ជាតិ
បោះឆ្នោត
មន្ត្រីជាន់ខ្ពស់​CPP៖ ហុងស៊ុយ CPP មិន​ធ្លាក់ចុះ​តាម​លេខ​រៀង​ទី​២០​ទេ
29, May 2018 , 9:59 pm        
រូបភាព
លោក អ៊ក គីមហាន នៅខាងស្ដាំ
លោក អ៊ក គីមហាន នៅខាងស្ដាំ
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ហុងស៊ុយ​គណបក្ស​ប្រជាជន មិន​ធ្លាក់ចុះ តាម​លេខ​រៀង​ទី​២០ នៃ​ការ​ឈរឈ្មោះ​គណបក្ស នៅលើ​សន្លឹកឆ្នោត ដែល​ត្រូវ​ប្រកួតប្រជែង​ខាងមុខ​ឡើយ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លំដាប់​លេខ​រៀង​គណបក្ស​ទាំងអស់​រួចហើយ ដោយ​គណបក្ស​ប្រជាជន​ឈរ​លេខ​រៀង​ទី​២០ ។​



​លោក អ៊​ក គឺ​មហា​ន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន បាន​និយាយថា លំដាប់​លេខ​រៀង​ទី​២០​នេះ មិនមែនជា​បញ្ហា​ចោទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​ឡើយ​។ ប៉ុន្តែ​វា​ជា​លំដាប់​លេខ​ល្អ ដែល​ផ្ដល់​ភាពងាយស្រួល ដល់​អ្នកគាំទ្រ​គណបក្ស​ចំណាំ និង​គូស​លើ​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​ទៅវិញ​ទេ​។ លោក អ៊​ក គឹម​ហាន ដែល​ចូលរួម​តាមដាន​ការចាប់​លេខ​រៀង​គណបក្សនយោបាយ បាន​អះអាងថា អ្នកគាំទ្រ​គណបក្ស​ចំណាំ​សញ្ញា​បក្ស ជាង​លំដាប់​លេខ​រៀង​ក្នុងការ​បោះឆ្នោត ដូច្នេះ​គណបក្ស​លោក គ្មាន​ការព្រួយបារម្ភ​ពី​បញ្ហា​នេះឡើយ​។​

​នៅពេល​អ្នកកាសែត​សួរថា តើ​មានការ​ព្រួយបារម្ភ​ពី​រាសី​(​ហុងស៊ុយ​)​គណបក្ស​ធ្លាក់ចុះ​តាម​លំដាប់​លេខ​រៀង​ទី​២០ ដែរ​ទេ សម្រាប់​ការបោះឆ្នោត​ខាងមុខ​? ឆ្លើយតប​នឹង​សំនួរ​នេះ លោក អ៊​ក គឹម​ហាន បាន​បញ្ជាក់ថា រាសី​គណបក្ស​ប្រជាជន មិន​ស្រុតចុះ​តាម​លេខ​រៀង​ទី​២០​ឡើយ ពោលគឺ​គណបក្ស​នឹង​ទទួលបាន​ជ័យជម្នះ​បន្តទៀត​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ ដែល​រៀប​ចំការ​ចាប់លេខ​រៀង​បក្ស​នៅ​ថ្ងៃទី​២៩ ឧសភា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​រូបនេះ បាន​បញ្ជាក់ថា​៖«​ខ្ញុំ​អត់​មាន​យល់ថា លេខ​រៀង​នៅក្រោម​គេ គឺថា រាសី (​ហុងស៊ុយ​) ចុះ​អ្វី​ទេ គឺ​សំខាន់​ប្រជាពលរដ្ឋ លោក​ស្រលាញ់ លោក​ជឿទុកចិត្ត​លើ​គោលនយោបាយ​របស់​គណ​បក្ស មើលឃើញ​គណបក្ស​ធ្វើបាន​អ្វីខ្លះ កសាង​អ្វីខ្លះ ឲ្យ​តែ​ពួកគាត់​មាន​ជំនឿ​ទុកចិត្ត​នោះ ពួកគាត់​នឹង​គាំទ្រ​ហើយ​។ ក្តីសង្ឃឹម​នៅតែមាន ហើយ​នៅ​ឈរ​លេខ​រៀង​ក្រោម​គេ​នេះ វា​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ចំណាំ​វិញ​ទេ​»​។​

សូមស្តាប់សំឡេង៖




​សម្រាប់​លោក អ៊​ក គីម​ហាន «​លេខ​មុនគេ និង​លេខ​ចុង​គេ គឺ​ស្រួល​ចំណាំ​បំផុត​»​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ស្ថិតក្នុង​លេខ​រៀង​លំដាប់​ទី​៤​ពី​អណ​ត្តិ​ជាប់​គ្នា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ បាន​ប្តូរ​ទៅ​លេខ​រៀង​លំដាប់​ទី​២០ នៃ​បញ្ជី​លេខ​រៀង​គណបក្សនយោបាយ​ស​ម្រា​ប់​ការបោះឆ្នោត​នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​។ លេខ​រៀង​លំដាប់​ទី​៤ បាន​ទៅលើ​គណបក្ស​សញ្ញា​តិក​ម្ពុ​ជា​៕


Tag:
 ​អ៊​ក គីម​ហាន​
  CPP
  ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com