អន្តរជាតិ
ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន មាន​មហិច្ឆតា​ទាញ​ថាមពល​អគ្គិសនី​ពី​ចរន្ត​ទឹកសមុទ្រ
31, Jul 2019 , 9:19 pm        
រូបភាព
ម៉ាស៊ីនគំរូ ទម្ងន់ ៣០តោន មានសមត្ថភាពទាញថាមពល ១០០គីឡូវ៉ាត់ (ប្រភពរូប៖ កាសែតជប៉ុន Asia Nikkei)
ម៉ាស៊ីនគំរូ ទម្ងន់ ៣០តោន មានសមត្ថភាពទាញថាមពល ១០០គីឡូវ៉ាត់ (ប្រភពរូប៖ កាសែតជប៉ុន Asia Nikkei)
ដោយ:
​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះថា IHI បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា នាពេល​ឆាប់ៗ​ខាងមុខនេះ ខ្លួន​នឹង​រៀបចំ​ការសាកល្បង​ប្រព័ន្ធ​តួប៊ីន​មួយ ដែលមាន​សមត្ថភាព​ចាប់យក​ចរន្តទឹក​មហា​សមុទ្រ ហើយ​បំ​លែង​ទៅជា​ថាមពល​អគ្គិសនី​។ នេះ គឺជា​ការសាកល្បង​ទ្រង់​ទ្រោ​យ​ធំ​លើកទីមួយ ដើម្បី​ទាញយក​ថាមពល​ពី​មហាសមុទ្រ​។

 
​កាលពី​ថ្ងៃទី​២៥ កក្កដា ក្រុមហ៊ុន​ជប៉ុន IHI បានដាក់​បង្ហាញ​នូវ​ម៉ាស៊ីន​គំរូ​មួយ ទម្ងន់ ៣០​តោន ដែល​នឹង​សមត្ថភាព​ទាញ​ថាមពល ១០០​គីឡូវ៉ាត់​។ តាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Asia Nikkei ការសាកល្បង នឹង​ចាប់ផ្តើម​នា​ចុងខែ​សីហា​ខាងមុខនេះ ហើយ​វា​នឹង​អូសបន្លាយ​ដល់​ទៅ​ពេល​១​ឆ្នាំ​ឯណោះ​។ 
 
​ក្រុមហ៊ុន​នេះ នឹងធ្វើ​អាជីវកម្ម​លើ​បច្ចេកវិទ្យា​នេះ ចាប់ពី​ដើមឆ្នាំ​២០២១​តទៅ​។ គោលដៅ គឺ​ដើម្បី​បង្កើតឡើង​នូវ​រោងចក្រ​ចរន្ត​ក្រោម​ទឹក​មួយ ជាមួយ​អនុភាព​អគ្គិសនី​ដល់​ទៅ ២០០ មេ​ហ្កា​វ៉ា​ត់​។ តាម​ការប៉ាន់ស្មាន​ជាប​ឋ​ម ម៉ាស៊ីន​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ប្រជាជន ៣​ពាន់​គ្រួសារ​នៅត្រឹម​ឆ្នាំ​២០៣០​។ 
 
​នា​ដើមខែ​សីហា​ខាងមុខ ម៉ាស៊ីនភ្លើង​នេះ នឹងត្រូវ​បញ្ជូន​ពី​រោងចក្រ​ក្នុង​ទីក្រុង Yokohama ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន និង​ទៅដល់​ទីតាំង​មួយកន្លែង ដែលមាន​ចម្ងាយ ១០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Kuchinoshima​។ ម៉ាស៊ីន​នេះ នឹងត្រូវ​ចងភ្ជាប់​ជាមួយ​បង្គោល​អណ្តែត និង​ដាក់​ក្នុង​ជម្រៅ​ទឹក ១០០​ម៉ែត្រ​។ ហើយ​ថាមពល​អគ្គិសនី​ដែល​ទាញ​រួចរាល់ នឹងត្រូវ​បញ្ជូន​តាមរ​យៈ​ខ្សែកាប​ក្រោម​ទឹកសមុទ្រ​។ 
 
​តាម Asia Nikkei លោក Shigeki Nagaya ប្រធាន​ផ្នែក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន IHI ដែល​ទទួលខុសត្រូវ​លើ​គម្រោង​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ទាញ​ថាមពល​អគ្គិសនី​ពី​ចរន្តទឹក​សមុទ្រ​នេះ  គឺ​ស្មើនឹង ៥០ ទៅ ៧០​ភាគរយ ដោយ​ខ្ពស់ជាង​ប្រសិទ្ធភាព​នៃ​ការ​ទាញ​ថាមពល​អគ្គិសនី​ពី​ចរន្ត​ខ្យល់ មាន​ត្រឹម ៣០​ទៅ​៤០​ភាគរយ ឬ ១០​ទៅ ១៥​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ផ្ទាំង​សូ​ឡា​។​
 
​និយាយ​ពី​តម្លៃ​នៃ​ការផលិត​វិញ ម៉ាស៊ីន​នេះ ផលិតឡើង​ដោយ​ប្រើប្រាស់​ទឹកប្រាក់​អស់​ប្រមាណ ៩,២៥​លាន​ដុល្លារ​។ ត្រង់ចំណុច​នេះ ក្រុមហ៊ុន​ជប៉ុន IHI មានសង្ឃឹម​ខ្ពស់​សម្រាប់​ទីផ្សារ​នៅក្រៅ​ប្រទេស​របស់​បច្ចេក​វិទ្យា ដែល​ខ្លួន​កំពុង​ប្រឹងប្រែង​ផលិត​នេះ​។ សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ជា​គោលដៅ​សំខាន់​របស់ខ្លួន​៕
 

Tag:
 ជប៉ុន​
  ថាមពល​អគ្គិសនី​
 ​ទឹកសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com