នៅក្នុងភាសាខ្មែរ មានលក្ខណៈពិសេសត្រង់ថាមានជើងព្យញ្ជនៈពីរសរសេរដូចគ្នា គឺជើងព្យញ្ជនៈ«ត»និង«ដ»។ ជើងព្យព្ជានៈទាំងពីរនេះអាចនឹងធ្វើឲ្យពលរដ្ឋងាយនឹងច្រឡំគ្នាមែនទែន ប្រសិនបើមិនបានត្រួតពិនិត្យជាមុននោះ។
សូមលើកឧទាហរណ៍ជាក់ស្តែង ដូចជាពាក្យ«ផ្តិល»សរសេរជាជើង«ត» បង្ហាញថាវាជានាមសព្ទ តែ«ផ្ដិល»សរសេរជាជើង«ដ»បង្ហាញថាវាជាកិរិយាសព្ទ។ ពាក្យទាំងពីរនេះមានន័យខុសគ្នា មួយ«ផ្តិល»សរសេរជាជើង«ត» មានន័យថា ភាជនៈពួកមួយ មានគម្រប មានជើង ឬឥតគម្របឥតជើង ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ និងលង់ហិនជាដើម ឬអំពីប្រាក់មាស សម្រាប់ដងទឹក ឬដាក់ទឹកប្រើប្រាស់។ ជាទូទៅអ្នកខេត្តកំពតភាគច្រើនមិនហៅថា«ផ្តិល»ទេ តែពួកគេនិយាយថា«បោយទឹក»វិញ។
ចំណែកពាក្យ«ផ្ដិល»សរសេរជាជើង«ដ» វិញមានន័យថា ធ្វើឲ្យដាច់,ឲ្យកំបុត,ឲ្យផុត លែងមានតទៅទៀត។ ឧទាហរណ៍៖ ផ្ដិលកំបុតពូជ។
ផ្អែកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលប្រើដោយជើង «ត» មានដូចជា៖ កន្តើយ,មន្ត្រី,កិត្តិយស,កិត្តិនាម,មិត្ត,លក្ខន្តិក, ខន្តី,ប្រតិបត្តិ, បញ្ញត្តិ, ភស្តុតាង, ផ្តិតផ្តូង, ផ្តិល, ផ្តឹកៗ, កន្ត្រោង,កន្ត្រៃ។ល។
ចំពោះពាក្យដែលប្រើជើង «ដ» មានដូចជា៖ ក្ដាន់,ក្ដាប់,ក្តាម,ក្ដារខៀន, ក្ដី, ក្តាំង,ក្ដៅ,ក្ដិច,ក្ដឹប,ក្ដុងក្ដាំង, ក្ដុល, ក្ដឿង, ក្ដួល,ក្ដែងៗ, ភក្ដី,សម្ដែង,សម្ដី, ផ្តេសផ្ដាស,សណ្ដាប់,ស្ដាយ,ស្ដាំ,ស្ដុកស្តម្ភ,ទ្រឹស្ដី,សួស្ដី,ស្ដោះ,ប្ដី,ប្ដឹង,ប្ដូរ,ប្ដេជ្ញា,ផ្ដិត។ល៕