អន្តរជាតិ
ជាង​៥​ឆ្នាំ​ក្នុង​អំណាច រដ្ឋាភិបាលយោធា​ថៃ ដល់​ថ្ងៃ​អវសាន​
15, Jul 2019 , 4:18 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព​ AFP
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព​ AFP
​ថ្ងៃទី​១៥ ខែកក្កដា​នេះ ជា​ថ្ងៃ​ធ្វើការ​ចុងក្រោយ​របស់​រដ្ឋាភិបាល​ដែល​តែងតាំង​ដោយ​របប​យោធា​ថៃ​។ នៅ​ថ្ងៃទី​១៦ ស្អែក​នេះ រដ្ឋាភិបាល​ថ្មី​មួយ នឹង​ស្បថ​ចូលកាន់​តំណែង​ក្រោម​បរិបទ​នយោបាយ​បែប​ប្រជាធិបតេយ្យ​វិញ​ម្ដង​។ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​ដដែល ហើយនឹង​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ចម្រុះ ដោយ​លែងមាន​អំណាច​គ្មាន​ដែន​កំណត់​ដូច​មុន​ទៀតហើយ​។ លោក ប្រា​យុទ្ធ ក៏​នឹង​ស្គាល់​រសជាតិ​អ្នកនយោបាយ​ពិតប្រាកដ​ផងដែរ​។​

 
​គិត​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ថៃ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រដ្ឋាភិបាលយោធា​ចំនួន​៥​ឆ្នាំ ២​ខែ ២២​ថ្ងៃ​។ ថ្ងៃទី​១៥ ខែកក្កដា​នេះ ជា​ពេល​ចុងក្រោយ​នៃ​រដ្ឋាភិបាល​ដែល​បង្កើត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​ដែលមាន​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រមុខ និង​ជា​នាយករដ្ឋមន្ត្រី​។ ជាង​៥​ឆ្នាំ​មកនេះ លោក ប្រា​យុទ្ធ ដឹកនាំ​ប្រទេស​ជាមួយនឹង​អំណាច​ពេញដៃ​តែម្ដង​។​
 
​ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា​ទៅ លោក ប្រា​យុទ្ធ លែងមាន​អំណាច​សន្ធឹក​សន្ធាប់​ទៀតហើយ ព្រោះ​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ស៊ីវិល​វិញ​ម្ដង​។ នៅ​ថ្ងៃទី​១៤ ខែកក្កដា លេខាធិការដ្ឋាន​គណៈរ​ដ្ឋ​មន្ត្រី​ថៃ ប្រកាសថា មហាក្សត្រ មហា​វ​ជិ​រាល​ង្ក​រណ៍ បាន​ប្រោស​ប្រទាន​ឲ្យ​លោក ប្រា​យុទ្ធ និង​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ចូលគាល់ និង​ធ្វើ​ពិធី​សច្ចា​ដើម្បី​ចូលកាន់​តំណែង​រៀងៗ​ខ្លួន​។ ពិធី​នេះ នឹង​រៀបចំ​នៅ​រាជវាំង​តុសិត​ក្នុង​ទីក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា​។    
 
​សមាសភាព​ថ្មី​ទាំង​៣៦​រូប​នៃ​រដ្ឋាភិបាលចម្រុះ​ដែល​កើត​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា នឹងធ្វើ​ដំណើរ​ទៅកាន់​រាជវាំង​តាម​រថយន្ត​រួមគ្នា មិនមែន​រថយន្ត​ផ្ទាល់ខ្លួន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។ បន្ទាប់ពី​ការបញ្ចប់​កម្មវិធី​ស្បថស្បែ​នៅ​រាជវាំង​រួចរាល់​ហើយ លោក ប្រា​យុទ្ធ ដែល​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ផង​នោះ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​វិមាន​រដ្ឋាភិបាល​តែម្ដង​។  
 
​អំណើះ​តទៅ លោក ប្រា​យុទ្ធ អតីត​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ នឹង​ក្លាយជា​មេដឹកនាំ​នៃ​របប​ដឹកនាំ​ស៊ីវិល​។ ការសួរដេញដោល​នៅក្នុង​សភា ដែល​មិនសូវមាន​អំឡុងពេល​យោធា​កាន់អំណាច កំពុង​រង់ចាំ​រដ្ឋាភិបាល​ថ្មី ហើយ​វា​ក៏​នឹង​ក្លាយជា​ការសាកល្បង​មួយ​សម្រាប់​លោក ប្រា​យុទ្ធ ផងដែរ​។ សម្ព័ន្ធភាព​បក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ប្រើប្រាស់​សភា​ដើម្បី​តាមដាន​គោលនយោបាយ​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ។ 
 
​សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ មាន​ឧបនាយករដ្ឋមន្ត្រី​ដល់​ទៅ​ប្រាំ​រូប ដោយ​បី​រូប​ជា​អតីត​សមាជិក​រដ្ឋាភិបាលយោធា និង​ពីររូប​ទៀត​មកពី​បក្ស​ក្នុង​សម្ព័ន្ធភាព​កាន់តំណែង​ដែល​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ ការបង្កើត​គណៈរដ្ឋមន្ត្រី​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដោយ​បក្ស​មាន​សំឡេង​គ្រាក់ៗ​ក្នុង​សភា ប្រឹង​តថ្លៃ​គ្នា​ដើម្បី​ទទួលបាន​តំណែង​រដ្ឋមន្ត្រី​ដែល​ពួកគេ​ចង់បាន​។ ការណ៍​នាំ​ឲ្យ​មានការ​បារម្ភ​ថា រដ្ឋា​ភិ​បា​លោក ប្រា​យុទ្ធ ទំនង​មិនអាច​ចប់​តាម​អាណត្តិ​ឡើយ​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com