អន្តរជាតិ
ទោះ​ត្រាំ​គំរាម​ផ្តាច់ជំនួយ​ក្តី ប្រទេស​១២៨​ថ្កោលទោស​អាមេរិក​ដែល​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​
22, Dec 2017 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ជា​ឯក​ច្ឆ័​ន​ដែល​ថ្កោលទោស​សហរដ្ឋអាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​កន្លងមក​។  ការបោះឆ្នោត​តប​តាម​ការទទូច​សុំ​របស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​នេះ​នៅតែ​អាច​សម្រេចបាន ទោះ​ក្រុង​វ៉ាស៊ីនតោន​គំរាម​ផ្តាច់ជំនួយ​ប្រទេស​ដែល​ហ៊ាន​ប្រឆាំង​ខ្លួន​ក្តី​។​



​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែធ្នូ ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន ១២៨ បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែល​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ ប្រទេស​ទាំងនេះ​មិនបាន​ខ្វល់​នឹង​ការគំរាមកំហែង​របស់​អាមេរិក​ថា​ផ្តាច់ជំនួយ​គាំទ្រ​ពួកគេ​លើ​យ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រទេស​ចំនួន​ប្រាំបួន​មាន​អាមេរិក និង​អ៊ីស្រាអែល​ផង​នោះបាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ ខណៈ​ប្រទេស​៣៥​នាំគ្នា​បោះ​អនុប្បវាទ​ក្នុងនោះ​មាន​សម្ព័ន្ធមិត្ត​អាមេរិក​ដូចជា​កាណាដា និង​អូស្ត្រាលី​ផងដែរ​។ ប្រទេស​នៅ​សេសសល់​គឺ​អនុវត្ត​មាន​។

​តាមពិតទៅ​សេចក្តីព្រាង​ដំណោះស្រាយ​នេះ​មាន​កំណត់ថា រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឋានៈ​និង​ស្ថានភាព​ជាក់ស្តែង​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សាឡី​ម​នឹង​មិនមាន​អនុភាព​គតិយុត្តិ និង​ត្រូវ​ទុកជា​មោ​ឃៈ​។ ដំណោះស្រាយ​នេះ​ក៏​ស្នើ​ឲ្យ​រាល់​ប្រទេស​ទាំងអស់​ចៀសវាង​បើក​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ផងដែរ​។

​ដំណោះស្រាយ​នេះ​ត្រូវបាន​ដាក់ចូល​របៀបវារៈ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដោយ​ប្រទេស​យេ​ម៉ែន និង​ប្រទេស​តួ​ក​គី​ក្នុងនាម​ជា​តំណាង​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់ និង​សហគមន៍​ម៉ូ​ស្លី​ម​ទូទាំង​ពិភពលោក​។​

​គេ​សង្កេតឃើញថា ទោះជា​អាមេរិក​ប្រើ​ពាក្យសម្តី​គំរាមកំហែង​ប្រទេស​ដែល​ចង់​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​នេះ​ក៏ដោយ ក៏​ប្រទេស​ទាំងនោះ​មិនបាន​ខ្វា​យ​ខ្វាល់​នឹង​សម្តី​នេះដែរ​។​

​មុន​ការបោះឆ្នោត​ក្នុង​មហាសន្និបាត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ រួមជាមួយ​តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​គំរាម​ប្រទេស​ដែល​ទទួល​ជំនួយ​អាមេរិក​ថា បើ​ហ៊ាន​បោះឆ្នោត​ប្រឆាំង​អាមេរិក ខ្លួន​នឹង​កាត់​ជំនួយ​នៅពេល​ខាងមុខ​។​

«​ពួកគេ​យកលុយ​ពី​អាមេរិក​រាប់លាន អាច​រាប់ពាន់​លាន​ដុល្លារ​ទៀត ហើយ​ពួកគេ​នាំគ្នា​បោះឆ្នោត​ប្រឆាំង​យើង​។ ល្អ​! យើង​កំពុង​រង់ចាំ​មើល​ការបោះឆ្នោត​។ ឲ្យ​ពួកគេ​បោះឆ្នោត​ប្រឆាំង​យើង​ទៅ​។ យើង​នឹង​សន្សំ​លុយ​បាន​ច្រើន​។  យើង​មិនដែល​ខ្វល់​ឡើយ​»​។ នេះ​ជាស​ម្តី​របស់លោក ត្រាំ​។

​ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជា​តិ​លោកស្រី Nikki Haley បានបញ្ជាក់​ជាថ្មី​ដែរ​រឿង​គំរាម​កាត់​ជំនួយ​ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​មហាសន្និបាត​នេះ​។​តំណាង​ពិសេស​នេះ​អះអាងថា បោះឆ្នោត​ប្រឆាំង​អាមេរិក​នៅ​អង្គការ​សហ​ប្រជា​តិ​មិន​ធ្វើ​ឲ្យ​គ្រប់យ៉ាង​ផ្លាស់ប្តូរ​ឡើយ​៕


Tag:
 ដូណាល់ ត្រាំ
  អ៊ីស្រាអែល
  មហាសន្និបាតអង្គការសហប្រជាជាតិ
  ហ្ស៊េរុយសាឡិម
© រក្សាសិទ្ធិដោយ thmeythmey.com