កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករហ្គំប៊ីម្នាក់ខកចិត្ត ដោយក្លិបតួកគីទិញហើយ តែក្រោយមកថា ច្រឡំមនុស្សទៅវិញ
× កីឡាករបាល់ទាត់សញ្ជាត់ហ្គំប៊ី Aplha Jallow មានក្តីសុបិនក្នុងការលេងឲ្យក្លិបកីឡាបាល់ទាត់អាជីពនៅតំបន់អឺរ៉ុប ហើយអ្វីៗបានក្លាយជាការពិត បន្ទាប់ពីក្លិប Menemenspor នៃលីគលំដាប់ទី៣តួកគីទិញចូលដោយចុះកិច្ចសន្យា២ឆ្នាំ។ ប៉ុន្តែក្រោយទិញបាន១ថ្ងៃ ក្លិបនេះប្រកាសថាពួកគេទិញកីឡាករច្រឡំទៅវិញ។
ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត និងស្ទើរតែមិនដែលជួបប្រទះក្នុងវីស័យបាល់ទាត់។ នៅត្រឹមរយៈពេល ២៤ម៉ោងក្រោយការចុះហត្ថលេខា Jallow ត្រូវបញ្ចប់ក្តីស្រម៉ៃរបស់គេវិញ បន្ទាប់ពីក្លិប Menemenspor អះអាងថាពួកគេច្រឡំកីឡាករដោយកំណត់អត្តសញ្ញាណខុស។
Jallow ត្រូវបានក្លិបខាងលើទិញចូលរួមគ្នាជាមួយកីឡាករកូតឌីវ័រ Ibrahim Sangare មកពីក្លិប Gd Alconchetense នៃលីគលំដាប់ទី៣ ព័រទុយហ្គាល់ដើម្បីពង្រឹងក្រុមរដូវកាលក្រោយ។
Lamin Jallow
កីឡាករទាំងពីរសុទ្ធតែបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំដូចគ្នា ប៉ុន្តែ Jallow សញ្ជាតិហ្គាំប៊ី វ័យ២១ឆ្នាំ បានដើរចេញពីក្លិបថ្មីនេះទាំងឈឺចាប់ ក្រោយបង្ហាញថារូបគេមិនមែនជាកីឡាករដែល Menemenspor ចង់បាននោះឡើយ។ ក្លិបនេះបានដឹងការពិតក្រោយបានពិនិត្យមើលព័ត៌មានលំអិតរបស់ Jallow ដែលបញ្ជាក់ថាពួកគេបានទិញកីឡាករខុស។
បើតាមសេចក្តីប្រកាសនៅលើវេបសាយផ្លូវការរបស់ Menemenspor នៅថ្ងៃទី៨ ខែកក្កដា កន្លងមក កីឡាករដែលពួកគេចង់បាននោះគឺមានឈ្មោះ Lamin Jallow ដែលជាជនជាតិហ្គាំប៊ីដូចគ្នា។ Lamin Jallow វ័យ២៣ឆ្នាំ ជាសមាជិក្រុម Union Sportiva Salernitana 1919 នៃលីគទី២អ៊ីតាលី ទើបជាគោលដៅសំខាន់របស់ក្លិបនៅតួកគីនេះទិញចូល។ យោងតាម Foroyaa Sports ដោយសារអ្នកតំណាងរបស់ Jallow រៀបចំការផ្ទេររហ័សពេកទើបបង្កកំហុសបែបនេះ។
យោងតាមសារព័ត៌មានដដែល Menemenspor បែជាអះអាងថា Aplha Jallow បរាជ័យក្នុងការពិនិត្យសុខភាពទើបលុបកិច្ចសន្យាវិញ ជំនួសឲ្យកំហុងដែលពួកគេបង្កឡើង។
ក្រោយដំណឹងដ៏ខកចិត្តនេះទៅដល់ Lamin Jallow ដែលជាមិត្តរួមជាតផផងនោះ រូបគេបានយកព័ត៌មាននេះផ្សាយលើទំព័រហ្វេសប៊ុកផ្ទាល់ដើម្បីលើកទឹកចិត្ត Aplha Jallow ។ «បន្តទៅមុខទៀត #AplhaJallow ខ្ញុំសង្ឃឹមថាពួកគេនឹងផ្តល់ឱកាសឲ្យអ្នកមិនខាន»៕
Tag:
Menemenspor
Aplha Jallow
Lamin Jallow
ហ្គាំប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com