ខ្មែរ​ក្រហម
ជាតិ
សវនាការ​សន្និដ្ឋាន​ប​ញ្ច​ប់​ការដេញដោល​សំណុំរឿង០០២/0១ចាប់ផ្តើម​នៅ​ខែតុលា
25, Jul 2013 , 8:32 am        
រូបភាព
ដោយ: រួបរួម
អង្គជំនុំជម្រះ​សាល​ដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បានប្រកាស​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ក្នុង​សំណុំរឿង០០២/០១ នឹង​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃទី៩ ដល់ទី២២ ខែតុលា ឆ្នាំ២០១៣ ។


នា​អំឡុង​ពេលនោះ ភាគី​សហ​ព្រះរាជអាជ្ញា​នឹងមាន​រយៈពេល៣ថ្ងៃ ភាគី​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី មាន​ពេលវេលា​ចំនួន១ថ្ងៃ ហើយ​ភាគី​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន នឹងមាន​ពេលវេលា២ថ្ងៃ​សម្រាប់​ក្រុម​នីមួយ ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​របស់ខ្លួន។

ពេលវេលា១ថ្ងៃ​ត្រូវបាន​បំរុង​ទុក​សម្រាប់​ការឆ្លើយតប។ ភាគី​នានា​ត្រូវបាន​ផ្តល់​ពេលវេលា​រហូតដល់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បី​ដាក់​សា​រណា​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​របស់ខ្លួន។

ថ្ងៃ​សវនាការ​ចុងក្រោយ​លើ​សំណុំរឿង០០២/០១ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ដោយ​ចាប់តាំងពី​ចាប់ផ្តើម​បើកសវនាការ​លើ​អង្គសេចក្តី​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ រហូតដល់​ពេលនេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ដំណើរការ​សវនាការ​ចំនួន២១២ថ្ងៃ។

បុគ្គល​ចំនួន ៩២ រូប បានផ្តល់​សក្ខីកម្ម​នៅក្នុង​អំឡុងពេល​នៃ​សវនាការ​នេះ ដែល​ក្នុងនោះ​រួមមាន អ្នកជំនាញ​ចំនួន៣រូប សាក្សី​ចំនួន៥២រូប សាក្សី​អត្តចរិត​ចំនួន៥រូប និង​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន៣២ រូប។ បន្ថែម​ពីលើ​នេះ វេជ្ជបណ្ឌិត​ព្យាបាល​ចំនួន ២ រូប និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចំនួន ២ រូប បាន ផ្តល់​សក្ខីកម្ម​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​របស់​ជនជាប់ចោទ។

របាយការណ៍​ក៏បាន​បង្ហាញ​ផងដែរ​ថា នៅក្នុង​អំឡុងពេល​ការ​សវនាការ​លើ​សំណុំរឿង០០២/០១  ភាគី​នានា​បាន​ប្តឹង​សុំ​ជា​លាយលក្ខណ៍អក្សរ​ចំនួន​ជាង២៩០បណ្តឹង ហើយ​ជា​លទ្ធផល​គឺមាន​សេចក្តីសម្រេច​ជា​លាយលក្ខណ៍អក្សរ​និងសេចក្តីសម្រេច​ដោយផ្ទាល់​មាត់​ចំនួន​ជាង២៥០សេចក្តីសម្រេច។ ឯកសារ​ជាង៤០០០ត្រូវបាន​សម្រេច​ទទួល​យក​ដាក់​ក្នុង​សំណុំរឿង០០២/០១ ដែល​សរុប​ទាំងអស់​មាន​ចំនួន ១៦៦.៥០០ទំព័រ ជា​បី​ភាសា។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ដំណើរការ​ជំនុំជម្រះ​ក្តី​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន ដោយមាន​ការចូល​តាម​ដាន​ពី​សាធារណជន​ចំនួន៩៨ ៦៧០នាក់ នៅក្នុង​កិច្ចដំណើរការ​សវនាកា​រលើ​សំណុំរឿង ០០២/០១ ក្នុង​រយៈពេល​ចំនួន ២១២ ថ្ងៃនេះ។

ជនជាប់ចោទ​នៅក្នុង​សំណុំរឿង ០០២/០១ រួមមាន នួន ជា អតីត​អនុ​លេខា​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា ហើយ​ខៀវ សំផន គឺជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០១ ផ្តោតទៅលើ​ការចោទប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ទាក់ទង​អង្គហេតុ​នៃ​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ខែមេសា ឆ្នាំ១៩៧៥ និង ការជម្លៀស​ប្រជាជន​ពី​តំបន់ផ្សេងៗទៀត (ដំណាក់កាល​ទី១ និង​ទី២) ហើយនឹង​ការចោទប្រកាន់​ពី​ការសម្លាប់​រង្គាល​ទៅលើ​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ នៅក្នុង​ទឹកដី​ខេត្តពោធិសាត់។

អង្គជំនុំជម្រះ​សាលាដំបូង​ក៏បាន​ស្តាប់​ភស្តុតាង​នានា​ទាក់ទង​នឹង​ប្រវត្តិ​និង​ការបង្កើតឡើង​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ និង​តួនាទី​របស់​ជនជាប់ចោទ​ដែល​ត្រូវបាន​ចោទប្រកាន់ នៅក្នុង​រដ្ឋាភិបាល ក៏ដូចជា​ភស្តុតាង​នានា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com