ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មិនទាន់មានការគិតគូរគ្រប់គ្រាន់ ឲ្យស្ត្រីចូលក្នុងសេដ្ឋកិច្ច សង្គម នយោបាយពេញទំហឹង អ្នកស្រី លឹម សូលីន នាយិកា Oxfam ប្រចាំកម្ពុជា
× ភ្នំពេញ៖ សព្វថ្ងៃនេះ ស្ត្រីចូលប្រឡូក ឬចាប់ឱកាសក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយកាន់តែច្រើន តែនៅមានគម្លាតនឹងបុរស។ មានកត្តាមួយចំនួន ដែលធ្វើឲ្យស្ត្រីមិនទាន់ចេញទៅក្នុងសង្គមខាងក្រៅពេញទំហឹង ដូចជាការសម្រេចចិត្តទុកកូនស្រីនៅផ្ទះ ឬឲ្យឈប់រៀនជួយរកចំណូលរបស់អាណាព្យាបាលមួយចំនួនជាដើម។
សិស្សក្រីក្រមួយចំនួន មិនមានលទ្ធភាពរៀនដល់ថ្នាក់មហាវិទ្យាល័យ។ លក្ខខណ្ឌការងាររបស់សហគ្រាសខ្លះ មិនអំណោយផលសម្រាប់ស្ត្រីដែលនឹងត្រូវសម្រាលកូនជាដើម។ ស្ត្រីខ្លះបោះបង់ការងារ ឬអាជីវកម្មលក់ដូរតូចៗ ព្រោះរដ្ឋគ្មានកន្លែងសម្រាប់មើលទារកគ្រប់ទីកន្លែង។ កង្វះកិច្ចគាំពារសង្គម ពិសេសសម្រាប់អ្នកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពេលខ្លះពួកគាត់ត្រូវធ្លាក់ក្នុងភាពក្រីក្រវិញ។ អ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា ជំរុញឲ្យអ្នកពាក់ព័ន្ធត្រូវគិតគូរយ៉ាងណាឲ្យស្ត្រីកាន់តែបោះជំហានបានប្រសើរជាងនេះ។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា ដូចតទៅនេះ៖
«ប្រព័ន្ធសេដ្ឋកិច្ច និងលក្ខខណ្ឌការងារត្រូវតែពង្រីកវិសាលភាព ដើម្បីបង្កភាពងាយស្រួលដល់ស្ត្រី»។ នេះជាប្រសាសន៍អ្នកស្រី លឹម សូលីន ។ នាយិកាអង្គការ Oxfam ប្រចាំកម្ពុជារូបនេះ ជំរុញឲ្យរដ្ឋាភិបាលជំរុញកូតាស្ត្រីក្នុងគ្រប់វិស័យ ពិសេសចំនួនស្ត្រីក្នុងស្ថាប័នដែលមានសិទ្ធិធ្វើសេចក្ដីសម្រេចផ្សេងៗ ព្រោះថាស្ត្រីនឹងចូលរួមឲ្យការសម្រេចទាំងឡាយ មានភាពគ្រប់ជ្រុងជ្រោយ។
អ្នកស្រី លឹម សូលីន សង្កត់ធ្ងន់ដូច្នេះថា៖«យើងឃើញវិស័យមួយចំនួននិយាយពីបញ្ជ្រាបយេនឌ័រ តែពុំមានទម្លាក់ថវិកា និងកំណត់កូតាច្បាស់លាស។ យើងធ្វើជាក់លាក់ទើបជោគជ័យ មិនមែននិយាយបញ្ជ្រាបយេនឌ័រតែម៉ាត់ទេ បើអ៊ីចឹង ៥០ឆ្នាំទៀតក៏នៅតែនិយាយរឿងនេះដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com