ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន អះអាងប្រាប់វិនិយោគិន​ជប៉ុន​ពីសក្តានុពលទីផ្សារ​កម្ពុជា
29, May 2019 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
«​សូមអ្នក​ទាំងឡាយ​អញ្ជើញ​ទៅ​កម្ពុជា ចូលរួម​ជាមួយ​យើងខ្ញុំ​ក្នុងការ​អភិវឌ្ឍន៍​កម្ពុ​ជា​ផង និង​ប្រាក់ចំណេញ​ផង​»​។ នេះ​ជា​សំណើរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​វិនិយោគិន​ជប៉ុន នា​សិក្ខាសាលា​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា ដែល​រៀបចំ​នៅ​ក្រុង​តូ​ក្យូ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែឧសភា នេះ​។​



​នៅ​ចំពោះមុខ​វិនិយោគិន​ជប៉ុន សម្តេច ហ៊ុន សែន បាន​អះអាងថា ជប៉ុន មានលទ្ធភាព​ខ្ពស់​ក្នុងការ​ចាប់យក​ទីផ្សារ​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិឧស្សាហកម្ម និង​ការប្រើប្រាស់​វត្ថុធាតុដើម​របស់​កម្ពុជា ទៅ​កែច្នៃ​ទៅជា​ផលិត​សម្រេច​ដើម្បី​នាំ​ចេញទៅ​ជប៉ុន​ផ្ទាល់ និង​បណ្តា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​។​

​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ឈានដល់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​សម្តេច​វាយតម្លៃថា ជាការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​បាន​ជួប​ជាមួយ​អ្នកវិនិយោគ​ជប៉ុន​ច្រើនជាងគេ​ក្នុងចំណោម​អ្នកវិនិយោគ បើទោះបីជា​ការវិនិយោគ​របស់​ជប៉ុន​មិនមែន​ស្ថិតនៅ​លំដាប់​កំពូល​ក៏ដោយ​។​

​ទាក់ទង​នឹង​ការវិនិយោគ​របស់​ប្រទេស​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​ចិន​ដែល​វិនិយោគ​ភាគច្រើន​លើផ្លូវ​ថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និង​អគ្គិសនី រីឯ​កូរ៉េខាងត្បូង វិនិយោគ​លើ​ផ្នែក​សេវាកម្ម បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ ជាដើម​នោះ ជប៉ុន​នៅតែមាន​លទ្ធភាព​ក្នុងការ​សម្រេច​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដោយ​កម្ពុជា​សំបូរ​ទៅដោយ​វត្ថុធាតុដើម និង​មាន​ផលិតផល​ទៅលើ​ទីផ្សារ​ពិភពលោក​រួចទៅហើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com