ខ្មែរ​ក្រហម
ជាតិ
អង្គជំនុំជម្រះ​សាលាដំបូង​បញ្ជាក់បន្ថែម​ស្តីពី​ការអនុវត្ត​ចំពោះ អៀង ធី​រិ​ទ្ធ
22, Jul 2013 , 4:51 pm        
រូបភាព
លោក និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ បានធ្វើការ​បញ្ជាក់បន្ថែម​ទាក់ទង​នឹង​ដីកា​បង្គាប់​ស្តីពី​វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ។


កាលពី​ខែកញ្ញា ឆ្នាំ២០១២ អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដោយសារតែ​បញ្ហា​ស្មារតី ប៉ុន្តែ​ការដោះលែង​នេះ ត្រូវ​ស្ថិតនៅក្រោម​លក្ខខណ្ឌ​មួយចំនួន។

ការបញ្ជាក់​បន្ថែម​រប​ស់​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម គឺ​ដើម្បី​ឆ្លើយតប​នឹង​មេធាវី​ការពារ​ក្តី អៀង ធី​រិ​ទ្ធ ដែល​សុំ​ការណែនាំ និង​ការបញ្ជាក់​បំភ្លឺ​លក្ខខណ្ឌ​នៃ​ការដោះលែង​ជនជាប់ចោទ​ដែល​បច្ចុប្បន្ន​មាន​វ័យ៨១ឆ្នាំ។

យោងតាម​លោក នេ​ត ភ​ត្រា អ្នកនាំពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ មិនមាន​អ្វី​ខុសពី​ការសម្រេច​កន្លង​មកឡើ​យ ប៉ុន្តែ​ចំណុច​ដែល​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង បាន​បន្ថែម​នោះ គឺ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចេញ​ដីការ​បង្គាប់​ដាច់ដោយឡែក​មួយ​ទាក់ទង​នឹង​ការវាយតម្លៃ​ឡើងវិញ​ជា​ទៀត​ទាត់​លើ អៀង ធី​រិ​ទ្ធ អំពី​មុខងារ​សតិបញ្ញា​ស្មារតី​របស់គាត់​នៅក្នុង​ខែកញ្ញា ឆ្នាំ២០១៣ និង​ការតែងតាំង​អ្នកជំនាញ​មួយរូប​នាពេល​សមស្រប​ខាងមុខ។

សូមបញ្ជាក់ថា សេចក្តី​បង្គាប់​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​បាន​តម្រូវ​នោះ គឺ អៀង ធី​រិ​ទ្ធ ឬ​អាណា​ព្យ​បាល​ទូទៅ ត្រូវធ្វើ​ការជូនដំណឹង​យ៉ាងតិច៧ថ្ងៃ មុនពេល​ផ្លាស់ប្តូរ​អាស័យដ្ឋាន​រស់​នៅ និង​មុន​ការស្នើសុំ​ធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា។

បន្ថែម​ពីលើ​នេះ អង្គជំនុំជម្រះ​សាលាដំបូង តម្រូវ​ឲ្យ​មានការ​ផ្តល់​ការបញ្ជាក់​ជា​រៀងរាល់ខែ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ថ្ងៃ​ធ្វើការ​ក្នុងនីមួយៗ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៣ ទាក់ទង​នឹង​ការរស់នៅ​ក្នុង​អាស័យដ្ឋាន​បច្ចុប្បន្ន និង​សេចក្តីរាយការណ៍​អំពី​ការគំរាមកំហែង​នានា។ ប្រសិនបើ​ធ្វើដូច្នេះបាន អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ពុំ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​បញ្ហា​សន្តិសុខ​បន្ថែម​ណាមួយ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com