កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​ជ័យជម្នះ​លើក​ទី​៤ ប៉ុន្តែ​ធ្លាយ​សំណាញ់​ទី​លើកដំបូង​
22, Apr 2019 , 2:30 pm        
រូបភាព
ខ្សែប្រយុទ្ធព្រះខ័នរាជ សុក សំណាង អបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន​លើ​ភ្នំពេញក្រោន។ រូបថត CNCC និង​កម្ពុជាថ្មី
ខ្សែប្រយុទ្ធព្រះខ័នរាជ សុក សំណាង អបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន​លើ​ភ្នំពេញក្រោន។ រូបថត CNCC និង​កម្ពុជាថ្មី
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ វិសាខា និង​អង្គ​រថា​យ​ហ្គឺ​រ​បាន​បន្ត​បង្ហាញ​ភាពខ្លាំង​តាមរយៈ​មិនទាន់​ស្គាល់​ចាញ់ គិត​ត្រឹម​សប្តាហ៍​ទី​៤​ក្នុងការ​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ផ្ទុយទៅវិញ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​សូល​ទី​ឡូ​អង្គរ​នៅតែ​មិនទាន់​ស្គាល់​ជ័យជម្នះ​។​

 
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទី​៤​របស់ខ្លួន​ហើយ ក្នុងនោះ​ក្រុម​ខ្លាំង​ចំនួន​៤​រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ វិសាខា និង​អង្គ​រថា​យ​ហ្គឺ​រ​មិនទាន់​ស្គាល់​ចាញ់​នោះទេ​។ សម្រាប់​៤​ប្រកួត​កន្លងមក​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ទាំង​៤​ប្រកួត​ក្នុងនោះ​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៥-១, គីរីវង់​សុខ​សែន​ជ័យ ២-០, សូល​ទី​ឡូ​អង្គរ ១-០ និង​អគ្គស្នងការ​នគរបាល​ជាតិ ២-០​។​
 
​ចំណែក​ក្រសួងការពារជាតិ​ឈ្នះ​៣​ស្មើ​១ ក្នុងនោះ​ឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ៤-២, ឈ្នះ​កំពង់ចាម ១១-០, ឈ្នះ​ណាហ្គា​វើ​ល ៤-២ និង​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​។ រីឯ​ក្រុម​វិសាខា​ឈ្នះ​៣​និង​ស្មើ​១​ដូចគ្នា ដោយ​ឈ្នះ​អគ្គិសនី ៤-០, ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-១, ឈ្នះ​គីរីវង់​សុខ​សែន ២-០ និង​ស្មើ ០-០ ជាមួយ​សូល​ទី​ឡូ​អង្គរ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ឈ្នះ​២ ស្មើ​២ ក្នុងនោះ​ឈ្នះ U18 បាទី ៦-០, ឈ្នះ​កំពង់ចាម ១១-០ និង​ស្មើ ១-១ ជាមួយ​បឹងកេត និង​ក្រសួងការពារជាតិ​។  
 
​នា​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កាលពី​ថ្ងៃអាទិត្យ ទី​២១ មេសា កីឡាករ សុក សំណាង បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​ទី​១៥ មុន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​សម្រេចបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ២-០ លើ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​២២​។ ការប្រកួត​ដំណើរការបាន​១៤​នាទី ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​សម្រេច​ឲ្យ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​តាម​ពីក្រោយ ២-១​។​
 
​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Privat សម្រេចបាន​មួយ​គ្រាប់​បន្ថែម​សម្រាប់​ម្ចាស់ផ្ទះ​ស្វាយរៀង ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ លើ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​៤៩​។ ពីរ​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន មុន​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី​៥៨ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ ៥-១ សម្រាប់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​លើ​ភ្នំពេញ​ក្រោ​ន​។ ជ័យជម្នះ​នេះ ជ័យ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយ​រៀប​បន្ត​ឈរ​កំពូល​តារាង​ដោយមាន​១២​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន EDC កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី​១​ជាមួយ​ក្រសួងការពារជាតិ​។ ប៉ុន្តែ​ការប្រកួត​តង់​ទី​២​ដំណើរការបាន​១០​នាទី ខ្សែប្រយុទ្ធ Bisan George បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​ក្រសួងការពារជាតិ មុន​ខ្សែប្រយុទ្ធ Debiro Dzarma Bata រកបាន Hat Trick ដើម្បី​បង្កើន​ការនាំ​មុខ ៤-០ នៅ​នាទី​៥៧, ៥៨ និង​៧៧​។ 
 
​បី​នាទី​ក្រោយមក​កីឡាករ កូរ​ណៃ អាន់​សារី បានសម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ១-៤ សម្រាប់​អគ្គស្នងការ​នគរបាល​ជាតិ មុន​ខ្សែប្រយុទ្ធ Booysen Shane រកបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការ​តាម​ពីក្រោយ ២-៤ នៅ​នាទី​៨៨​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​អគ្គស្នងការ​នគរបាល​ជាតិ ព្យាយាម​វាយបក​យ៉ាងណាក៏ដោយ​។ ជ័យជម្នះ​នេះ​ជួយ​ក្រុម​ក្រសួងការពារជាតិ​ក្រោម​ការដឹកនាំ​របស់លោក ភា សុ​ភ័​ក្ត្រា បន្ត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១០​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ១-០ ដែល​កីឡាករ Gurbani Amir ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នេះ​។ ចំណែក​ក្រុម​បឹងកេត​បាន​លត់​ក្រុម​ចំណូល​ថ្មី​កំពង់ចាម​ក្នុង​លទ្ធផល ៧-០ ក្នុងនោះ​កីឡាករ Oiboh Julius សម្រេចបាន Hat Trick រួមចំណែក​ពីរ​គ្រាប់​ពី Purcino Luiz Edardo និង​ម្នាក់​មួយគ្រា​ប់​ពី ម៉ាត់ យ៉ា​មីន និង ឃួន ឡា​បូ​រ៉ាវី​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា ឆ្នាំ​២០១៩ ក្រុម​វិសាខា​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០ ដែល​គ្រាប់​បាល់​ជ័យជម្នះ​រួមចំណែក​ម្នាក់​មួយ​គ្រាប់​ពី​កីឡាករ Pak Song Chol, ទិ​ត្យ ឌី​ណា​, Skraparas Evangelos និង Ideguchi Masski​។ ចំណែក​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​ម្ចាស់​ផ្ទ U18 បាទី ៦-0 និង​អាស៊ី​អឺរ៉ុប​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១​។ 
 
​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ​មិនទាន់​ស្គាល់​ជ័យជម្នះ​នោះទេ​។ ក្នុងនោះ U18 បាទី​ចាញ់​ទាំង​៤​ប្រកួត ខណៈ​សូល​ទី​ឡូ​អង្គរ​ស្មើ​១ និង​ចាញ់​៣៕    

Tag:
 Cambodian League
  ស្វាយរៀង​
  ទ័ព​
  វិសាខា​
  អង្គ​រថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com