អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​បារាំង​ចោទថា​កំពុង​វាតទី​នៅ​ប៉ាស៊ីហ្វិក ចិន​សួរ​វិញ​ថា​នរណា​ជា​អ្នក​វាតទី​ពេញ​ពិភពលោក​
05, May 2018 , 10:30 pm        
រូបភាព
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៤ ខែឧសភា (រូបភាពគេហទំព័រក្រសួងការបរទេសចិន)
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៤ ខែឧសភា (រូបភាពគេហទំព័រក្រសួងការបរទេសចិន)
នៅ​ថ្ងៃទី​៤ ខែឧសភា ក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សម្ដី​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​បាន​ដៀមដាម​ឲ្យ​ចិន​ជុំវិញ​ការកើនឡើង​ឥទ្ធិពល​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ក្នុង​ទស្សនកិច្ច​នៅ​អូស្ត្រាលី លោក ម៉ា​ក្រុង ថែមទាំង​និយាយថា បារាំង អូស្ត្រាលី បូក​ទាំង​ឥណ្ឌា​មាន​នាទី​ការពារ​តំបន់​នេះ​ពី​នយោបាយ​អនុត្តរភាពរ​បស់​ប្រទេស​ណាមួយ​នៅ​តំបន់​នេះ​។ ចិន​បាន​ហៅ​ការអធិប្បាយ​របស់លោក ម៉ា​ក្រុង ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

 
​មហា​យក្ស​ចិន​មិន​សប្បាយចិត្ត​ឡើយ ពេល​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ព្រមាន​ពី​ការអនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ខណៈ​លោក ម៉ា​ក្រុង មិន​និយាយ​ចំឈ្មោះ​ចិន​នោះ ចិន​ហាក់​ដឹងខ្លួន​ថា មេដឹកនាំ​បារាំង​រូបនេះ​ចង់​សំដៅលើ​ខ្លួន​តែម្ដង​។ ការលើកឡើង​របស់លោក ម៉ា​ក្រុង ធ្វើឡើង​ចំពេល​ដែល​គេ​មើលឃើញថា ចិន​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​ដ៏​ធំ​នេះ​។​
 
​យ៉ាងណាមិញ ក្រុង​ប៉េកាំង​បាន​ប្រា​ប់លោក ម៉ា​ក្រុង វិញ​ថា កុំ​បារម្ភ​អី​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៤ ខែឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying ចាត់ទុក​ការភ័យខ្លាច​ពី​អនុត្តរភាព​របស់​ចិន​ថា ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​។ អ្នកនាំពាក្យ​រូបនេះ​បាន​សួរ​វិញ​ថា​៖ «​ក្នុង​ក្រសែភ្នែក​ពិភពលោក តើ​ប្រទេស​ណា​ឲ្យ​ពិតប្រាកដ​ដែល​អនុវត្ត​នយោបាយ​វាតទី​លើ​ពិភពលោក​សព្វថ្ងៃ​? តើ​អ្នកណា​ដែល​អនុវត្ត​អនុត្តរភាព​សេដ្ឋកិច្ច ឬ​យោធា​នៅក្នុង​តំបន់​នោះ​?»
 
​សំណួរ​ខាងលើ​របស់​មន្ត្រី​ការបរទេស​ចិន​ខាងលើនេះ ទំនងជា​សំដៅ​ដល់​អាមេរិក​។ លោកស្រី Hua ចង់​ប្រា​ប់លោក ម៉ា​ក្រុង វិញ​ថា អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​បារាំង​ឯណោះ​ទេ ទើប​ជា​អ្នក​វាតទី​នៅ​ប៉ាស៊ីហ្វិក​នោះ​។ លោកស្រី​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា មុននឹង​និយាយ​ពីអ្វី​មួយ ឬ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន លោក ម៉ា​ក្រុង គួរបញ្ជាក់​ការពិត​សិន​។​
 
​តាមពិតទៅ បារាំង​លូក​មាត់​ក្នុង​បញ្ហា​នៅ​តំបន់​ប៉ាស៊ីហ្វិក គឺជា​ប្រកៀក​ស្មា​ជាមួយ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ដែល​បារម្ភ​ចំពោះ​វត្តមាន​របស់​ចិន​នៅ​តំបន់​នេះ ហើយ​ម្យ៉ាង​បារាំង​ក៏មាន​ដែន​កោះ​មួយចំនួន​នៅ​តំបន់​នេះដែរ​។ អូស្ត្រាលី​បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ការ​ងើបឡើង​ឆាប់រហ័ស​នៃ​ឥទ្ធិពល​របស់​ចិន ខណៈដែល​នូ​វែ​ល​សេ​ឡង់​វិញ​ក៏​ដេក​មិន​លក់​មិន​ល្ហើយ​ដោយសារ​ចិន​ដូចគ្នា​ដែរ​។ នេះ​ក៏​ព្រោះតែ​ចិន​បាន​ពង្រឹង​ទំនាក់ទំនង​កាន់​ស្អិតល្មួត​ជាមួយ​ប្រទេស​កោះ​តូចៗ​នៅ​ប៉ាស៊ីហ្វិក​តែម្ដង​។​
 
​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក​ពិត​បាន​កើនឡើង​យ៉ាងខ្លាំង​។ ជា​ញឹកញយ​ក្រុង​ប៉េកាំង​បានធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក និង​ការហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ខាងលិច​។ ប្រទេស​ក្នុង​តំបន់​ជ្រួលច្រាល​ខ្លាំង​ដោយសារតែ​អានុភាព​យោធា​ចិន ខណៈ​អូស្ត្រាលី បារម្ភ​ថា តុល្យភាព​នៅ​តំបន់​នឹង​ប្រែប្រួល​ដោយសារ​ចិន ខណៈ​តំបន់​នេះ​ស្ថិតក្រោម​ឥទ្ធិពល​អាមេរិក​រាប់សិប​ឆ្នាំ​មកហើយ​នោះ​៕
 
 

Tag:
 ចិន​
  បារាំង​
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com