វិសាខា​ឈរ​លេខ​១​បណ្តោះអាសន្ន ខណៈ​អង្គ​រថា​យ​ហ្គឺ​រ និង​អាស៊ី​អឺរ៉ុប បាន​៣​ពិន្ទុ​បន្ថែម​
កីឡាជាតិ
ជាតិ
វិសាខា​ឈរ​លេខ​១​បណ្តោះអាសន្ន ខណៈ​អង្គ​រថា​យ​ហ្គឺ​រ និង​អាស៊ី​អឺរ៉ុប បាន​៣​ពិន្ទុ​បន្ថែម​
20, Apr 2019 , 8:18 pm        
រូបភាព
កីឡាករវិសាខាអបអរគ្រាប់បាល់​បញ្ចូលទី​របស់ ទិត្យ ឌីណា។ រូបថត CNCC
កីឡាករវិសាខាអបអរគ្រាប់បាល់​បញ្ចូលទី​របស់ ទិត្យ ឌីណា។ រូបថត CNCC
ដោយ: រួបរួម
​វិសាខា ឡើងឈរ​លេខ​១​បណ្តោះអាសន្ន​ក្នុង​តារាង​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ក្រោយ​ទទួល​ជ័យជម្នះ ៤-០ លើ​ភ្ញៀវ​អគ្គិសនី​កម្ពុជា នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា  បន្ទាប់ពី​អង្គ​រថា​យ​ហ្គឺ​រ និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សុទ្ធតែ​បាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​លើ យុវជន​បាទី និង​គិរីវង់​សុខ​សែន​ជ័យ នៅ​សប្តាហ៍​ប្រកួត​ទី​៤ នេះ​។​



​វិសាខា បាន​នាំមុខ​ក្រុម​ភ្ញៀវ ១-០ នៅ​តង់​ទីមួយ ដែល​សម្រេចបាន​ដោយ ខ្សែបម្រើ​កូរ៉េខាងជើង Pak Song-chol ហើយ​បន្ថែម​បាន​៣​គ្រាប់​នៅ​តង់​ទី​ពីរ ពី​សំណាក់​ខ្សែបម្រើ ទិ​ត្យ ឌី​ណា ខ្សែបម្រើ​ក្រិ​ក Evangelos Skraparas និង​ខ្សែបម្រើ​ជប៉ុន Masaaki Ideguchi​។​

​វិសាខា មាន​ពិន្ទុសរុប​១០​ពិន្ទុ ដោយ​ឈរ​លេខ​មួយ​បណ្តោះអាសន្ន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ ដែលជា​គូប្រជែង​នៅសល់​១​ប្រកួត​នៅក្នុង​ដៃ ហើយ​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​។ អគ្គិសនី​កម្ពុជា រក្សា​វាសនា​ឡើង​ចុះ ដោយមាន​ពិន្ទុសរុប​៦​ពិន្ទុ​។​

​នៅ​ទីលាន​សាល​បាល់ទាត់​ជាតិ​បាទី ក្រុមយុវជន​បាទី នៅតែ​មិនទាន់មាន​ពិន្ទុ​រាប់​ឡើយ នា​សប្តាហ៍​ទី​៤​នេះ ដោយ​រង​បរាជ័យ​រហូតដល់ ៦-០ ដោយសារ​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy ក្លាយជា​កីឡាករ​ដំបូង​ដែល​រកបាន​៤​គ្រាប់​ក្នុង​១​ប្រកួត ហើយ​២​គ្រាប់​ទៀត​របស់​អង្គ​រថា​យ​ហ្គឺ​រ សម្រេចបាន​ដោយ​ខ្សែបម្រើ​ជប៉ុន Joichiro Sugiyama និង ពៅ ភា​រិ​ទ្ធ​។​

​អង្គ​រថា​យ​ហ្គឺ​រហក់​ឡើង​លេខ​៣​ជា​បណ្តោះអាសន្ន ដោយមាន​៨​ពិន្ទុ ខណៈ​យុវជន​បាទី បន្ត​នៅ​បាត​តារាង ដោយ​គ្មាន​ពិន្ទុ​។​

​នៅ​កីឡដ្ឋាន AEU Sport Park ខ្សែប្រយុទ្ធ​កូត​ឌី​វ័រ Coulibali Abdel Kader រកបាន​ពីរ​គ្រាប់​នាំមុខ​នៅ​នាទី ទី​២ និង​៣៥ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប យូ​ណាយ​ធី​ត មុន​ពេលដែល​ខ្សែប្រយុទ្ធ​ជប៉ុន Yuto Sasaki វាយបក​បាន​១​គ្រាប់​សម្រាប់​គិរីវង់​សុខ​សែន​ជ័យ​នៅ​នាទី​៤៥+២​។​

​ក្រោយ​ជ័យជម្នះ​២​លើក​ផ្ទួនៗ អាស៊ី​អឺរ៉ុប ទទួលបាន​៦​ពិន្ទុ​ពី​៤​ប្រកួត ខណៈ​គិរីវង់​សុខ​សែន​ជ័យ ដែល​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា ត្រាំត្រែង​ជាមួយ​៣​ពិន្ទុ​៕




Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com