​ជាប់ទោស​ពន្ធនាគារ​ចាប់ពី​១០​ឆ្នាំ​ផងដែរ ។

​ប្រមុខ​របប​សឹក​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​មានការ​ផ្តល់ព័ត៌មាន និង​ការអធិប្បាយ​មិន​ពិត​គ្រប់​ទីកន្លែង ហើយ​បុគ្គល​មិនល្អ​មួយចំនួន​នោះ​ស័ក្តិសម​នឹង​ទទួល​ការពិន័យ​ណាស់​»​។ ការព្រមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ធ្វើឡើង​ក្រោយពី​មានការ​រិះគន់​ខ្លាំង​លើ​រដ្ឋាភិបាល បន្ទាប់ពី​លោក ប្រា​យុទ្ធ បានប្រកាស​រុះរើ​គណៈរដ្ឋមន្ត្រី ។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Sansern Kaewkamnerd បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​គ្រប់​ភ្នាក់ងារ​រដ្ឋាភិបាល​ទាំងអស់​ដំណើរការ​នីតិវិធី ប្រសិនបើ​រកឃើញ​សារ​ណាមួយ​នៅតាម​បណ្តាញ​សង្គម ដែល​ហួស​ពី​សិទ្ធិ​របស់​ពួកគេ និង​វាយប្រហារ​មកលើ​រដ្ឋាភិបាល​។ នេះ​មានន័យថា ការរិះគន់​ទាំងឡាយណា ដែល​បំប៉ោង និង​បំផ្លើស​មាន​ចរិត​នយោបាយ ។

​គួរ​រម្លឹក​ផងដែរ ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ ក្រោយពី​លោក បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤ ។ បន្ទាប់ពី​កាន់តំណែង​កំពូល​នេះ លោកនាយក​រដ្ឋមន្ត្រី ហាក់​អនុវត្ត​គោលនយោបាយ​រឹតបន្តឹង​សិទ្ធិ​បញ្ចេញមតិ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​លោក រួមទាំង​ហាម​ការប្រមូលផ្តុំ​តាម​ទីសាធារណៈ​ផងដែរ ៕

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com