អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម ដាស់តឿន​អ្នកការទូត​ខ្លួន​ឲ្យ​ផ្តោត​ការងារ​លើ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​
19, Aug 2018 , 9:29 pm        
រូបភាព
ដោយ:
​ខណៈពេលដែល​ស្ថានភាព​សេដ្ឋកិច្ច​រក្សា​កំណើន​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់​នោះ រដ្ឋាភិបាល​ក្រុង​ហាណូយ បានស្នើ​ឲ្យ​អ្នកការទូត​របស់ខ្លួន​ទាំងអស់​ផ្តោត​ការងារ​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម និង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ក្រុង​ហាណូយ បាន​មើលឃើញ​ពី​សក្តានុពល​របស់​អ្នកការទូត ពិសេស​អគ្គរដ្ឋទូតរ​បស់​ខ្លួន​ដែល​កំពុង​បម្រើការ​នៅតាម​បណ្តា​ប្រទេស​ដៃគូ​។


​លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc នៅ​ថ្ងៃ​១៥ សីហា បាន​ថ្លែង​ទៅកាន់​មន្ត្រីការទូត​ជាន់ខ្ពស់​របស់ខ្លួន​ថា វិស័យ​ការទូត​ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​តាមរយៈ​ការបំពេញ​មុខងារ​នេះ អ្នកការទូត ក៏​គួរតែ​កែប្រែ​ទំនាក់ទំនង​ល្អ​រវាង​វៀតណាម និង​ដៃគូ​បរទេស​ឲ្យ​ក្លាយជា​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សមាហរណកម្ម​សកល​។ 
 
​តាមរយៈ​សន្និសីទ​ការទូត​លើក​៣០​របស់​ប្រទេស លោកនាយក​រដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​គ្រប់​អ្នកការទូត​វៀតណាម​ទាំងអស់​បំពេញ​តួនាទី​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​តម្រែតម្រង់ និង​លើកកម្ពស់​ភាពជា​ដៃគូ​ពហុភាគី ក៏ដូចជា​ចង្អុលបង្ហាញ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ដោយ​ផ្តោតលើ​សេដ្ឋកិច្ច​ជាធំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ បាន​បន្តទៀត អ្នកការទូត ក៏​ត្រូវតែ​ផ្តល់ព័ត៌មាន និង​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ស្តីពី​ទីផ្សារ​បរទេស ក៏ដូចជា​ផ្តល់​ប្រឹក្សា​លើ​ការទូត​វិស័យសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​បរ​ទេស សម្រាប់​រដ្ឋាភិបាល ក្រសួង អាជ្ញាធរ​តាម​តំបន់ និង​សហគ្រាស​។ លោក សង្កត់ធ្ងន់ថា ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​កាន់តែ​ប្រសិទ្ធភាព និង​នាំ​វៀតណាម​ឲ្យ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឆ្លាត និង​ឌីជីថល « Digital and Smart Economy »​។​
 
​សូមជម្រាបថា តាម​របាយការណ៍​វាយតម្លៃ​សេដ្ឋកិច្ច វៀតណាម​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​។ កន្លងមក អាជ្ញាធរ​វៀតណាម​ព្យាករ​ថា សេដ្ឋកិច្ច​ខ្លួន​នឹង​អាច​កើនឡើង​ដល់ ៦,៨ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ នេះ​ខណៈដែល​ខាង​ធនាគារពិភពលោក​វាយ​តម្លៃ​ថា សេដ្ឋកិច្ច​វៀតណាម​នេះ​អាចមាន​កំណើន​ត្រឹម ៦,៥​ប៉ុណ្ណោះ​៕
 
 
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com