ជាតិ
បាក់ឌុប
មន្ត្រី​អប់រំ​ដែល​បំពេញភារកិច្ច​ពេល​ប្រឡង​បាក់​ឌុប ត្រូវ​ស្អាតស្អំ ព្រោះ​បើ​ប្រព្រឹត្តខុស​នឹងរង​ទណ្ឌកម្ម​
19, Aug 2018 , 5:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បុគ្គលិក​អប់រំ​ដែល​ត្រូវបានចាត់តាំង​ឱ្យបំពេញ​ភារកិច្ច​ជា ប្រធាន អនុប្រធាន និង​សមាជិក​នៃ​គណៈមេប្រយោគ គណៈកម្មការ ឬ​អនុ​អ​គណៈកម្មការ​នានា ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ត្រូវ​ទទួលខុសត្រូវ​ក្នុង​ដំណើរការ​ប្រឡង​តាម​ភារកិច្ច​រៀងខ្លួន​។ ក្នុងករណី​ប្រព្រឹត្ត​កំហុស ពួកគាត់​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ ដែលមាន ២​ថ្នាក់ ស្រាល និង​ធ្ងន់​។ នេះ​បើតាម​ការប្រកាស​នៃ​ក្រសួង​អប់រំ ស្ដីពី​ការកម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​ក្នុង​ការប្រឡង​បាក់​ឌុប​។​

 
​សេចក្ដីប្រកាស​ខាងលើ​បាន​បន្តថា ការប្រព្រឹត្ត​សកម្ម​ភាពមិន​ត្រឹមត្រូវ​ក្នុង​ដំណើរការ​ទូទៅ​នៃ​ការប្រឡង ក្នុងនោះ​ជារួម​បង្កើត​បណ្ដាញ​ស្វែងរក​ផល​កម្រៃ​ពី​ការប្រឡង​, យក​ទូរ​សព្ទ ឬ​ឧបករណ៍​អេ​ឡិច​ត្រ​និក​គ្រប់​ប្រភេទ​ចូល​មណ្ឌល​ប្រឡង​, ជួយ​លាក់កំបាំង​ទង្វើ​ខុសឆ្គង​នៃ​គណៈមេប្រយោគ ឬ​គណៈកម្មការ​ប្រឡង​, មិនបាន​អនុវត្ត​ពេញលេញ​ភារកិច្ច​ដែលជា​ការកំណត់​របស់​ក្រសួង​។ 
 
​ការប្រព្រឹត្ត​សកម្ម​ភាពមិន​ត្រឹមត្រូវ​ពេល​សំណេរ ឱ្យ​បេក្ខជន​ចម្លង​កិច្ចការ​គ្នា​,​គំរាម ឬ​សម្លុត​បេក្ខជន​ក្នុងពេល​ប្រឡង​, ធ្វើ ឬ​យក​ចម្លើយ​វិញ្ញាសា​ឱ្យ​បេក្ខជន​, អនុញ្ញាតឱ្យ​បេក្ខជន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ចូល​បន្ទប់​ប្រឡង​, ធ្វើឱ្យ​រំខាន់​ដល់​បេក្ខជន​ក្នុងពេល​ប្រឡង​, ប្ដូរ​ប្លង់​តុ​ឱ្យ​បេក្ខជន​ខុសពី​ការកំណត់​នៃ​គណៈមេប្រយោគ​។ ទាំងអស់នេះ​ជា​ទណ្ឌកម្ម​ថ្នាក់​ទី​១ ដោយ​មិនទាន់​គិតពី​ទោស​តាម​ក្រមព្រហ្មទណ្ឌ​។​
 
​ចំពោះ​ទោស​ប្ប​ញ្ញ​តិ្ត បទល្មើស​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​កា​ប្រឡង តាម​មាត្រា​៥០ នៃ​ច្បាប់​ស្ដីពី​ការអប់រំ​បានចែង​ថា គ្រប់​ទង្វើ​ដែល​ប្រព្រឹត្ត​ដោយ​បុគ្គលិក​អប់រំ​មាន​ភាពមិន​ត្រឹមត្រូវ ក្នុង​ដំណើរកា​នៃ​ការប្រឡង ដូច​បាន​ប្បញ្ញត្តិ​ក្នុង​មាត្រា​២៦ នៃ​ច្បាប់​ដដែល​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ២.០០០.០០០(​ពីរលាន​រៀល​) ទៅ ១០.០០០.០០០(​ដប់​លាន​រៀល​)​។ នេះ​បើតាម​សេចក្ដីប្រកាស​ខាងលើ និង​បាន​បញ្ជាក់ថា​៖«​ក្នុងករណី​មិន​រាងចាល ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទ្វេដង​។ ហើយ​ចំពោះ​បុគ្គលិក​អប់រំ​សាធារណៈ​ត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី​២​បន្ថែមទៀត​»​។​
 
​បទល្មើស​ការបន្លំ​ក្នុងការ​ប្រឡង តាម​មាត្រា​៤៩ នៃ​ច្បាប់​ស្ដីពី​ការអប់រំ ចែងថា សា​ម៉ី​ខ្លួន ឬ​ជន​ណា​ដែល​ប្រឡង​ជំនួស ឬ​បន្លំ​គ្រប់​រូបភាព​ក្នុង​ការប្រឡង​ដូច​បាន​ប្បញ្ញត្តិ​ក្នុង​មាត្រា​២៦ នៃ​ច្បាប់​ដដែល​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១.០០០.០០០(​មួយ​លាន​រៀន​) ទៅ ៥.០០០.០០០(​ប្រាំ​លាន​រៀល​)​។ ក្នុងករណី​មិន​រាងចាល សាមីខ្លួន​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​ទ្វេដង​នៃ​ប្រាក់​ពិន័យ ហើយ​ត្រូវ​ព្យួរ​ការប្រឡង​សម្រាប់​រយៈពេល ២​ឆ្នាំ ឬ​ហាមឃាត់​មិនឱ្យ​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​ជា​ស្ថាពរ​៕

Tag:
 ​បាក់​ឌុប​.​បុគ្គលិក​អប់រំ​
 ​ពិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com