អន្តរជាតិ
​មិន​ចង់​ប្រថុយ​ឲ្យ​អ្នកដទៃ​ធ្វើ​ជំនួស លោក​ប្រា​យុទ្ធ កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​មួយទៀត​
11, Jul 2019 , 9:19 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិមួយទៀត។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិមួយទៀត។ រូបភាព AFP
​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ក្រោម​អាណត្តិ​សភា​ដែល​កើតចេញពី​ការបោះឆ្នោត​ខែមីនា ឆ្នាំ​២០១៩ ចេញ​ជា​រូបរាង​ហើយ​។ ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវបាន​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ តែងតាំង លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែលជា​នាយករដ្ឋមន្ត្រី​នោះ បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​មួយទៀត​។ ឯ​លោក ប្រា​វីត វង្ស​សុវណ្ណ បន្ត​ជា​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​ដដែល ហើយ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​វិញ​ម្ដង​។ 

 
​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ថ្ងៃទី​១០ ខែកក្កដា បានតែងតាំង​សមាសភាព​រដ្ឋាភិបាល​ថ្មី​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ រដ្ឋាភិបាល​ថ្មី​ដែល​គេ​រង់​ចាំមើល​ជា​យូរ​មកហើយ​នោះ មាន​សមាជិក​៣៦​នាក់ ដែល​ភាគច្រើន​ជា​អតីតរដ្ឋមន្ត្រី​សល់​ពី​របប​ដឹកនាំ​យោធា និង​មកពី​សម្ព័ន្ធភាព​កាន់អំណាច​មាន​សំឡេង​ក្នុង​សភា ហើយ​ដែលជា​កម្លាំង​សំខាន់​ក្នុង​ការជួយ​លោក ប្រា​យុទ្ធ ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​៤​ឆ្នាំ​ទៀត​។​
 
​ដូច​ដឹង​ស្រាប់ លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​ដែល​ត្រូវបានតែងតាំង​កាលពី​ថ្ងៃទី​៩ ខែមិថុនា​។ បន្ថែម​ពី​តំណែង​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ កាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​មួយទៀត ខណៈ​តំណែង​នេះ​ធ្លាប់ជា​របស់លោក ប្រា​វីត វង្ស​សុវណ្ណ ។ ជំនួស​មកវិញ លោក ប្រា​វីត នឹង​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​។ លោក Somkid Jatusripitak និង​លោក Wissanu Krea-ngam ក៏​បន្ត​ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល​។ 
 
​មេបក្ស​ធំៗ​ចំនួន​ពីរ​ដែល​ជួយ​លោក ប្រា​យុទ្ធ បន្តអំណាច ក៏ត្រូវ​បាន​តែង​ជា​ឧបនាយករដ្ឋមន្ត្រី​។ ប្រធាន​បក្ស​ប្រជាធិបតេយ្យ Jurin Laksanawisit ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ហើយ​ប្រធាន​បក្ស​ភូមិ​ចៃ​ថៃ​លោក Anutin Charnvirakul ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​។ បក្ស​ទាំងពីរ​នេះ និង​បក្ស​តូចៗ​មួយចំនួនទៀត ក៏​ទទួលបាន​តំណែង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​នៅតាម​ក្រសួង​នានា​ផងដែរ​។​
 
​ក្រៅពី​លោក ប្រា​វីត ដែល​បន្ត​តំណែង​ឧបនាយករដ្ឋមន្ត្រី មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ទៀត​ក្នុង​អតីត​របប​យោធា ក៏​រក្សា​តំណែង​ដែរ​។ អតីត​មេបញ្ជាការ​ទ័ពជើងគោក ឧ​ត្ត​ម​សេនីយ៍ Anupong Paojinda បន្ត​កាន់តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​ដដែល​។ ឧ​ត្ត​ម​សេនីយ៍ Chaicharn Changmongkol នឹង​ធ្វើជា​អនុរដ្ឋមន្ត្រី​ការពារជាតិ​។ 
 
​សម្រាប់​ករណី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​វិញ វា​ជា​រឿង​ដែល​លេចឮ​យូរហើយ​ជុំវិញ​លទ្ធភាព​ដែល​លោក ប្រា​យុទ្ធ កាន់តំណែង​នាយករដ្ឋមន្ត្រី​ផង និង​រដ្ឋមន្ត្រី​ការពារជាតិ​ផង​។ លោក ប្រា​វីត ផ្ទាល់ ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​សុខភាព​មិនសូវ​ល្អ​របស់លោក​ដែល​អាច​ប៉ះពាល់​ដល់​ការបំពេញ​ការងារ​ក្នុង​តំណែង​ដ៏​សំខាន់​នេះ​។ ចុងក្រោយ​ទៅ លោក ប្រា​យុទ្ធ នៅតែ​មិន​ទុកចិត្ត​អ្នកផ្សេង ហើយ​ច្បាម​យក​តំណែង​នេះ​មួយទៀត​។ 
 
​រដ្ឋមន្ត្រី​ការពារជាតិ ជា​តំណែង​ដ៏​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ ព្រោះ​មើល​ការខុសត្រូវ​លើ​កងទ័ព​ទាំងមូល​។ ការប្រគល់​តំណែង​នេះ​ឲ្យ​អ្នកផ្សេង អាច​ជាការ​ប្រថុយ​មួយ​សម្រាប់​លោក ប្រា​យុទ្ធ ពិសេស​រឿង​រដ្ឋប្រហារ​តែម្ដង ខណៈ​រដ្ឋាភិបាល​របស់​លោក ទំនងជា​មិនសូវមាន​ស្ថិរភាព​ប៉ុន្មាន​ដែរ ដោយសារ​កើតចេញពី​សម្ព័ន្ធភាព​មាន​បក្សនយោបាយ​ក្បែរ​២០​ឯណោះ​។ វិបត្តិ​នយោបាយ​ណាមួយ​នៅ​ថ្ងៃមុខ ជា​រឿង​ដែល​លំបាក ដូចនេះ​ការ​អង្គុយ​កៅអី​រដ្ឋមន្ត្រី​ការពារជាតិ ជា​រឿង​ល្អ​សម្រាប់​លោក ប្រា​យុទ្ធ ៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com