ជាតិ
ថវិកា​រដ្ឋសភា​ឆ្នាំ​២០១៩ នឹង​កើនឡើង​១,៦​ភាគរយ
25, Oct 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថវិកា​រដ្ឋសភា សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៩ នឹង​កើនឡើង​១,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ថវិកា​ទាំងនេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​សេចក្តីព្រាង​ថវិកា នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា​នេះ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ថវិកាជាតិ​ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​

 
​លោក ឡេង ប៉េងឡុង បាន​និយាយថា មូល​ហេតុដែល​ថវិការ​ដ្ឋ​សភា សម្រាប់​ប្រើប្រាស់​ឆ្នាំ​២០១៩ មានការ​កើនឡើង ដោយសារ​រដ្ឋសភា ត្រូវ​ចំណាយ​ច្រើន​លើ​ប្រាក់ខែ​មន្ត្រីរាជការ និង​ប្រាក់​បំណាច់​មុខងារ​មន្ត្រីរាជការ ដែល​ត្រូវបាន​ដំឡើង​១០​ភាគរយ​។ ហេតុផល​មួយទៀត​នោះ គឺ​ការ​កើន​ថវិកា​រដ្ឋសភា​នេះ ដើម្បី​ឲ្យ​មាន​សុក្រឹត្យភាព ជាមួយ​ថវិកា​ខាង​ព្រឹទ្ធសភា​។​
 
​ត្រូវធ្វើ​ឲ្យ​មាន​សុក្រឹត្យភាព​ខាង​ថវិកា​ជាមួយ​ព្រឹទ្ធសភា ពោល​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា ត្រូវតែ​ស្នើ​គ្នា​។ លោក​បន្តថា ហេតុផល​ម្យ៉ាងទៀត​ដែល​ធ្វើ​ឲ្យ​ថវិកាជាតិ ត្រូវ​ចំណាយ​ច្រើនជាង​មុន ក៏ដោយ​សារ​ប្រាក់ខែ​មន្ត្រីរាជការ ត្រូវបាន​ដំឡើង​ផងដែរ​។​
 
​យោងតាម​ច្បាប់​ថវិកា​នេះ រដ្ឋសភា​ចំណាយ ១៨០,៨៨៧.៧​លាន​រៀល ហើយ​ព្រឹទ្ធសភា​ចំណាយ ៧៣,៦១៧​លាន​រៀល​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង​។​
 
​សូម​ស្ដាប់​សំឡេង​អ្នកនាំពាក្យ​រដ្ឋសភា​៖




 
​គួរ​បញ្ជាក់ថា ថវិកាជាតិ​កាលពី​ឆ្នាំ​២០១៨ មាន​ទំហំ ២៤ ៣៧៥ ១០២ លាន​រៀល (​ប្រហែល ៦០៣៣ លាន​ដុល្លារ កើនឡើង ១៥,២​ភាគរយ ធៀប​នឹង​ថវិកា​ក្នុង​ច្បាប់​ឆ្នាំ​២០១៧​។ ថវិកា​ចំណាយ​នេះ គឺ​ស្មើ ២៤,៥៩​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប (GDP) ៕
 
 

Tag:
 ឡេង ប៉េងឡុង​
  រដ្ឋសភា​
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com