អន្តរជាតិ
តៃវ៉ាន់​៖ ស្វា​ស៊ី​ឡង់​ប្តេ​ជា្ញ​មិន​ដោះដៃ​ពី​តៃវ៉ាន់​ទៅ​ស្រវាឱប​ចិន​ឡើយ ទោះ​មាន​សម្ពាធ​ខ្លាំង​ក៏ដោយ
01, Jun 2018 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​តៃ​វាន់ បាន​អះអាងថា កល្យាណមិត្ត​តែមួយគត់​របស់ខ្លួន​ប្រចាំ​តំបន់​អាហ្វ្រិក គឺ​ស្វា​ស៊ី​ឡង់ (​ដែល​ទើបតែ​ត្រូវបាន​ប្តូរ​ឈ្មោះថា រាជាណាចក្រ​អ៊ី​ស្វា​ទី​នី «Kingdom of eSwatini») បាន​ជូនដំណឹង​ផ្លូវការ​មកកាន់​ខ្លួន​រួចហើយ​ថា ស្វា​ស៊ី​ឡង់​ងាក​ទៅរក​ចិន​ឡើយ​។ សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង ក្រោយពី​រដ្ឋាភិបាល​ចិន​បាន​ទទូច​ឲ្យ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ យក​គំរូ​តាម​រដ្ឋ​អាហ្វ្រិក​ផ្សេងទៀត ដែល​ជ្រើសរើស​គោលនយោបាយ​ចិន​តែមួយ​ដើម្បី​ការអភិវឌ្ឍ​ប្រទេស​។



​ចុង​សប្តាហ៍​មុន​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ថ្លែង​ក្នុង​កម្មវិធី​ចុះហត្ថលេខា​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ប្រទេស បួ​គី​ណា ហ្វា​សូ ថា  នៅ​តំបន់​អាហ្វ្រិក មានតែ​ប្រទេស ស្វា​ស៊ី​ឡង់​មួយ​ប៉ុណ្ណោះ ដែល​នៅតែ​មិន​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​ដោយ​បន្ត​ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​។

​តាមរយៈ​កម្មវិធី​ដដែល​នោះ ប្រមុខ​ការទូត​ចិន​រូបនេះ ក៏បាន​ផ្ញើ​សារ​ទៅកាន់​ស្វា​ស៊ី​ឡង់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា ប្រទេស​នេះ​នឹងចូលរួម​ជាមួយ​គ្រួសារ​អាហ្វ្រិក​ក្នុងការ​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ចិន​នៅពេល​ឆាប់ៗ​។ យើង​សង្ឃឹមថា រដ្ឋ​អាហ្វ្រិក​ទាំងអស់​នឹង​ឈរ​ជាមួយ​ចិន​ក្នុង​ការឈាន​ឆ្ពោះទៅរក​ការបង្រួបបង្រួម​ជាតិចិន​ពេញលេញ​»​។

​ការអំពាវនាវ​របស់​ចិន​បែបនេះ​មិនអាច​ធ្វើ​ឲ្យ ស្វា​ស៊ី​ឡង់ ទន់​ទោរ​ទៅតាម​បានឡើយ​។ តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់​លោក Joseph Wu នៅ​ថ្ងៃ​២៨ ខែឧសភា តំណាង​ប្រទេស​ស្វា​ស៊ី​ឡង់ បានបញ្ជាក់​ប្រាប់​លោក​ថា​៖«​ស្វា​ស៊ី​ឡង់ មិន​យកចិត្តទុកដាក់​ចំពោះ​ការទទូច​របស់​ចិន​ឡើយ ហើយ​ការលើកឡើង​របស់លោក វ៉ាង យី ជាការ​ប្រមាថ​ស្វា​ស៊ី​ឡង់​យ៉ាងធ្ងន់ធ្ងរ​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខ​ការទូត​តៃវ៉ាន់​ដដែល​នោះ​ក៏បាន​អះអាង​ផងដែរ​ថា ដើម្បី​ជា​សក្ខីកម្ម​នៃ​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ភាគី​ទាំងពីរ ព្រះមហាក្សត្រ Mswati ទី​បី​ក៏​ត្រៀម​បំពេញ​ទស្សនកិច្ច​មកកាន់​តៃវ៉ាន់​នៅពេល​ខាងមុខ​ដែរ​។

​គួរ​ជម្រាប​ផងដែរ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចិន និង​តៃវ៉ាន់​បន្ត​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​ការទូត​ខ្លាំង​ដែរ ដ្បិត​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​ជាច្រើន​បាន​បន្ត​ដោះដៃ​ចេញពី​តៃវ៉ាន់​ទៅ​ស្រវាឱប​ចិន​ជា​បន្តបន្ទាប់​។ តៃវ៉ាន់​ចោទ​ត្រង់ៗ​ថា ចិន​ប្រើប្រាស់​លុយ​ដើម្បី អូសទាញ​បណ្តា​សម្ព័ន្ធមិត្ត​របស់ខ្លួន​៕


Tag:
 ស្វា​ស៊ី​ឡង់​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com