ខ្មែរ​ក្រហម
ជាតិ
បើ​គ្មាន​ដំណោះស្រាយ​បញ្ហា​ថវិកា បុគ្គលិក​ជាតិ​សាលាក្តី​នឹង​សុំ​សម្រាក​បណ្តោះអាសន្ន
31, Jul 2013 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៣ នេះ​ថា ភាគី​ជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​និង​កំពុងតែជួបប្រទះ​នូវ​កង្វះ​សាច់ប្រាក់​ដ៏​ធ្ងន់ធ្ងរ ហើយ​មន្ត្រី​បុគ្គលិក​ជាតិ​ចំនួន​ជិត ២៥០នាក់ ចាប់ពី​អ្នកបើកបរ​រហូតដល់​ចៅក្រម​មិន​ទទួលបាន​ប្រាក់ខែ​របស់ខ្លួន​រយៈពេល​ជាង ២ ខែ​មកហើយ​គឺ​ខែមិថុនា និង​ខែកក្កដា។


រហូតមកទល់​ពេលនេះ​មិនទាន់មាន​ម្ចាស់ជំនួយ​ណាមួយ​សន្យា​ផ្តល់​វិភាគទាន​បន្ថែម​នៅឡើយ​ទេ ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​លើ​បញ្ហា​កង្វះ​ថវិកា​នេះ​ចេះតែ​បន្ត។ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា នេះ​គឺជា​ការ​ប្រឈម​ជាថ្មី​របស់​ភាគី​ជាតិ​នៃ អ.វ.ត.ក ដែល​គ្មាន​សាច់ប្រាក់​ក្នុងការ​ដំណើរ​ការងារ​របស់ខ្លួន។ លោក​បាន​បន្តថា ភាគី​ជាតិ​បាន​ជួបប្រទះ​កង្វះ​សាច់ប្រាក់​តាំងពី​ចុងខែ​ឧសភា​មកម្ល៉េះ។

មន្ត្រី​នាំពាក្យ​បាន​ថ្លែងថា៖ « បុគ្គលិក​ជាតិ​ទាំងអស់​បាន​អត់ទ្រាំ​ចំពោះ​ការបំពេញ​ការងារ​ដោយ​មិន​ទទួលបាន​ប្រាក់ខែ​រយៈពេល​ពីរ​ខែ​មកហើយ។ មន្ត្រី​បុគ្គលិក​ទាំងអស់​នឹង​បន្ត​តស៊ូ​បំពេញការងារ​ក្នុង​រយៈពេល២ សបា្តហ៍​ទៀត ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​នោះទេ ពួកគាត់​នឹង​អាច​សុំ​សម្រាក​បណ្តោះអាសន្ន​ពី​ការងារ​នៅ​សាលាក្តី​ដើម្បី​ស្វែង​រកមុខ​របប​ផ្សេង​បណ្តោះអាសន្ន​ដើម្បី​ផ្គត់ផ្គង់
ជីវភាព និង​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគាត់​រហូតដល់​មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រាក់ខែ»។

វិបត្តិ​ខ្វះ​សាច់ប្រាក់​នេះ​បានកើត​ឡើង​ខ្លាំង​ខណៈដែល​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អ.វ.ត.ក បានប្រកាសថា​សវនាកា​រ ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ក្នុង​សំណុំ រឿង០០២/០១ នឹង​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៣ វេលា​ម៉ោង ៩ ព្រឹក ហើយនឹង​បន្ត​រហូតដល់​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១។ ថ្ងៃ​សវនាការ​ចុងក្រោយ​លើ​សំណុំរឿង ០០២/០១ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១។ ចាប់តាំងពី​ចាប់ផ្តើម​បើកសវនាការ​លើ​អង្គសេចក្តី នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១១ រហូតដល់​ពេលនេះ អង្គជំនុំជម្រះ​សាលាដំបូង បាន​ដំណើរការ​សវនាការ​ចំនួន ២១២ ថ្ងៃ។
   
ប្រឈមមុខ​នឹង​គម្រោង​សុំ​ឈប់សម្រាក​បណ្តោះអាសន្នរ​បស់​មន្ត្រី​បុគ្គលិក​ជាតិ​មួយចំនួនធំ ដោយសារតែ​មិន​ទទួលបាន​ប្រាក់ខែ​នេះ​លោក​នេត្រ ភក្ត្រា បាន​ថ្លែងថា ការងារ​ប្រចាំថ្ងៃ​របស់​តុលាការ នឹងត្រូវ​ធានា​ក្នុង​កម្រិត​អ​ប្បរមា​បំផុត នៅក្នុង​អំឡុង​ពេលនោះ ដោយសារតែ​បុគ្គលិក​មួយចំនួនធំ​នឹង ត្រូវសុំ​ឈប់សម្រាក។

លោក​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការឈប់​សម្រាក​របស់​មន្ត្រី​បុគ្គលិក​ជាតិ
នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ស្នូល ដែល​គាំទ្រ​ដល់​ដំណើរការ​របស់​តុលាការ​រួមមាន​ផ្នែក​ច្បាប់ ផ្នែក ព័ត៌មានវិទ្យា និង​ជាពិសេស​ផ្នែក​បកប្រែ​ភាសា ដោយសារតែ​នៅពេលនេះ អង្គជំនុំជម្រះ​សាលាដំបូង មាន​កិច្ចការ​ជាច្រើន​ត្រូវធ្វើ និង​មាន​ការធ្វើ​សេចក្តីសម្រេច និង​ឯកសារ​ជាច្រើន​ត្រូវ​បកប្រែ​ដើម្បី​ឈាន ទៅដល់​ការបើក​សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង ០០២/០១ នា ពេលខាងមុខ។

