ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​នាយករដ្ឋមន្ត្រី​ព្រមាន​ដាក់​ខ្នោះ លោក សម រង្ស៊ី តប​ថា​នឹង​មក​កម្ពុជា នៅ​ឆ្នាំ​២០១៩
29, Dec 2018 , 4:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ



លោក សម រង្ស៊ី ហាក់​មិន​ញញើត​នឹង​ការព្រមាន​ចាប់​ដាក់គុក​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ ក្រោយ​ឮ​ការព្រមាន លោក ក៏បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា លោក នឹង​វិល​មក​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​។
 
​លោក សម  រង្ស៊ី ក៏បាន​លើកឡើង​ក្នុង​វិទ្យុ​អាស៊ីសេរី​ផងដែរ ពី​ការធ្វើ​មាតុភូមិ​និវត្ត​នេះ​។ ប៉ុន្តែ លោក មិន​ប្រាប់​ឡើយ​ថា លោក នឹង​វិល​មក​នៅ​ថ្ងៃ​-​ខែ​ណា​ឲ្យ​ច្បាស់​លាស់។ ក្នុង​បទ​សម្ភាស​ជាមួយ​លោក ជុន ច័ន្ទ​បុត្រ លោក សម  រង្ស៊ី បាន​ប្រៀបធៀប​ថា កងទ័ព ដែល​រៀបចំ​ប្រតិបត្តិ​សឹក ដើម្បី​វាយលុក​ទីណា​មួយ មិនអាច​ប្រកាស​ប្រាប់សត្រូវ​ពី​គម្រោង​របស់ខ្លួន​នោះទេ​។ 
 
​លោក ពន្យល់​បែបនេះ​ថា​៖«[….] គេ​មិនដែល​ប្រាប់​មុន​ទេ​ថា ទៅតាម​ផ្លូវ​នេះ តាម​ច្រក​នោះ ម៉ោង​ប៉ុន្មាន​ទៅដល់ តាមរបៀប​យ៉ាងម៉េច និង​មាន​កម្លាំង​ប៉ុន្មាន​។ បើ​យើង​ជា​មេទ័ព ហើយ​យើង​ប្រកាស​ឲ្យ​ខ្មាំង ដឹង​មុន​ទាំងអស់​ថា យើង ធ្វើ​អី អាហ្នឹង គេ ចាំ​វាយឆ្មក់ គេ​ចាំ​កម្ទេច​យើង​ហើយ​.....»​។ 
 
​ក្រៅពី​និយាយ​ពី​ការធ្វើ​មាតុភូមិ​និវត្ត លោក សម  រង្ស៊ី ដែល​ទើបនឹង​ឡើងកាន់តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បង្ហាញ​ការជឿជាក់​របស់លោក​ផងដែរ​ថា កម្ពុជា នឹងត្រូវ​ផ្លាស់ប្តូរ​ជាមិនខាន​។ លោក សង្កត់​បែបនេះ​ថា​៖«​ខ្ញុំ​ជឿជាក់​១០០​ភាគរយ ថា​នឹងមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ក្នុងអំឡុង​ឆ្នាំ​២០១៩ ដូច​អ្វីដែល​ប្រជារាស្ត្រ​ខ្មែរ​រង់ចាំ​ចង់​បានយូរ​មកហើយ​។ [.....] ឆ្នាំ​២០១៩ យើង​នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ នៅ​ប្រទេស​កម្ពុជា​»​។ 
 
​លោក សម  រង្ស៊ី ប្រកាស​ជាថ្មី​ពី​ការវិលត្រឡប់​នេះ គឺ​បន្ទាប់ពី​ឮ​ការព្រមាន​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នាពេល​ថ្មីៗ​នេះ ប្រធាន​គណបក្សកាន់អំណាច បាន​ពន្យុះ​លោក សម រង្ស៊ី ឲ្យ​វិល​មកវិញ បើ​ពិតជា​ក្លាហាន​មែន​។ ប៉ុន្តែ មេដឹកនាំ​រូបនេះ បាន​ព្រលយ​ពាក្យ​បំភ័យ​តាម​ក្រោយ​ថា «​គុក​និង​ខ្នោះ​» បាន​ត្រៀម​សម្រាប់​លោក សម  រង្ស៊ី រួចហើយ​។ 
 
​ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​ឆ្លៀត​ចំអក​ឲ្យ​លោក សម  រង្ស៊ី តាម​មេដឹកនាំ​របស់ខ្លួន​ផងដែរ​។ លោក បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​បែបនេះ​ថា​៖«​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាប់​ទណ្ឌិត​សម  រង្ស៊ី ញាត់​គុក និង​បង្ក្រាប​គ្រប់​ជន​ទំ​ង​ឡាយ​ណា ដែល​ធ្វើ​សកម្មភាព​ញុះញង់​ឲ្យ​មានការ​គាំទ្រ​ទណ្ឌិត​សម  រង្ស៊ី​....»​។​
 
​លោក សម  រង្ស៊ី ប្រកាស​មិនតិច​ដង​ឡើយ​ពី​គម្រោង​វិល​មក​កម្ពុជា​។ ប៉ុន្តែ ការប្រកាស​ទាំងនោះ តែងតែ​ស្ងាត់​ទៅវិញ​។ លោក ព្យាយាម​បកស្រាយ​ថា មូលហេតុ​ដែល​លោក រំសាយ​គម្រោង​វិល​មក​កម្ពុជា គឺ​ដោយសារតែ​សភាពការណ៍​មិនទាន់​សមស្រប និង​មាន​គេ ហាមឃាត់​។ 
 
​ចំណែក ការប្រកាស​របស់លោក សម  រង្ស៊ី ថា កម្ពុជា​នឹងមាន​ការផ្លាស់ប្តូរ​នោះ ក៏​គេ​បាន​ឮជា​ញឹកញាប់​ដែរ​។ ប៉ុន្តែ​ជា​លទ្ធផល គេ នៅតែ​ឃើញ​គណបក្សកាន់អំណាច បន្ត​ដឹកនាំ​ប្រទេស​ដដែល ហើយ​ក្រុម​អ្នកប្រឆាំង​របស់លោក នៅតែ​ខ្ចាត់ខ្ចាយ​និង​បែកខ្ញែក​ពីគ្នា ដោយ​អ្នកខ្លះ រស់នៅក្នុង​ស្រុក​ដោយ​ស្ងៀមស្ងាត់ និង​អ្នកខ្លះ បន្ត​ទ្រាំ​រស់​នៅឯ​ក្រៅប្រទេស​។ 
 
​យ៉ាងណាក៏ដោយ ស្ថានភាព​នៅ​កម្ពុជា អាច​នឹងមាន​ការប្រែប្រួល ប្រសិនបើ​មេដឹកនាំ​ខាង​ប្រឆាំង​និង​មេដឹកនាំ​ខាង​កាន់អំណាច ត្រូវរ៉ូវ​គ្នា ដោយ​ប្រការ​ណាមួយ នាពេលខាងមុខ​។ មជ្ឈដ្ឋាន​ជាច្រើន ជាពិសេស​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ បាន​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ សម្រុះសម្រួល​គ្នា និង​ព្យ​យាម​កែប្រែ​ស្ថានការណ៍​ឲ្យ​មាន​ភាពល្អប្រសើរ ដើម្បី​គេចផុត​ពី​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​៕  

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com