ជាតិ
ក្រសួងទេសចរណ៍ ព្រមាន​ដក​អាជ្ញា​បណ្ណ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​
15, Jan 2019 , 10:19 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបពីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ ព្រមាន​ដក​អាជ្ញា​បណ្ណ​អាជីវកម្ម​ពី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់​កំណត់​។​នេះ​បើ​យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១៤ មករា​។

 
​ក្រសួងទេសចរណ៍ នឹង​ពិនិត្យ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​នៅតាម​ទីកន្លែង​ទេសចរណ៍​ទូទាំងប្រទេស​។ ក្នុងករណី​ដែល​ក្រសួង​ពិនិត្យឃើញថា កន្លែង​អាជីវកម្ម​ណាមួយ គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ពី​ក្រសួងសុខាភិបាល ,​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទេនោះ ក្រសួង​នឹងមិន​ផ្ដល់​អាជ្ញា​បណ្ណ​ទេសចរណ៍​ដល់​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ឡើយ​។​
 
​ដោយឡែក​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ពុំបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ,​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នោះ ក្រសួង​នឹង​ដកហូតយក​អាជ្ញា​បណ្ណ​នោះមក​វិញ​។​
 
​ក្រសួងទេសចរណ៍ អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​នៅ​តំបន់​ទេសចរណ៍​ទាំងអស់ យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​នេះ​៕



Tag:
 ​ទេសចរណ៍​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com