កីឡាជាតិ
ជាតិ
លោក ឬ​ទ្ធី សំណាង ជួប​ជជែក​ពី​រឿង​ផ្ទេរ​កីឡាករ​ដ៏​ចម្រូងចម្រាស​ជាមួយ FFC ថ្ងៃនេះ​
20, Dec 2018 , 1:44 pm        
រូបភាព
លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន។ រូបថត វេបសាយភ្នំពេញក្រោន
លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន។ រូបថត វេបសាយភ្នំពេញក្រោន
ដោយ:
​លោក ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ជួប​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​រសៀល​នេះ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​ផ្ទេរ​កីឡាករ​ទាំង​៥​រូប​ដ៏​ចម្រូងចម្រាស​។ តាមពិត​ជំនួប​នេះ គ្រោង​ធ្វើឡើង​តាំងពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ មកម្ល៉េះ តែដោយសារ​ថ្នាក់ដឹកនាំ​ក្លិប​រូបនេះ ជាប់​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​។

 
​ក្រោយ​មាន​បញ្ហា​ចម្រូងចម្រាស​ពាក់ព័ន្ធ​ការផ្ទេរ​កីឡាករ​៥​រូប​របស់​ភ្នំពេញ​ក្រោ​ន​ទៅកាន់​ក្លិប​វិសាខា ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាស​បញ្ឈប់​កម្មវិធី​អភិវឌ្ឍ​ថ្នាល​បាល់ទាត់ និង​ដកខ្លួន​ចេញពី​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​ជាដើម​។ ការប្រកាស​បែបនេះ ធ្វើឡើង​ក្រោម​លក្ខខណ្ឌ ប្រសិនបើ​ពុំ​ទទួលបាន​ដំណោះស្រាយ​សមស្រប​ពាក់ព័ន្ធ​បញ្ហា​ចម្រូងចម្រាស​ខាងលើ​។​
 
​ក្រោយ​បញ្ហា​នេះ​កើតឡើង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែលជា​អាណាព្យាបាល បាន​កោះហៅ​ក្លិប​ទាំងពីរ និង​សាមី​កីឡាករ​មក​សាកសួរ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​រួមមួយ​សម្រាប់​ភាគី​ទាំងពីរ​។ តែ​ភាគី​ក្លិប​ភ្នំពេញ​ក្រោ​ន​ត្រូវបាន​អវត្តមាន​ក្នុងជំនួប ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១៨ ដោយសារ​ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស​។ 
 
​មកទល់ពេលនេះ​សហព័ន្ធ​បាន​ជួប​ភាគី​ខាង​ក្លិប​វិសាខា និង​សាមីខ្លួន​កីឡាករ​ហើយ​នៅឡើយ​តែ​ខាង​ភ្នំពេញ​ក្រោ​ន​តែប៉ុណ្ណោះ​។ បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន លោក ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ជជែក​រកហេតុ​ផល​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​។ ទាំង​ថ្នាក់ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​វិសាខា​សុទ្ធតែ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការសម្របសម្រួល​របស់​សហព័ន្ធ​ពាក់ព័ន្ធ​បញ្ហា​ដ៏​ចម្រូងចម្រាស​នេះ​។  
 
​ក្រោយ​ការចាកចេញ​របស់​កីឡាករ​៥​រូប​រួម ស៊ិន កក្កដា​, អ៊ិន សូ​ដា​វីដ​, អ៊ុក សុវណ្ណ​, គឹម ឆៃ​យ៉ា និង កែន ចាន់​សុភ័ក្ត្រ ដែលជា​យុវជន​ថ្នាល​របស់​ភ្នំពេញ​ក្រោ​ន​ទៅកាន់​ក្លិប​វិសាខា ដោយ​គ្មាន​សំណង​អភិវឌ្ឍន៍ ក្លិប​ភ្នំពេញ​ក្រោ​ន​បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា​៖«​ក្លិប​នឹងមិន​ចេញ​លិខិត​អនុញ្ញាតិ​សម្រាប់​កីឡាករ​ណា​ម្នាក់​ដែល​ស្ថិតក្នុង​គម្រោង​នៃ​ការបណ្តុះបណ្តាល​ថ្នាល​របស់​ភ្នំពេញ​ក្រោ​ន​ទៅកាន់​ក្លិប​ដទៃ ដោយ​គ្មាន​តម្លៃ​សំណង​អភិវឌ្ឍន៍​នោះឡើយ ហើយ​ប្រសិនបើ​បញ្ហា​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ដោយ​សមស្រប​ទេ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹង​បញ្ឈប់​សកម្មភាព​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​ទាំងអស់ ហើយនឹង​ប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​លី​គ​កំពូល​កម្ពុជា ឬ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​»៕  

Tag:
 បាល់ទាត់​
  ឬ​ទ្ធី សំណាង​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com