អន្តរជាតិ
ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​ព្រម​ចុះសន្ធិសញ្ញា​បញ្ចប់​ជម្លោះព្រំដែន​សមុទ្រ និង​បែងចែក​ប្រយោជន៍​រួម
07, Mar 2018 , 8:19 pm        
រូបភាព
រូបភាព៖ UN
រូបភាព៖ UN
​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី បានសម្រេច​ជោគជ័យ​ក្នុងការ​ស្រាយ​ជម្លោះព្រំដែន​សមុទ្រ​ដែលមាន​រយៈកាល​មួយ​ទសវត្សរ៍​មកហើយ ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ចុះសន្ធិសញ្ញា​មួយ​រួមគ្នា​នៅ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ៦ ខែមីនា​។ វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ទី​ម័​រ​ខាងកើត ដោយសារ​ក្មេងខ្ចី​នេះ​នឹងមាន​លទ្ធភាព​ទទួលយក​ប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​កំណត់ព្រំដែន និង​បែក​ចែក​ធនធាន​ប្រេង​និង​ធនធាន​សមុទ្រ​ជាច្រើន​ផ្សេង​ទៀតផង​។



​ក្រោយ​ចរចា​គ្នា​អស់​រយៈពេល​យូរ​មកហើយ​នោះ រដ្ឋ​ក្មេងខ្ចី​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី បាន​ឯកភាពគ្នា​បញ្ចប់​ជម្លោះព្រំដែន​សមុទ្រ​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់ Greater Sunrise ហើយ​ដើម​សប្តាហ៍​នេះ ដោយ​ភាគី​ទាំងពីរ​ក៏បាន​ចុះសន្ធិសញ្ញា​មួយ​រួមគ្នា​ផងដែរ​ដើម្បី​កំណត់ព្រំដែន និង​បែងចែក​ផលប្រយោជន៍​ដូចជា​ប្រេង និង​ឧស្ម័ន​ផង​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា សន្ធិសញ្ញា​ដែល​ភាគី​នេះ​ត្រូវបាន​ភាគី​ចុះ​រួមគ្នា​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​នា​ថ្ងៃ​អង្គារ ដោយមាន​ការចូលរួម​ពី​សំណាក់​អគ្គលេខាធិការ​អង្គ​សហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres)​។  ជម្លោះ​នេះ​ត្រូវបាន​ដោះស្រាយ​ដោយ​ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ជា​លើកដំបូង​បំផុត​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២​។​

​តាមពិតទៅ សន្ធិសញ្ញា​ទ្វេភាគី​នេះ​អាច​កំណត់​បែងចែក​បាន​ច្បាស់​ពី​កម្មសិទ្ធិ​របស់​ភាគី​ទាំងពីរ​លើ​តំបន់​ដែល​សម្បូរហូរហៀរ​ដោយ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នៅ​សមុទ្រ​ទី​ម័​រ រួមទាំង​តំបន់ Greater Sunrise​។ គេ​វាយតម្លៃថា ឧស្ម័ន​ដែល​នៅ​ទីនោះ​អាចមាន​តម្លៃ​រហូតដល់ ៥៣ ពាន់​លាន​ដុល្លារ​ឯណោះ​។


រូបភាព៖ Offshore Energy Today

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​សន្ធិសញ្ញា​នេះ​អាច​នឹង​ក្លាយជា​ច្រកទ្វារ​សម្រាប់​ជួយ​ឲ្យ​ទី​ម័​រ​ខាងកើត​ដែលជា​ប្រទេស​ក្រ​បំផុត​មួយ​នៅ​អាស៊ី​នោះ​អាច​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​បាន​ច្រើន​ផងដែរ​។​

Greater Sunrise ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឆ្នាំ ១៩៧៤ ហើយ​គេ​វាយតម្លៃថា តំបន់​នេះ​អាច​នឹងមាន​ធនធាន​ដែលមាន​តម្លៃ​ចន្លោះ​ពី ៤០ ទៅ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ស្ថិតនៅ​ចម្ងាយ ១៥០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ប្រទេស​ទី​ម័​រ និង​ស្ថិតនៅ​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​ពី​ក្រុង Darwin ប្រទេស​អូស្ត្រាលី​។

​ត្រឡប់មកវិញ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop ដែលមាន​វត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ទី​ម័​រ​ខាងកើត​នឹង​ទទួលបាន​ប្រយោជន៍​ដុំកំភួន​ពី​សន្ធិសញ្ញា​នេះ​។ ខណៈដែល​កិច្ចព្រមព្រៀង​ស្តីពី​ការបែងចែក​ផលប្រយោជន៍​លម្អិត​មិនទាន់​ត្រូវបាន​គេ​សម្រេច​នោះ លោកស្រី Bishop បាន​បង្ហើប​ថា ទី​ម័​រ​ខាងកើត​អាច​នឹង​បាន​ចំណូល​ពី​គម្រោង​អភិវឌ្ឍ​នៅ​តំបន់ Greater Sunrise ចន្លោះ​ពី ៧០ ទៅ ៨០​ភាគរយ​ឯណោះ​។

​ចំណែក​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ទី​ម័​រលោក Hermenegildo Augusto Cabral Pereira បាន​ថ្លែង​ដោយ​សុទិដ្ឋិនិយម​ថា គម្រោង​រុករក​ធនធាន​នេះ​នឹងមាន​ឥទ្ធិពល​ខ្លាំង​លើ​ការផ្លាស់ប្តូរ​សង្គម​សេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត  ស្រប​ពេលដែល ៦៥​ភាគរយ​នៃ​ប្រជាជន​ទី​ម័​រ​សរុប ១,៥​លាន​នាក់​នោះ​ជា​យុវជន និង​កំពុង​រក​ការងារ​ធ្វើ​នោះ​។​

​សូមបញ្ជាក់ថា ជម្លោះ​ដែនទឹក​រវាង​អូស្ត្រាលី និង​ទី​ម័​រ​ខាងកើត​នេះ​កើតឡើង​ក្រោយ​ពេលដែល​ទី​ម័​រ​ប្រកាស​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី​នៅក្នុង​ឆ្នាំ ២០០២ ដោយពេល​នោះ​ភាគី​ទាំងពីរ​មិនមាន​កំណត់ព្រំដែន​សមុទ្រ​អចិន្ត្រៃយ៍​ឡើយ​។ នៅ​ឆ្នាំ ២០០៤ ភាគី​ចាប់ផ្តើម​ចរចា​គ្នា ហើយ​ឆ្នាំ ២០០៦ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើត​កិច្ចព្រមព្រៀង​មួយ​បែងចែក​ធនធាន​តែ​មិន​កំណត់ព្រំដែន​អចិន្ត្រៃយ៍​ឡើយ​។

​នៅក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ក្រុង​ឌី​លី បានសម្រេច​ដាក់ពាក្យ​ប្តឹង​អូស្ត្រាលី​ទៅ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​នៅ​ក្រុងឡាអេ ក្រោយ​មាន​ជម្លោះ​លើ​កិច្ចព្រមព្រៀង​មុន​ដែល​ចុះ​រួមគ្នា​ឆ្នាំ ២០៦​មក​នោះ​។ ដើមឆ្នាំ​មុន ប្រទេស​ទាំងពីរ​ក៏បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ថ្មី​ទៀត​ដែល​កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​កំណត់ព្រំដែន​ផង និង​បែងចែក​ផលប្រយោជន៍​ផង​៕


Tag:
 ទី​ម័​រ​ខាងកើត​
  អូស្ត្រាលី​
  Greater Sunrise
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com