ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​វៀតណាម ចែករំលែក​យុទ្ធសាស្ត្រ​ប្រឆាំង​បដិវត្តន៍​ពណ៌​
22, Dec 2017 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​វៀតណាម​ជួយ​ចែករំលែក​បទពិសោធន៍​ប្រយុទ្ធ​ប្រឆាំងនឹង​បដិវត្តន៍​ពណ៌​។ ការស្នើ​របស់​សម្ដេច​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក ង្វៀន ជី​វិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម កាលពី​ថ្ងៃទី​២១ ធ្នូ​។​



​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​សម្តេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​លោក Nguyen Chivinh ជួយ​ពង្រឹង​កិច្ច​សហការគ្នា រវាង​ក្រសួងការពារជាតិ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ។ ជាពិសេស​ការចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុងការ​ផ្តល់ព័ត៌មាន​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​បដិវត្តន៍​ពណ៌​។

​បន្ថែម​ពីនេះ​សម្ដេច ស្នើ​ឲ្យ​វៀតណាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជួយសង្គ្រោះ​ប្រជាជន​តាម​ព្រំដែន នៅពេល​ដែលមាន​គ្រោះមហន្តរាយ​ផ្សេងៗ​កើតឡើង​ផងដែរ​។ បើតាម​សម្ដេច ហ៊ុន សែន ការងារ​ដែល​ភាគី​ទាំងពីរ​ត្រូវអនុវត្ត​នោះ គឺ​ការជួយ​សង្គ្រោះ​នៅតាម​ព្រំដែន ក្នុងករណី​មាន​ទឹកជំនន់ បាក់​ច្រាំង ខ្យល់ព្យុះ និង​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។

​ជាការ​ឆ្លើយតប​លោក Nguyen Chivinh បាន​និយាយថា លោក​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លើ​បញ្ហា​មួយចំនួន ទាក់ទង​វិស័យ​ការពារជាតិ​នេះ​។ បើតាម​លោក Nguyen Chivinh ចំណុច​អទិភាព​ដែល​លោក ពិភាក្សា​ជាមួយ​សម្ដេច ទៀ បាញ់ នោះ គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, កិច្ចសហប្រតិបត្តិការ​វិស័យ​យោធា​, ការចែករំលែក​បទពិសោធ​ន៍ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​បដិវត្តន៍​ពណ៌​, កិច្ចសហប្រតិបត្តិការ​ល្បាត​លើ​ដែនសមុទ្រ​, កិច្ចសហប្រតិបត្តិការ​លើ​ការការពារ​នៅតាម​ព្រំដែន​ជាដើម​។ ជាពិសេស​កិច្ច​សហ​ប្រប​តិ​ប​ត្តិ​កា​រលើ​វិស័យ​វប្ប​ធ​ម៍ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​៤ ដូចជា កម្ពុជា ឡាវ វៀតណាម និង​ប្រទេស​ចិន​អោយ​កាន់តែ​ស្អិតរ​មួ​ត​និង​មាន​ប្រ​សិ​ទ្ឋ​ភាព​។​

​ទាក់ទង​នឹង​បញ្ហា​បដិវត្ត​ព័ណ៌​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន ធ្លាប់​លើកឡើង​ជារឿយៗ​ថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​មិន​ឲ្យ​កើត​មាននៅ​កម្ពុជា​ឡើយ ខណៈ​បណ្ដា​ប្រទេស​មួយចំនួន កំពុង​ស្ថិតនៅ​ភាពអន្ធកា​ល​នៃ​ភាព​បដិវត្ត​ទាំងនេះ​។ សម្រាប់​អ្នកវិភាគ ធ្លាប់​បកស្រាយ​កន្លងមក​ថា បើទោះជា​កម្ពុជា កំពុង​កើតមាន​ភាព​តានតឹង​នយោបាយ​ក្តី ប៉ុន្តែ​លទ្ធភាព​នៃ​បដិវត្ត​ព័ណ៌​នោះ ទំនងជា​មិនអាច​កើតមាន​ឡើយ ។ នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​មាន​កងកម្លាំង​ស្មោះស្ម័គ្រ​គ្រប់គ្រាន់ ក្នុងការ​ទប់ស្កាត់​នូវ​អំពើ​ទាំងឡាយ ដែល​សង្ស័យថា បដិវត្ត​ព័ណ៌​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com