ខ្មែរ​ក្រហម
ជាតិ
អគ្គទេសាភិបាល​នូ​វែ​ល​សេ​ឡង់​សន្យា​ផ្តល់​ថវិកា​បន្ថែម​ដល់​សាលាក្តី​ខ្មែរក្រហម
09, Aug 2013 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម  លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Jerry Mateparae អគ្គទេសាភិបាល​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បានប្រកាស​សន្យា​ផ្តល់​ថវិកា​បន្ថែមចំនួន ២០០.០០០ ដុល្លារ​នូ​វែ​ល​សេ​ឡង់ ជូន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ក្នុងអំឡុង​ពេលដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ អ.វ.ត.ក ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​របស់​ប្រទេស​លោក​ចំពោះ​តុលាការ​នេះ។ ថវិកា​ដែល​បាន​សន្យា​នេះ​គឺ​ផ្តល់​ជូនទៅ​ភាគី​ជាតិ​នៃ អ.វ.ត.ក។
 


លោក​អគ្គទេសាភិបាល​បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន ១៤ រូប​មកកាន់ អ.វ.ត.ក ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន៥ថ្ងៃ​ក្នុងប្រទេស​កម្ពុជា។ នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​មេដឹកនាំ​មួយរូប​ដែលមាន​ឋានៈ​ជា​ប្រមុខរដ្ឋ​បាន​ទៅ​ទស្សនកិច្ច​នៅ អ.វ.ត.ក។
 
លោក​សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​តុលាការ​ខ្មែរក្រហម និង​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​អ.វ.ត.ក បាន​ស្វាគមន៍​អគ្គទេសាភិបាល​រូបនេះ ព្រមទាំង​បាន​ជួបពិភាក្សា​អំពី​ការវិវឌ្ឍថ្មីៗរបស់​តុលាការ និង​បញ្ហា​ប្រឈមផ្សេងៗ ដែល​តុលាការ​បាននិងកំពុង​ជួបប្រទះ​ដើម្បី​បញ្ចប់​អាណត្តិ​របស់ខ្លួន។

នា​កិច្ចប្រជុំ​នោះ Jerry Mateparae បាន​មានប្រសាសន៍ថា៖ “យើង​ទទួលស្គាល់ថា ប្រជាជន​កម្ពុជា​ពឹងផ្អែក​លើ​សាលាក្តី​នេះ​នៅក្នុង​ដំណើរការ​ផ្សះផ្សា​ជាតិ ហើយ​ប្រទេស​នូ​វែ​ល​សេ​ឡង់ នឹង​បន្ត​ជួយ​សាលាក្តី​នេះ​រហូត​ទាល់តែ​បញ្ចប់​ភារកិច្ច​របស់ខ្លួន​ក្នុងការ​ជំនុំជម្រះ​ក្តី​លើ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម។

បន្ទាប់មក លោក​បានប្រកាសថា ប្រទេស​នូ​វែ​ល​សេ​ឡង់​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ២០០.០០០ ដុល្លារ​នូ​វែ​ល​សេ​ឡង់​ទៅខាង​ភាគី​ជាតិ​នៃ​សាលាក្តី​នេះ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ និង​ដែល​កំពុង​ស្វែងរក​ជំនួយ​ជា​ចាំបាច់។

ប្រទេស​នូ​វែ​ល​សេ​ឡង់​បាន​ជួយ​គាំទ្រ អ.វ.ត.ក តាំងពី​ដើមដំបូង​មកម្ល៉េះ ហើយ​កន្លងមក បានផ្តល់​ថវិកា​ចំនួន ១,២ លាន​ដុល្លារ​នូ​វែ​ល​សេ​ឡង់​រួចមកហើយ​ដល់ អ.វ.ត.ក។ ការផ្តល់​វិភាគទាន​ចុងក្រោយ បានធ្វើ​ឡើង​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ គឺ​នៅ​អំឡុង​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី  John Key មក​ធ្វើ​ទស្សនកិច្ច​នៅ​សាលាក្តី​នេះ។ គិត​ទាំង​ថវិកា​ដែល​សន្យាថា​នឹង​ផ្តល់ជូន​នៅ​លើក​នេះ​ទៀត ថវិកា​ដែល​ប្រទេស​នូ​វែ​ល​សេ​ឡង់​ផ្តល់ជូន អ.វ.ត.ក នឹងមាន​ចំនួន​សរុប ១,៤ លាន​ដុល្លារ​នូ​វែ​ល​សេ​ឡង់៕




© រក្សាសិទ្ធិដោយ thmeythmey.com