អន្តរជាតិ
លោក មហា​ធៀ ហាម​រដ្ឋមន្ត្រី​ទទួល​អំណោយ​ដើម្បី​ធានាថា រដ្ឋាភិបាល​ស្អាតស្អំ​
08, Jun 2018 , 8:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ឈរអមដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ (រូបភាព Malay Mail)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ឈរអមដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ (រូបភាព Malay Mail)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​៨ ខែមិថុនា បានប្រកាស​ដាក់ចេញ​គោលនយោបាយ​គ្មាន​ការទទួល​អំណោយ​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់​អនុវត្ត​។ នយោបាយ​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់​នាយករ​ដ្ឋ​មន្ត្រី​វ័យ​ចំណាស់​រូបនេះ​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត ក៏ដូចជា​បង្កើត​រដ្ឋាភិបាល​ស្អាតស្អំ​។ វា​ក៏​ជាការ​លុបបំបាត់​ទម្លាប់​ចាស់​ដែល​សេសសល់​ពី​អតីត​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់​ផងដែរ​។​



​ដើម្បី​ធ្វើតាម​ពាក្យសន្យា និង​ការបង្កើត​រដ្ឋាភិបាល​មិន​ពុករលួយ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ហាមប្រាម​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​ទទួល​អំណោយ​ថ្លៃៗ​។ លោក មហា​ធៀ ប្រកាស​ដូចនេះ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ស្ដីពី​សុចរិត​ភាព​របស់​រដ្ឋា​ភិ​បាល​។ យ៉ាងណាមិញ គោលនយោបាយ​នេះ​អនុវត្ត​លើ​មន្ត្រី​ស៊ីវិល​ប៉ុណ្ណោះ​។​

​យោងតាម​តាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក មហា​ធៀ បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា ប្រសិនបើ​មាន​វត្ថុ​អំណោយ អាច​ត្រឹម​ជា​ផ្កា អាហារ ឬ​ផ្លែឈើ​ប៉ុណ្ណោះ​។ កាលពី​ក្នុងពេល​ស្វែងរក​គាំទ្រ លោក មហា​ធៀ ដែល​ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​២២​ឆ្នាំ​រួចហើយនោះ បាន​រិះគន់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ថា ពុករលួយ​ខ្លាំង​។ លោក​ក៏បាន​សន្យា​បង្កើត​ច្បាប់​ប្រឆាំង​ការប្រើប្រាស់​ទឹកប្រាក់​ក្នុង​វិស័យ​នយោបាយ និង​រឹតបន្តឹង​ការបរិច្ចាគ​ប្រាក់​ទៀតផង​។​

​បន្ថែម​ពី​ការហាម​ប្រាម​ទទួល​អំណោយ​ថ្លៃៗ នាយករដ្ឋមន្ត្រី​ទី​៧ របស់​ម៉ាឡេស៊ី​រូបនេះ​ក៏​ប្រាប់​ឲ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់ បូករួម​ទាំង​លេខា​របស់​ពួកគេ ប្រកាស​ទ្រព្យសម្បត្តិ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​។ ព័ត៌មាន​ទាំងអស់​ទាក់ទង​ការប្រកាស​ទ្រព្យសម្បត្តិ​នេះ នឹងត្រូវ​ចែករំលែក​ទៅ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ផង ដោយ​លោក មហា​ធៀ អះអាងថា នាយករដ្ឋមន្ត្រី​មិនអាច​លាក់បាំង​អំពើពុករលួយ​របស់​ម​ន្ត្រី​ក្រោម​ឱវាទ​ឡើយ​។​

​តាមពិត​ទៅនោះ បម្រាម​ទទួល​អំណោយ​នេះ ក៏​ជា​វិន័យ​របស់​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ដែរ​។ ពោល គឺ​គណបក្ស Pakatan Harapan ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ក្រោយ​ផ្ដួល​សម្ព័ន្ធភាព Barisan Nasional កម្រិត​មិន​ឲ្យ​អ្នកនយោបាយ​របស់ខ្លួន​ទទួល​អំណោយ​ពី​គេ​ឡើយ វា​លែង​តែ​អំណោយ​នោះ​ជា​ផ្កា ឬ​ជា​ចំណីអាហារ​ប៉ុណ្ណោះ​។​

​សូម​រំឭកថា ក្រោយ​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី ៧ ភ្លាមៗ គេ​ឃើញ​មានការ​បន្ត​សាទរ និង​ការ​ជូនពរ​ឲ្យ​លោក មហា​ធៀ និង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ ព្រមទាំង​បន្ត​ដឹកនាំ​ប្រទេស​ទៅមុខទៀត​។ ប៉ុន្តែ​មាន​ខ្លះទៀត​ជូនអំណោយ​ដល់​លោក មហា​ធៀ និង​ភរិយា​ផងដែរ ប៉ុន្តែ​ត្រូវបាន​បដិសេធ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ លោក មហា​ធៀ អះអាង​ជាថ្មី​ថា បើ​មាន​អ្នក​ចង់​ឲ្យ​អំណោយ​ដល់​លោក នោះ​ពិតជា​មិនបាន​ឡើយ​៕


Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com