ជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជំរុញ​អ្នកវិនិយោគ​បោះទុន​លើ​គ្រឿងបន្លាស់​រថយន្ត ថាមពល និង​កសិកម្ម​កម្ពុជា​
27, Mar 2019 , 6:19 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជំរុញ​អ្នកវិនិយោគ​បោះទុន​លើ​គ្រឿងបន្លាស់​រថយន្ត ថាមពល និង​កសិកម្ម​កម្ពុជា ដែល​កំពុងមាន​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថ្លែង​បែបនេះ ទៅកាន់​លោក ដុក អេ​រិ​កសិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​លោក ជេ​យ រូដ​នី (Jay Rodne) វីរៈ​សេនីយ៍​ឯក មកពី​រដ្ឋធានី​វ៉ាស៊ីនតោន​។​


 
​ថ្លែង​ក្នុងជំនួប​នេះ​លោក ប៉ាន សូរ​ស័ក្តិ បាន​ប្រាប់​គោល​ការ​ណ៏​វិនិយោគ​ខ្លះៗ​នៅ​កម្ពុជា ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា កម្ពុជា គឺជា​ប្រទេស​បើកចំហរ ជាមួយ​គោលនយោបាយ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ដែល​វិនិយោគិន​បរទេស អាចធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​លើ​គ្រប់​វិស័យ ហើយ​អាច​កាន់កាប់​ភាគហ៊ុន និង​ប្រាក់ចំណេញ ១០០​ភាគរយ ដោយ​មិនបាច់​មាន​ដៃគូ​សហការ​ក្នុងស្រុក ព្រមទាំង​ទទួល​ការលើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ​ធុន​ធ្ងន់ សម្រាប់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ទៀតផង​។​
 
​ក្នុងន័យនេះ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​លោក​វីរៈ​សេនីយ៍​ឯក ជួយ​កៀងគរ​វិនិយោគិន​អាមេរិក ឱ្យ​ចូលមក​បណ្តាក់ទុន​ថែមទៀត​នៅ​កម្ពុជា លើ​វិស័យ​ដែលមាន​សក្តានុពល​សំខាន់ៗ​ដូចជា ឧស្សាហកម្ម (​គ្រឿងបន្លាស់​រថយន្ត និង​វាយ​ន​ភណ្ឌ​) ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាន និង​កសិកម្ម ដោយសារ​កម្ពុ​ជាមាន​ធនធានធម្មជាតិ​មិនទាន់​កែច្នៃ​ជាច្រើន ហើយ​អាច​ឲ្យ​ធុរជន​អាមេរិក អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ ដើម្បី​ទាញយក​ប្រាក់ចំណេញ​ខ្ពស់​ពី​ការនាំចេញ​។​
 
​ទាំង​លោក ដុក អេ​រិ​កសិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​លោក ជេ​យ រូដ​នី (Jay Rodne) វីរៈ​សេនីយ៍​ឯក បាន​សន្យា​ប្រាប់​ពី​ភាព​វិជ្ជមាន​នេះ​ទៅកាន់​សហគមន៍​ធុរកិច្ច​នៅ​អាមេរិក ដើម្បី​ជំរុញ​ការវិនិយោគ​ពី​អាមេរិក មកកាន់​កម្ពុជា​ឱ្យ​កាន់តែច្រើន សំដៅលើ​ការពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​
 
​រាជរដ្ឋាភិបាល បានដាក់​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែលមាន​គោលដៅ​បង្កើន​ជំនាញ និង​ធ្វើ​ពិពិធ​កម្មវិស័យ​កម្មន្តសាល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​៕
 

Tag:
 ប៉ាន សូរ​ស័ក្តិ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com