សាលាក្តី​ខ្មែរក្រហម ដែលមាន​ការចូលរួម​ពី​ភាគី​ជាតិ និង​អន្តរជាតិ​អាច​ដំណើរការ​ទៅបាន​អា ស្រ័យ​លើ​វិភាគទាន​ស្ម​គ្រ​ចិត្ត​ពី​ក្រុម​ប្រទេស​ម្ចាស់ជំនួយ។ ចាប់តាំងពី​ឆ្នាំ២០០៦ រហូតដល់​ឆ្នាំ ២០១២ តុលាការ​ចម្រុះ​នេះ បាន​ចំណាយ​ប្រាក់​ចំនួន ១៧៣,៣លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ភាគី​ជាតិ​ចំណាយ
ថវិកា​អស់ ៤២,១លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ​ចំនួន ១៣១,២លាន​ដុល្លារ​អាមេរិក។

សម្រាប់ ឆ្នាំ ២០១៣ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹងថា ភាគី​អន្តរជាតិ​មាន​គម្រោង​ចំណាយ ២៦ លាន​ដុល្លារ​អាមេរិក ហើយ​ភាគី​ជាតិ​គ្រោង​ចំណាយ​ចំនួន ៩,៤លាន​ដុល្លារ​អាមេរិក។ លោក​បាន​បន្តថា ក្នុង​គម្រោង​ថវិកា​ឆ្នាំ ២០១៣ របស់ខ្លួន ភាគី​ជាតិ​នៃ​សាលាក្តី​ត្រូវការ​ថវិកា​ប្រមាណ​ជា ៣,៤លាន​ដុល្លារ អាមេរិក​ថែមទៀត​ដើម្បី​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ពី​ខែមិថុនា រហូតដល់​ដំណាច់ឆ្នាំ ២០១៣ ។

មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា រដ្ឋបាល​ភាគី​ជាតិ​នៃ​សាលាក្តី​បានធ្វើការ​កែសម្រួល​រចនា​សម្ព័ន្ធ​ការងារ​ពី​រចនាសម្ព័ន្ធ​ដែល​ធំ​មកជា​រចនាសម្ព័ន្ធ​សមល្មម ចំណាយ តិច និង​មាន​ប្រសិទ្ធភាព។

លោក​បន្តថា រដ្ឋបាល​នៃ​អ​វត​កមាន​កាតព្វកិច្ច​ក្នុង​ការធានា​ផ្តល់​សេវា​ជា អតិបរមា​បំផុត​សម្រាប់​តុលាការ ហើយ​ការកែសម្រួល​រចនាសម្ព័ន្ធ​តាមរយៈ​ការកាត់បន្ថយ​មន្ត្រី​បុគ្គលិក ១០% កាលពី​ចុងខែ​មិថុនា​បានធ្វើ​ឲ្យ​ភាគី​ជាតិ​នៃ​សាលាក្តី​អាច​សន្សំសំចៃ​ថវិកា​ប្រមាណ ១លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​បច្ចុប្បន្ន តុលាការ​ជួបប្រទះ​កង្វះ​សាច់ប្រាក់ និង​គ្មាន​ការធានា​ពី​បញ្ហា​ប្រាក់ខែ​របស់ មន្ត្រី​បុគ្គលិក​ជាតិ​ដែល​បម្រើ​ការងារ​នៅ​ទីនោះ ដែលជា​បច្ច័យ​មួយ​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរ ការ​តុលាការ។

លោក​បន្តថា ដោយសារតែ​កង្វះ​មន្ត្រី​បុគ្គលិក​នាពេលខាងមុខ បើសិនជា​គ្មាន​ដំណោះ  ស្រាយ​ទេ នោះ​វា​អាច​នឹងធ្វើ​ឲ្យ​គម្រោងការ​នានា​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​ការធ្វើ​សេចក្តី សន្និដ្ឋាន​បិទ​បញ្ចប់​សំណុំរឿង ០០២/០១ នៅ​ខែតុលា និង​ការប៉ុនប៉ង​ក្នុងការ​ប្រកាស​សាលក្រម​លើ សំណុំ​រឿងនេះ​នៅ​ចុង​ត្រីមាស​ទី១ ឆ្នាំ ២០១៣ អាច​នឹងត្រូវ​ពន្យារពេល។

ជាថ្មី​ម្តងទៀត មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អំពាវនាវ​ដល់​ក្រុម​ប្រទេស​ជំនួយ​ទាំងឡាយ បន្ត​ផ្តល់​ការគាំទ្រ​ថវិកា​ជូន​ដល់​សាលាក្តី​ខ្មែរក្រហម​ដើម្បី​មាន​ថវិកា​គ្រប់គ្រាន់​អាច​ដំណើរ​ការងារ​របស់ខ្លួន​ឲ្យ​ចប់​ចុង​ចប់​ដើម៕
   

   
     



© រក្សាសិទ្ធិដោយ thmeythmey.com