កីឡាជាតិ
ជាតិ
តើ​ទ័ព ឬ ប៉ូលិស ដែល​ក្លាយជា​ម្ចាស់​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៨?
06, Oct 2018 , 11:47 am        
រូបភាព
រូបភាពពីហ្វេសប៊ុក Hun Sen Cup
រូបភាពពីហ្វេសប៊ុក Hun Sen Cup
ដោយ:
​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​ប្រជែង​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែតុលា​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ការចូលរួម​របស់​អ្នកគាំទ្រ​នៅថ្ងៃនេះ មិន​គ្រាប់​តែ​ជួយ​លើកទឹកចិត្ត​កីឡាករ ឬ​ក្លិប​ប៉ុណ្ណោះ​ទេ ថែមទាំង​បានរួម​ចំណែក​ក្នុង​សកម្មភាព​អំពើ​មនុស្សធម៌​ទៀតផង ព្រោះ​ថវិកា​មួយចំនួន ដែល​បាន​ពី​ការលក់​សំបុត្រ នឹង​យកទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។

 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក្រុម​ក្រសួងការពារជាតិ​បាន​ទម្លាក់​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​ទម្លាក់​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​លទ្ធផល ២-០​។ បើតាម​ប្រវត្តិ​តាំងពី​បង្កើត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​២០០៧ នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុម​ទាំង​ពីរបាន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​ក្រសួងការពារជាតិ​ធ្លាប់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​៣​លើក និង​បាន​គ្រង​ជើងឯក​ពីរលើក​នៅ​ឆ្នាំ​២០១០ ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-២ និង​២០១៦ បន្ទាប់ពី​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ដោយ​បាល់​កាត់សេចក្តី ៦-៥ និង​លេខ​២​មួយ​លើក​នៅ​ឆ្នាំ​២០១៣ ចាញ់​ណាហ្គា​វើ​ល​ដោយ​បាល់​កាត់សេចក្តី ៥-៣​។ ក្រុម​នេះ​ទទួលបាន​៤​ម្តង​ផងដែរ​នៅ​ឆ្នាំ​២០១១ ក្រោយ​ចាញ់​ណាហ្គា​វើ​ល ១-០​។ 
 
​ចំណែក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ធ្លាប់​ឈ្នះ​ជើងឯក​១​លើក​នៅ​ឆ្នាំ​២០១៤ ក្រោយ​យកឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០១២ ប៉ូលិស​ទទួលបាន​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម​ឆ្លាម​សមុទ្រ ៣-០ នៅ​វគ្គ​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ មុន​មក​បាន​លេខ​៤​នៅ​ឆ្នាំ​២០១៥ ក្រោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៣-០​។​
 
​អ្នកចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅថ្ងៃនេះ មិន​ត្រឹមតែ​បាន​ជួយ​លើក​ទឹក​ចិ​ត្ដ​កីឡាករ និង​ក្លិប​ប៉ុណ្ណោះ​ទេ ថែមទាំង​បានរួម​ចំណែក​ក្នុង​អំពើ​មនុស្សធម៌​ទៀតផង​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ដក​ថវិកា​ចំនួន​១​ពាន់​រៀល​ពី​ការលក់​សំបុត្រ​នីមួយៗ​យកទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។ សុំ​បុត្រ​ដែល​ដាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​៣​ពាន់​រៀល​សម្រាប់​កន្លែង​អត់​កៅអី និង​៥​ពាន់​រៀលកន្លែង​មាន​កៅអី​៕    
 

Tag:
 បាល់ទាត់​
  ទ័ព​
  ប៉ូលិស​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com