អន្តរជាតិ
ការរស់នៅ​ទាំង​ព្រួយចិត្ត​ខ្លាច​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​
08, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋ​តិច​សាស ៖ ខណៈដែល​ការបញ្ជូន​ខ្លួន​ត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ​ប្រហែលជា​មិនអាច​ធ្វើទៅបាន​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៨ រវាង​អាមេរិក​និង​វៀតណាម​នោះ អ្នក​ដែល​បារម្ភ​ពី​ការបញ្ជូន​ខ្លួន​ទៅវិញ​កំពុង​ប្រឈម​នឹង​ជីវិត​ដែល​ឥត​ទៀងទាត់​មួយ​។​



​លោក Robert Huynh យំសោក​នឹក​ដល់​បងប្រុស​របស់លោក​ដែល​បាន​ស្លាប់​មិនយូរប៉ុន្មាន​បន្ទាប់ពី​លោក​បានមក​ដល់​សហរ​ដ្ឋ​អាមេរិក យំ​បារម្ភ​ពី​អនាគត​របស់លោក​និង​យំ​អាណិត​ដល់​ម្តាយ​ដែលមាន​វ័យ​៨០​ឆ្នាំ​។​

​លោក Robert Huynh ដែល​កំពុង​ប្រឈមមុខ​នឹង​ការបញ្ជូន​ខ្លួន​ទៅ​វៀតណាម​វិញ​ថ្លែងថា​៖«​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​មិនបាន​នៅក្បែរ​គាត់​នៅ​ដង្ហើមចុងក្រោយ​របស់គាត់​»​។​

​លោក Huynh កូនប្រុស​របស់​ទាហាន​អាមេរិកាំង​ស្បែក​ខ្មៅ​មួយរូប​បាន​មកដល់​សហរដ្ឋអាមេរិក​ជាមួយនឹង​ម្តាយ​និង​បងប្អូន​៣​នាក់​ទៀត​ក្នុង​ឆ្នាំ​១៩៨៤ ក្រោយ​សង្គ្រាម​វៀតណាម​។ បច្ចុប្បន្ននេះ​លោក​មាន​អាយុ​៤៩​ឆ្នាំ​និង​កំពុង​រស់នៅក្នុង​ទីក្រុង Houston រដ្ឋ តិច​សាស​។ លោក​មិនដែល​គិតថា លោក​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ដែលជា​ប្រទេសមួយ​មិន​ស្វាគមន៍​កូន​របស់​ទាហាន​អាមេរិក​។​

​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០០៣ លោក Huynh ត្រូវបាន​កាត់ទោស​ពីបទ​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​។ ក្រោយ​លោក​ត្រូវបាន​ដោះលែង​ខ្លួន ទីភ្នាក់ងារ​អាមេរិក​ទ​ទួល​បន្ទុក​ជនអន្តោប្រវេសន៍​និង​ពន្ធគយ​ឬ ICE បាន​ឃុំខ្លួន​លោក​រយៈពេល​៦​ខែ​ទៀត​។​

​លោក Huynh ថ្លែង​ទៀតថា​៖«​មិនមាន​នរណាម្នាក់​ប្រាប់​ខ្ញុំ​ថា ការប្រព្រឹត្តិ​បទឧក្រិដ្ឋ​អាចធ្វើ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ប្រទេស​កំណើត​វិញ ប្រសិនបើ​ខ្ញុំ​មិនកើត​នៅក្នុង​សហរដ្ឋអាមេរិក​។ មិនមាន​នរណាម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ទេ​។ ខ្ញុំ​មិន​ជឿថា​រដ្ឋាភិបាល​អាមេរិក​អាច​បញ្ជូន​ក្មេង​អាមេរិក​ដូចជា​រូបខ្ញុំ​ទៅវិញ​នោះ​ទ‍េ​»​។​

​លោក​Huynh ជឿថា​លោក​ត្រូវបាន​ការពារ​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៨ ដែល​បញ្ជូន​ខ្លួន​ទៅ​វៀតណាម​តែ​អ្នក​ដែល​មកដល់​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៥​។​

