ជាតិ
រដ្ឋ នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធ​ពី​កាណូត​ទេសចរណ៍​
03, Jul 2019 , 9:29 am        
រូបភាព
សកម្មភាពក្នុងកិច្ចប្រជុំអន្តរក្រសួង រូបភាពពីក្រសួងទេសចរណ៍
សកម្មភាពក្នុងកិច្ចប្រជុំអន្តរក្រសួង រូបភាពពីក្រសួងទេសចរណ៍
​អន្តរក្រសួង នឹង​បង្កើត​គណៈកម្មការ​កាណូត​ទេសចរណ៍ ដើម្បី​ជំរុញ​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ចូល​បង់ពន្ធ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១៩​។

 
​កិច្ចប្រជុំ​អន្តរក្រសួង នៅ​ស្ដី​ការ​ក្រសួង​ទេ​ចរណ៍ បាន​លើ​ឡើង​ពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​កាណូត​ទេសចរណ៍ នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ ហើយ​តម្រូវ​ឲ្យ​មានការ​ដោះស្រាយ​លើ​កាណូត​ទេសចរណ៍​គ្មាន​ពន្ធ​នាំចូល​និង​លិខិតស្នាម​ត្រឹមត្រូវ កាណូត​ទេសចរណ៍​គ្មាន​លិខិត​ពិនិត្យ​ប​ច្ចេ​ទេស​ចេញពី​ក្រសួង​ឬ​មន្ទីរ​ដឹកជញ្ជូន និង​កាណូត​ផលិត​ក្នុងស្រុក​គ្មាន​គុណភាព​។ 
 
​លើសពីនេះ កាណូត​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវទឹក លើស​កម្រិត គ្មាន​អាជ្ញា​បណ្ណ រួមទាំង​ចំណត​កំពង់ផែ​គ្មាន​ស្ដង់ដា​សុវត្ថិភាព បណ្ដាល​ឲ្យ​គ្មាន​សណ្ដាប់ធ្នាប់​និង​ពិបាក​គ្រប់គ្រង​។ ការលើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ក្រសួងទេសចរណ៍ ក្រសួង​សាធារណការ អគ្គនាយកដ្ឋាន​ពន្ធដា​រ រួមទាំង​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ កាលពី​ថ្ងៃទី​១​កក្កដា​។ 
 
​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ដើម្បី​ជំរុញ​អាជីវកម្ម​កាណូត​ទេសចរណ៍ អន្តរក្រសួង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល ក្នុង​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​បាន​ពិភាក្សា​ខាងលើ​។ លើសពីនេះ នឹង​មានការ​រឹតបន្តឹង​អាជីវកម្ម​កាណូត​ឲ្យ​ចូល​បង់ពន្ធ​។ 
 
​បច្ចុប្បន្ន​កាណូត​ទេសចរណ៍​នៅ​ទូទាំងប្រទេស​មាន​១២៤​គ្រឿង ក្នុងនោះ​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​១៦​គ្រឿង និង​មាន​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​៣៥​គ្រឿង​។ ប៉ុន្តែ​កាណូត​ទាំងអស់នោះ ពុំទាន់​មានការ​បង់ពន្ធ​ឡើយ​៕ 
 

Tag:
 កាណូត​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com