កីឡាជាតិ
ជាតិ
អស្ចារ្យ​! កម្ពុជា​ឈ្នះ​ម្ចាស់​ការពារ​ជើងឯក​មី​យ៉ាន់​ម៉ា ២-១ ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ស្តេច​ព្រុយ​ណេ​
02, May 2018 , 10:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា បាន​កក់​កៅអី​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​មី​យ៉ាន់​ម៉ា ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្នុង​លទ្ធផល ២-១ ។​



​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជំនួប​នៅលើ​ទីលាន Hassanal Bolkiah National Stadium និង​នៅលើ​ទីលាន​មួយទៀត ត្រូវបាន​ពន្យា​ពេល​ជាង​១​ម៉ោង​។ U21 កម្ពុជា បាន​នាំមុខ​២​គ្រាប់ ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​របស់ ណា​រ៉ុង កក្កដា ក្រោយ​កា​រប​ញ្ជូ​ល​យ៉ាង​ល្អ​ទាំងពីរ​គ្រាប់​របស់ សុះ ស៊ូ​ហា​ណា​។​

​នៅ​៥​នាទី​មុន​បញ្ចប់​តង់​ទីមួយ មី​យ៉ាន់​ម៉ា មានឱកាស​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​។ ការទា​ត់របស់ Lwin Moe Aung បាន​នាំ​បាល់​ទៅដល់ សឿ​យ វិសាល នៅ​តំបន់​គ្រោះថ្នាក់ ហើយ​ប្រធាន​ក្រុម​កម្ពុជា​ព្យាយាម​តែ​ត​ក្រោយ ប៉ុន្តែ​ភ្លាត់ស្នៀត​ចូល​ទី​ខ្លួនឯង​។​

​ឈានចូល​តង់​ទី​ពីរ មី​យ៉ាន់​ម៉ា​វាយលុក​យ៉ាងខ្លាំង ខណៈ​ទីលាន​លែងមាន​ទឹក​ដក់​។  តែ​នៅ​នាទី​៦៦  សុះ ស៊ូ​ហា​ណា បាន​បញ្ចូល​បាល់​យ៉ាង​ល្អ ទៅ​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ការសម្រេចចិត្ត​យឺត​របស់ កាន់ ពិសាល នាំ​ឲ្យ​កម្ពុជា ខក​ឱកាស​រកបាន​គ្រាប់​ទី​បី​។​

​នៅ​នាទី​៧៥ លី វ៉ា​ហេ​ទ មាន​បញ្ហា​របួស ហើយ​ត្រូវបាន​ដាក់ជំនួស​ដោយ អ៊ុក សុវណ្ណ​។ ទោះបីយ៉ាងណា​ក៏ដោយ លទ្ធផល ២-១ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត ដែល​នាំ​ឲ្យ​កម្ពុជា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​។​ កម្ពុជាត្រូវតទល់ដណ្តើមពានរង្វាន់មិត្តភាពអន្តរជាតិនេះជាមួយទីម័រខាងកើតនា​ថ្ងៃទី៥ ខែឧសភា បន្ទាប់ពីទីម័រខាងកើត បានយកឈ្នះសិង្ហបុរីនៅវគ្គ១/២ផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១ ដូចគ្នា។



© រក្សាសិទ្ធិដោយ thmeythmey.com