អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តំណាង​បក្ស​កុម្មុយនីស្ត​ចិន​៖ «​ចិន​មានបំណង​ចង់​ផ្សាភ្ជាប់​អនាគត​រួមជាមួយ​ប្រទេស​មេគង្គ​»
22, Dec 2017 , 9:43 am        
រូបភាព
ប៉េកាំង​៖ ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​ពី​តំបន់​មេគង្គ​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែធ្នូ ប្រធាន​នាយកដ្ឋាន​ឃោសនាការ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​បាន​ថ្លែងថា ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុងការ​ផ្សាភ្ជាប់​អនាគត​របស់ខ្លួន​ជាមួយ​ប្រទេស​មេគង្គ​ទាំង​ប្រាំ​តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​យន្តការ​មេគង្គ​ឡាន​ឆាង​។


 
​លោក Huang Kunming សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​មកពី​ប្រទេស​មេគង្គ​ជាង​៥០​នាក់​នៅ​ថ្ងៃ ២១ ខែធ្នូ នៅ​វិមាន​ប្រជាជន​ចិន​។ ក្នុងជំនួប​នោះ​លោក​បញ្ជាក់​ច្បាស់​ថា ចិន​មានបំណង​ភ្ជាប់​ការអភិវឌ្ឍ​របស់ខ្លួន​ជាមួយ​ប្រទេស​ទាំង​ប្រាំ​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​។​
 
​លោក​រម្លឹក​ផងដែរ​ថា​ប្រទេស​ចិន​សុទ្ធ​តែមាន​ទំនាក់ទំនង​យូរអង្វែង និង​ស៊ីជម្រៅ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​បណ្តា​ប្រទេស​ទាំង​ប្រាំ​នៅ​តំបន់​មេគង្គ​។ ដូច្នេះហើយ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការពង្រឹង​និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រួមគ្នា​នេះ​។​
 
 «​ចិន និង​ប្រទេស​មេគង្គ​ទាំង​ប្រាំ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​។ យើង​មាន​ចំណង​ទំនាក់ទំនង​ប្រពៃណី​រួមគ្នា​តាំងពី​យូរ​មកហើយ ហើយ​ចិន​ក៏បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ទាំងអស់​រួចហើយ​ដែរ​ទាំង​លើ​វិស័យ​នយោបាយ ឬ​សេដ្ឋកិច្ច​ក្តី​»​។ នេះ​ជាការ​លើកឡើង​របស់លោក Huang Kunming​។​
 
​លោក Huang Kunming ដែលជា​ប្រធាន​នាយកដ្ឋាន​ឃោសនាការ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ គូសបញ្ជាក់ថា ការភ្ជាប់​ការអភិវឌ្ឍ គឺជា​ការភ្ជាប់​អនាគត​របស់​ចិន ជា​អនាគត​ប្រទេស​ផ្សេង ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែរ​។​
 
​ជំនួប​រវាង​តំណាង​បក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​បណ្តា​អ្នកសារព័ត៌មាន​មកពី​តំបន់​មេគង្គ​នេះ​កើតឡើង​ក្រោយ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សារព័ត៌មាន​មេគង្គ​-​ឡាន​ឆាង​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​កាសែត​ចិន People’s Daily នៅ​ក្រុង​ប៉េកាំង​។​
 
​លោក Huang Kunming ក៏បាន​អបអរសាទរ​ការបិទ​បញ្ចប់​ដោយ​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ដែលមាន​តំណាង​ស្ថាប័ន​ព័ត៌មាន​ជាង ២០ មកពី​ទូទាំងប្រទេស​មេគង្គ​ឡាន​ឆាង​ទាំង​ប្រាំមួយ​ចូលរួម​នេះដែរ​។ សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​រូបនេះ​ក៏​ប្រកាស​គាំទ្រ​កាសែត People’s Daily រៀបចំ​ជំនួប​កំពូល​កិច្ចសហប្រតិបត្តិការ​សារព័ត៌មាន​មេគង្គ​-​ឡាន​ឆាង​តទៅ​អនាគត​ទៀត​ដែរ​។​
 
​លោក​និយាយ​ដូច្នេះ​៖«​កាសែត People’s Daily ជា​កាសែត​មាន​ឥទ្ធិពល​បំផុត និង​មាន​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​ច្រើនជាងគេ​ក្នុងប្រទេស​ចិន​។ ដូច្នេះហើយ​រដ្ឋាភិបាល​និង​បក្ស​កុម្មុយនីស្ត​ចិន​នឹង​បន្ត​ការគាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​មេគង្គ​នេះ​ត​ទៅមុខទៀត​»៕
 
 
 

Tag:
 ចិន
  បក្សកុម្មុយនីស្ត
  មេគង្គ-ឡានឆាង
© រក្សាសិទ្ធិដោយ thmeythmey.com