ជាតិ
លោក Donald Trump ពង្រីក​ការលើកលែង​ពន្ធ​លើ​ការនាំចេញ​អាលុយមីញ៉ូម​និង​ដែក
02, May 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុង​ពង្រីក​ការលើកលែង​ពន្ធ​លើ​ការនាំចេញ​អាលុយមីញ៉ូម​និង​ដែក​ពី​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិ​ក​ស៊ិ​ក​យ៉ាងហោចណាស់​មួយខែ​ទៀត​។ ការលើកលែង​ពន្ធ​ជា​បណ្តោះអាសន្ន​សម្រាប់​ប្រទេស​ប្រទេស​ចិន ជប៉ុន និង​រុស្ស៊ី​ត្រូវផុត​កំណត់​កាលពី​ថ្ងៃ​អង្គារ​។  ប៉ុន្តែ​សេត​វិមាន​និយាយថា ខ្លួន​ទុកពេល​៣០​ថ្ងៃ​ទៀត​សម្រាប់​ការចរចា​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​។​



​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ គណៈកម្មការ​អឺរ៉ុប​បាន​រិះគន់​ការពន្យារពេល​ជា​បណ្តោះអាសន្ន​ដោយនិយាយ​ថា សហភាព​អឺរ៉ុប​មាន​ឆន្ទៈ​ចង់​ពិភាក្សា​អំពី​បញ្ហា​នេះ តែ​នឹង «​មិន​ចរចា​ក្រោម​ការគំរាមកំហែង​»​។​

​លោក Trump បាន​ហៅ​បញ្ហា​ពន្ធគយ​ថា ជា​បញ្ហា​សន្តិសុខ​ជាតិ ដោយសារ​ការផលិត​ច្រើន​ដោយ​ប្រទេស​មួយចំនួន​ធ្វើឱ្យ​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក​កាន់តែ​ថ្លៃ និង​មិន​ចង់បាន​នៅលើ​ទីផ្សារ​សកល​។ សេត​វិមាន​ក៏បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ឈានទៅដល់​កិច្ចព្រមព្រៀង​ចុងក្រោយ​ស្តីពី​ការនាំចេញ​ដែកថែប​ជាមួយ​កូរ៉េខាងត្បូង ដោយ​ផ្តល់​ការលើកលែង​ជា​អចិន្ត្រៃយ៍​និង​បានធ្វើ​កិច្ចព្រមព្រៀង​ជាគោលការណ៍​ជាមួយ​អា​ហ្ស​ង់​ទីន អូស្ត្រាលី និង​ប្រេ​ស៊ី​ល​។​

​កាលពី​ខែមីនា លោក Trump បានកំណត់​ពន្ធ​២៥%​លើ​ដែកថែប​និង​១០​ភាគរយ​លើ​អាលុយមីញ៉ូម​សម្រាប់​ការនាំ​ចូល​ពី​ប្រទេស​ចិន  រុស្ស៊ី ជប៉ុន និង​ប្រទេស​ផ្សេងទៀត ចំពោះ​អ្វីដែល​លោក​និយាយថា ជា​សំណង​សម្រាប់​ការប្រកួតប្រជែង​មិន​យុត្តិធម៌​។

​លោក Steven Mnuchin រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​និង​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ផ្សេងទៀត​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ​សម្រាប់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​។ លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការដាក់​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​របស់​កាណាដា​នឹង​ក្លាយជា​ការរំខាន​ដ៏​ធំ​មួយ​ដល​ឧស្សាហកម្ម​អាមេរិក​និង​កាណាដា​ពីព្រោះ​រោងចក្រ​ផលិត​រថយន្ត​និង​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​និង​កាណាដា​មាន​ចំណងទាក់ទង​គ្នា​ជិតស្និទ្ធ​។ លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ ព្រមាន​អំពី​សង្គ្រាម​ពាណិជ្ជកម្ម បើសិន​អាមេរិក​មិនបាន​ផ្តល់​ការលើកលែង​ពន្ធ​ជា​អចិន្ត្រៃយ៍​ដល់​សហភាព​អឺរ៉ុប​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com