ជាតិ
កម្ពុជា បញ្ជូន​កងទ័ព​មួក​ខៀវ​៤០០​នាក់​ទៀត ទៅ​រក្សា​សន្តិភាព​ជាមួយ UN
02, May 2018 , 8:19 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ:
​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​៣​កង ដែលមាន​គ្នា​សរុប​ជាង​៤០០​នាក់ នឹង​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (UN)​។ ការបញ្ជូន​ជា​លើក​ទី​២ ក្នុង​ឆ្នាំ ២០១៨​នេះ មាន​ពីរ​កង​ទៅ​សាធារណរដ្ឋ​ម៉ាលី និង​មួយ​កង​ទៅ​សាធារណរដ្ឋ​ស៊ូដង់​។​



​ដើម្បី​ចូលរួម ក្នុង​បេសកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨ កម្ពុជា នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ចំនួន​៣​ក្រុម ដែលមាន​ចំនួន​សរុប​៤២៨​នាក់ ទៅកាន់​ប្រទេស​ចំនួន​២​។ កងកម្លាំង​ទាំងនោះ​មកពី កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៨ ចំនួន​១៦៥​នាក់ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១៣២ ចំនួន​១៤៤​នាក់ ទៅកាន់​សាធារណរដ្ឋ​ម៉ាលី​។ ដោយឡែក កង​អាវុធហត្ថ​លេខ​៦៨១ មាន​ចំនួន​១១៩​នាក់ នឹង​ទៅកាន់​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។​

​នេះ​ជាការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ជា​លើក​ទី​២ នៅក្នុង​ឆ្នាំ​២០១៨ ដោយ​កាលពី​ថ្ងៃទី​៣០ ខែមីនា ប្រទេស​កម្ពុជា ក៏បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​របស់ខ្លួន​ចំនួន​៨០​នាក់ ទៅកាន់​សាធារណរដ្ឋ​ម៉ាលី តាមរយៈ​អង្គការសហប្រជាជាតិ​ផងដែរ​។

​ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ជិត​៥,០០០​នាក់ ដោយ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន​កម្ពុជា មាន​កងកម្លាំង​ប្រមាណ​ជាង​៨០០​នាក់ ដែល​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន  សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វរិក​កណ្ដាល លី​បង់ និង​ម៉ាលី​៕


Tag:
 សង្គម​
  កងកម្លាំង​មួក​ខៀវ​
  UN
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com