អន្តរជាតិ
បុរស​ម្នាក់​បើករថយន្ត​បំ​បុក​ហ្វូងមនុស្ស​ដែល​បណ្តាល​ឲ្យ​របួស​១៩​នាក់​នៅ​ក្រុង​មែ​ល​ប៊​ន
22, Dec 2017 , 3:40 pm        
រូបភាព
ប៉ូលិសចាប់ជនសង្ស័យដែលមានឈ្មោះថា Saeed Noori។ រូបថត LachlanVe
ប៉ូលិសចាប់ជនសង្ស័យដែលមានឈ្មោះថា Saeed Noori។ រូបថត LachlanVe
ដោយ: ធីតា
​អូស្ត្រាលី​៖ បុរស​សញ្ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​-​អូស្ត្រាលី​ម្នាក់ បាន​បើករថយន្ត​បំ​បុក​ហ្វូង​ថ្មើរជើង​នៅ​ផ្លូវ Flinders ក្រុង​មែ​ល​ប៊​ន នា​ថ្ងៃ​សុក្រ ទី​២២ ខែធ្នូ នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​១៩​នាក់​របួស​។ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​អះអាងថា ករណីនេះ មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​ដំណើរការ​។​



​ជនសង្ស័យ មាន​ដើមកំណើត​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បានធ្វើ​អន្តោប្រវេសន៍​នៅ​អូស្ត្រាលី បុរស​វ័យ​៣២​ឆ្នាំ ដែល​សារព័ត៌មាន អូស្ត្រាលី​កំណត់​អត្តសញ្ញាណ​បាន​ថា​ឈ្មោះ «Saeed Noori»​។ គេ​បាន​បើករថយន្ត​ទៅ​បំ​បុក​មនុស្ស​កំពុង​ដើរ​ដែល​បណ្តាល​ឲ្យ​រងរបួស​១៩​នាក់ ក្នុងនោះ​ពាក់កណ្តាល​ជា​ជនបរទេស​ដែល​មកពី​កូរ៉េខាងត្បូង ចិន អ៊ីតាលី ឥណ្ឌា វេ​ណេ​ស៊ុយ​អេ​ឡា អៀរ​ឡង់ និង​នូ​វែ​ល​សេ​ឡង់​។​

«​ការវាយប្រហារ​បែបនេះ នៅ​កណ្តាល​ទីក្រុង​ដ៏​ធំ​មួយ​របស់​យើង គឺជា​ហេតុការណ៍​ដ៏​សោកសៅ​មួយ​»​។ នេះ​ជា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ដោយបាន​អះអាងថា វា​មិន​ជាប់ ពាក់ព័ន្ធ​នឹង អំពើ​ភេរវកម្ម​នោះឡើយ ព្រោះ​ជនសង្ស័យ ត្រូវបាន​សមត្ថភាពរ​ក​ឃើញថា ជា​មនុស្ស​មាន​បញ្ហា​សតិអារម្មណ៍ និង​ធ្លាប់មាន​ប្រវត្តិ​សេព​គ្រឿងញៀន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Malcolm Turnbull បាន​លើកឡើងថា ការសន្និដ្ឋាន​ចុងក្រោយ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ផ្លូវការ​៕


© រក្សាសិទ្ធិដោយ thmeythmey.com