​លោក Daniel Kritenbrink អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​វៀតណាម​ថ្លែងថា​៖ «​សម្រាប់​អ្នក​ដែល​មកដល់​អាមេរិក​មុន​ឆ្នាំ​១៩៩៥ នោះ​មានន័យថា កិច្ចព្រមព្រៀង​នោះ​មិន​រាប់បញ្ចូល​ពួកគេ​នោះ​ទ‍េ​»​។​

​កាលពី​ខែមីនា អាមេរិក​បានចាប់ផ្តើម​ប្រមែប្រមូល​ជនភៀសខ្លួន​វៀតណាម​ទ្រង់ទ្រាយ​ធំ ពិសេស​អ្នក​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​។​

​លោក​Huynh ត្រូវបាន​ឃុំខ្លួន​ដោយ​ទីភ្នាក់ងារ ICE កាលពី​ខែកុម្ភៈ ហើយ​ត្រូវ​ជាប់ឃុំ​ជាង​មួយឆ្នាំ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹង​អំពី​ពេលវេលា​ដែល​ត្រូវ​ដោះលែង​ខ្លួន​នោះទេ​។ ខ្ញុំ​មិនដឹងថា ខ្ញុំ​អាច​នៅ​បន្តទៀត​ឬ​ត្រូវបញ្ជូន​ខ្លួន​ត្រឡប់​ទៅវិញ​នោះទេ​។ ខ្ញុំ​តែ​ចាំមើល​តទៅ​ទៀ​ត‍​»​។​

​មេធាវី​របស់លោក Huynh ជួយ​ឲ្យ​មានការ​ដោះលែង​លោក​កាលពី​ថ្ងៃទី​៧ ខែមីនា ប៉ុន្តែ​ព្រមាន​លោក​ថា លោក​អាច​នឹងត្រូវ​ចាប់ខ្លួន​ម្តងទៀត​នៅពេល​ណាមួយ​។​

​រដ្ឋបាល​លោក ត្រាំ បានចាត់ទុក​វៀតណាម​ថា «​រឹង​រូ​ស‍​» ដែល​មិន​ព្រម​ទទួលយក​អ្នក​ដែល​ត្រូវបាន​បញ្ជូន​ទៅវិញ​។ ដូច្នេះ​សម្រាប់​ពេល​ឥឡូវនេះ លោក Huynh និង​ជនជាតិ​វៀតណាម​ដទៃទៀត​ដូចជា​រូបលោក​ត្រូវ​រស់នៅ​ទាំង​ព្រួយចិត្ត​។​

​លោកស្រី Han Huynh ម្តាយ​របស់លោក Huynh ថ្លែងថា​៖«​កូនប្រុស​របស់ខ្ញុំ​មិនអាច​ត្រូវបញ្ជូន​ទៅវិញ​នោះទេ​។ កូន​ខ្ញុំ​ជា​ពលរដ្ឋ​អាមេរិកាំង​។ មើល​រូបថត​ឪពុក​របស់គេ​ទៅ ឪពុក​របស់គេ​គឺ​ជនជាតិ​អា​មេ​រិ​កាំ​ង‍​»​។​

​ក្រុម​អ្នកជំនាញ​ថ្លែងថា មិនមែន​មានតែ​លោក Huynh ម្នាក់ឯង​នោះទេ​។ លោក​គ្រាន់​ជា​ពលរដ្ឋ​វៀតណាម​ម្នាក់​ក្នុងចំណោម ៨៦០០​នាក់​ដែល​ទីភ្នាក់ងារ ICE ចាត់ទុកថា​ជា ជនបរទេស​ដែល​អាមេរិក​មិន​ចង់បាន ហើយ​ត្រូវបញ្ជូន​ខ្លួន​ត្រឡប់​ទៅវិញ​នៅពេល​ណាមួយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com