ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​ព្រាប កុល​៖ ដំណោះស្រាយ​គឺ លែង​លោក កឹម សុខា បើកផ្លូវ​ឲ្យ​អ្នកប្រឆាំង ហើយ​ចរចា​
20, Dec 2018 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដែល​ហាក់ដូចជា​ចេញមុខ​ញឹកញាប់​ក្នុងការ​និយាយ​រឿង​នយោបាយ នៅតែ​ព្រួយបារម្ភ​ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប ដែលមាន​បំណង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ លោក ផ្តល់​ដំណោះស្រាយ​៣​យ៉ាង​ជូន​អ្នកនយោបាយ ដែល​លោក យល់ថា​ជា​គន្លឹះ​ធ្វើ​ឲ្យ​គេច​ផុតពី​ការខាតបង់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​អឺរ៉ុប ដោយសារតែ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។


 
​ដំណោះស្រាយ​ទី​១ ដែល​លោក ព្រាប កុល ចង់បាន គឺ​ការដោះលែង​លោក កឹម សុខា។ ​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​យក​ដំណោះស្រាយ​នេះ​ទៅ​ពិចារណា​និង​អនុវត្ត ខ្ញុំ​សុខចិត្ត​ទទួល​ថា ខ្ញុំ ជា​អ្នកចាញ់​ឬ​ជា​អ្នក​អន់ ជំនួស​ឥស្សរៈជន​នយោបាយ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ទាំងអស់​...​។ សូម​ទម្លាក់​ការ​ចាញ់ ឬ​ភាព​អន់​ឲ្យ​មក​ខ្ញុំ​ចុះ​។ ខ្ញុំ​សុខចិត្ត​ទទួល​ម្នាក់ឯង ដរាបណា​ភាពខ្លាំង​និង​ជ័យជម្នះ​បាន​ទៅដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​»​។​
 
​ក្នុងចំណោម​ចំណុច​ទាំង​៣​របស់លោក ព្រាប កុល ចំណុច​ទី​១ ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា គឺ​ស្រប​នឹង​លោក សម រង្ស៊ី​។ ចំណែក​ការផ្តល់​សិទ្ធិ​នយោបាយ និង ការចរចា លោក សម រង្ស៊ី មិនត្រូវ​ការ​ទេ​។ 
 
​លោក សម រង្ស៊ី ប្រកាសថា លុះត្រា​ដោះលែង​លោក កឹម សុខា ជាមុនសិន ទើប​លោក និង​អ្នក​ផ្សេងទៀត យល់ព្រម​ទទួលយក​សិទ្ធិ​នយោបាយ​។ ចំណែក​រឿង​ចរចា លោក អះអាងថា មិន​ចរចា​ខ្លួនឯង​ទេ គឺ​ទុក​ឲ្យ​សម្តេច ហ៊ុន សែន ក៏ដូចជា​គណបក្សកាន់អំណាច ចរចា​ជាមួយ​អន្តរជាតិ​វិញ​។ 
 
​លោក សម រង្ស៊ី ចង់បាន​៥​ចំណុច​សំខាន់ៗ គឺ​ដោះលែង​លោក កឹម សុខា ទម្លាក់​បទ​ចោទ​ចេញពី​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងអស់ ឲ្យ​អតីត​គណបក្សប្រឆាំង ធ្វើ​សកម្ម​ដូច​មុន ប្រគល់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទៅ​ឲ្យ​មន្ត្រី​គណបក្សប្រឆាំង​វិញ និង បោះឆ្នោត​សាជាថ្មី​។ លោក ទាមទារ​ថា ចំណុច​ទាំង​៥​នេះ ត្រូវតែ​ធ្វើតាម​លំដាប់លំដោយ ហើយ​មិនអាច​ខ្វះ​ចំណុច​ណាមួយ​ឡើយ​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ថា លក្ខខណ្ឌ​ទាំង​៥​ចំណុច​របស់លោក សម រង្ស៊ី មិនអាច​ទៅរួច​នោះទេ​។ លោក បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ទោះ​ប្រើ​មធ្យោបាយ​ណាក៏ដោយ ក៏​មិនអាច​ស្តារ​បានដែរ​។  ទោះបី​ដាក់​លក្ខខណ្ឌ​៥​ចំណុច ដែល​លោក សម រង្ស៊ី បានលើកឡើង​ក៏ដោយ ក៏​មិនអាច​ទៅរួច​ជាដាច់ខាត​។ អង្ករ បានក្លាយ​ជា​បាយ​ទៅហើយ​»៕ 

Tag:
 ព្រាប កុល​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com